The Phnom Penh Post Search

Search form

បុរស​ ២ ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​អប់រំ ​ក្រោយ​លួច​ដាំ​កញ្ឆា​បន្លំ​នៅ​ក្នុង​ផើង​ផ្កា

Content image - Phnom Penh Post
ដើមកញ្ឆាដែលសមត្ថកិច្ចដឹកទៅបំផ្លាញក្រោយរកឃើញដាំក្នុងផើងផ្កា។ រូបថតៈ នាគមាស

បុរស​ ២ ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​អប់រំ ​ក្រោយ​លួច​ដាំ​កញ្ឆា​បន្លំ​នៅ​ក្នុង​ផើង​ផ្កា

ភ្នំពេញៈបុរស​ ២​ នាក់​ត្រូវ​បាន​នគរ​បាល​ក្រុង​ ខេមរ​ភូមិន្ទ​ ខេត្តកោះ​កុង ​ចាប់​ឃាត់​ខ្លួន​មក​អប់​រំជា​ច្រើន​ម៉ោង ​ក្រោយ​ពី​ពួក​គាត់​បាន​លួច​លាក់​ដាំ​កញ្ឆា​ក្នុង​ផើង​លាយ​ឡំ​ជា​មួយ​ផើង​ផ្កា​ចម្រុះ​ពណ៌ ​ដើម្បី​បំភាន់​ភ្នែក​សមត្ថ​កិច្ច​។

លោក ​ហេង ​លាង ​អធិ​ការ​ក្រុង​ខេមរ​ភូមិន្ទ​បាន​ថ្លែង​ថា​ ការ​ស្រាវ​ជ្រាវ​និង​បង្ក្រាប​បទ​ល្មើស​ដាំ​ដំណាំ​កញ្ឆា​នេះ​បាន​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​រក​ឃើញ​ដំណាំ​កញ្ឆា​ ៣៤ ​ដើម​ ដែល​ត្រូវ​បាន​បុរស ​២ ​នាក់​នៅ​ផ្ទះ​ផ្សេង​គ្នា​ក្នុង​ភូមិ ​ព្រែក​ស្វាយ ​សង្កាត់​ ស្ទឹង​វែង លួច​ដាំ​បង្កប់​ក្នុង​ផើង​ផ្កា​ចម្រុះ​ពណ៌​ដែល​តាំង​នៅ​មុខ​ទ្វារ​ផ្ទះ​ខ្លួន​ដោយ​ខុស​ច្បាប់​។

លោក​ ហេង ​លាង ​បាន​បន្ត​ថា បុរស​ ២ ​នាក់​នោះ​ ម្នាក់​ឈ្មោះ​ ជិត​ វ៉ាន់​ឆៃ ​អាយុ​ ៣៧ ​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ​នូ ​លៀម​ អាយុ​ ៥២ ​ឆ្នាំ អ្ន​ក​ទាំង​ពីរ​ត្រូវ​បាន​នាំ​ទៅ​សួរ​និង​អប់រំ​នៅ​អធិ​ការ​ដ្ឋាន​​នគរ​បាល​ក្រុង​ ខេមរ​ភូមិន្ទ​ អស់​ពេល​ជាង ​២ ​ម៉ោង​ ទើប​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ក្រោយ​ពួក​គេ​ព្រម​ចុះ​កិច្ច​សន្យា​បញ្ឈប់​​សកម្ម​ភាព​​។

លោក​បាន​បញ្ជាក់​ថា៖​ «យើង​បាន​ដោះ​លែង​ពួក​គាត់​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ហើយ​ កាល​ពី​ម្សិល​មិញ​ ក្រោយ​ពី​បាន​ អប់រំ​ឲ្យ​ពួក​គាត់​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ដាំ​ដុះ​កញ្ឆា​។ ចំណែក​វត្ថុ​តាង​ដើម​កញ្ឆា​ចំនួន​ ៣៤ ដើម​ត្រូវ​បាន​នាំ​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ»​។

យោង​តាម​របាយ​ការណ៍​សាក​សួរ​ បុរស​ទាំង ​២​ នាក់​បាន​សារ​ភាព​ថា ​ពួក​គាត់​ដាំ​កញ្ឆា​នោះ​គឺ​ដើម្បី​តាំង​លម្អ​ផ្ទះផ​ងនិ​ង ទុក​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​ផង ដូច​ជា​ដាក់​បង់​ក្នុង​សម្ល​ស៊ុប​ឬ​បបរ​មាន់​ជា​ដើម​។

យ៉ាង​ណា​ក្ដី​ដំ​ណាំ​កញ្ឆា​ជា​ដំណាំ​ដែល​ត្រូវ​បាន​ហាម​ដោយ​ច្បាប់​ស្ដី​ពី​គ្រឿង​ញៀន​ព្រោះ​កញ្ឆា​មាន​សារ​ធាតុ​ញៀន​ប៉ះ​ពាល់​ដល់​សុខ​ភាព ពិ​សេស​ខូច​ប្រព័ន្ធ​សរ​សៃ​ប្រ​សាទ​និង​បង្ក​ឲ្យ​មាន​បញ្ហា​ជំងឺ​បេះ​ដូង​៕

អត្ថបទគួរចាប់អារម្មណ៍