ភ្នំពេញៈ ​បុរ​ស ២ នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​​ពាក់​ព័ន្ធក្នុង​ករណី​ចោទប្រ​កាន់​ពី​បទ​លួច​លុយ​ចំ​នួន​ ២ លាន​ដុល្លារ​សហ​រដ្ឋ​អា​មេរិក ​ពី​ក្រុម​ហ៊ុន​មួយ​ក្នុង​អំឡុង​ពេល​ដែល​ម្ចាស់​ក្រុម​ហ៊ុន​មួយ​នេះ​ប្រើ​ឲ្យ​ទៅ​បើក​លុយ។​

​លោក​ ​ស​ ថេត​ ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បា​ន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​នោះ​ឈ្មោះ​ អៀម​ សំ​អន​ ភេទប្រុស​ អាយុ​ ៣៧​ ឆ្នាំ​មាន​មុខ​របរ​ជា​យោធា​បម្រើ​ការងារ​នៅ​នាយក​ដ្ឋាន​កង​អង្គ​រក្ស​មាន​ឋានៈ​អនុ​សេនី​យ៍​ឯក​ និង​បក្ខ​ពួក​ម្នាក់​ទៀត​ ដែល​ត្រូវ​បាន​ចោទ​ប្រ​កាន់​លួច​លុយ​ ២ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

​លោក​ ថេត​ បាន​ថ្លែងថា​ សមត្ថ​កិច្ច​កំ​ពុង​ស្រាវ​ជ្រាវ​ស្វែង​រក​អ្នក​ជាប់​ពាក់​ព័ន្ធ​បន្ថែម​ ប៉ុន្តែ​បដិ​សេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ខណៈ​ការ​ស៊ើប​អង្កេត​កំពុង​តែ​ដំណើរការ។​

​លោក​ ឆាយ ​គីម​ខឿន ​អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ​ ​បាន​មាន​ប្រ​សាសន៍​ថា​ កម្លាំង​នគរ​បាល​ ព្រហ្ម​ទណ្ឌ​ក្រសួង​ ​បាន​សហ​ការ​ជា​មួយ​នគរ​បាល​ខណ្ឌ​សែន​សុខ​ ​បាន​ចាប់​ខ្លួន​មន្ត្រី​បម្រើ​កា​រ​ងារ​នៅ​នាយក​ដ្ឋាន​កង​អង្គ​រក្ស​ម្នាក់​ និង​ជន​សង្ស័យ​ម្នាក់​ទៀត​បន្ទាប់​ពី​ពួក​គេ​បាន​​លួច​លុយ​ជាង ​២ ​លាន​ដុល្លារ​អាមេរិក​ ​ពី​ក្រុមហ៊ុន​ឯកជន​មួយ។

លោក​បញ្ជាក់​ថា​៖​ «​គាត់​ពាក់​ព័ន្ធ​លួច​លុយ​របស់​ក្រុម​ហ៊ុន​។​ ថៅ​កែ ​(​ក្រុម​ហ៊ុន)​ បាន​ឲ្យ​អ្នក​បើក​បរ​ទៅ​បើក​លុយ​ហើយ​អ្នក​បើក​ប​រ​បាន​យក​លុយ​រត់។​ ​យើង​បាន​ចាប់​ម្នាក់​នៅ​ស្វាយ​រៀង​ ហើយ​គាត់​បាន​ឆ្លើយ​ថា​គាត់​ ​(អៀ​ម​ ​សំអន​)​។ ​គាត់​គឺ​ជា​មន្ត្រី​នៅ​បញ្ជា​ការ​ដ្ឋាន​អង្គរក្ស​ដែល​មាន​ឋានៈ​អនុ​សេនី​យ៍​ឯក​ហើយ​ឥឡូវ​នេះ​ ​យើង​បាន​បញ្ជូន​​ទៅ​ខាង​ស្នង​ការ​រា​ជ​ធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​បន្ត។​ហើយ​ពេល​ចាប់​បាន​អ្នក​បើក​បរ​ ​ហើយ​អ្នក​បើក​បរបាន​ឆ្លើយ​ថា​គាត់​ ​(​អៀម​ ​សំអន​)​ ​បាន​ជាប់​ពាក់ព័ន្ធ»។​

​លោក​ គីម​ខឿន ថ្លែង​ថា​ ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ភូមិ​បា​យ៉ាប​ ​សង្កាត់​ភ្នំពេញ​ថ្មី៕