ស្ទឹងត្រែង: បុរស​ ២ ​នាក់​ រួចផុតពី​សេចក្ដី​ស្លាប់ ក្រោយពី​រង​ការវាយប្រហារ​ដោយ​សត្វ​ខ្លាឃ្មុំ​ព្រៃ​ដែល​ជា​ខ្លាញី​កាល​ស្ថិត​ក្នុង​តំបន់​ខ្នងភ្នំ​មួយ​ដែល​អ្នកភូមិ​ហៅថា​ភ្នំ​ការនូម ចម្ងាយ​​ប្រមាណ ៣ ​គីឡូម៉ែត្រ​ពី​ភូមិ​គិរីវង្សាលើ ឃុំ​សន្តិភាព ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង​។

លោក ឃុន ដាវី អធិការរង​នគរបាល​ស្រុក​សៀមប៉ាង​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ជនរងគ្រោះ​ទាំង​ ២ ​នាក់​នេះ​ម្នាក់​ឈ្មោះ​​ អើយ រ៉េ ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ និង​ឈ្មោះ​ អេន ញ៉ាំ ភេទ​ប្រុស​អាយុ​ ២៩ ​ឆ្នាំ​ទាំង​ ២ ​នាក់​ជា​​ជនជាតិ​ភាគតិច​កាវែត​។ ពួកគេ​រងរបួស​ធ្ងន់ធ្ងរ​ដោយសារ​សត្វ​ខ្លាំ​ឃ្មុំ​ដេញ​ខាំ​ទាំង​កំរោល​ក្នុង​អំឡុងពេល​កំពុង​ដើរ​រើស​ផ្លែ​សំរង​នៅលើ​ខ្នងភ្នំ​កាលពី​ថ្ងៃទី​ ៧ ខែ​មេសា​។

លោក ដាវី ថ្លែងថា​៖ «​ពួកគាត់​បាន​រួច​ផុតពី​ការស្លាប់​ហើយ​បន្ទាប់ពី​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង​បាន​ជួយសង្គ្រោះ និង​ព្យាបាល​ជូន​ពួកគាត់ ក្រោយពី​សាច់ញាតិ​បញ្ជូន​មក​មន្ទីរពេទ្យ​ទាន់​ពេលវេលា​»​។

លោក​ថា ពួកគេ​ទាំង​ ២ ​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ​លើ​ផ្ទៃមុខ​ និង​ម្នាក់​បាត់បង់​ភ្នែក​ម្ខាង​ដោយសារ​សត្វ​ខ្លាឃ្មុំ​ញី​ ១ ​ក្បាល​បាន​រត់​មក​ដេញ​ខាំ​ជនរងគ្រោះ​ទាំង​ ២ ​នាក់ ខណៈ​​ពួកគេ​ចូល​ព្រៃ​ដើរ​រើស​ផ្លែ​សំរង​នៅលើ​ខ្នងភ្នំ​មួយ​ដែល​អ្នកភូមិ​ហៅថា​ភ្នំ​ការនូម​ស្ថិត​នៅ​ប្រមាណ ៣ ​គីឡូម៉ែត្រ​ពី​ភូមិ​ប្រជាពលរដ្ឋ​។

លោក​ ដាវី ថ្លែងថា​៖ «​ពេល​សមត្ថកិច្ច​ទៅដល់​កន្លែង​កើតហេតុ​ហ្នឹង​គឺ​សាច់ញាតិ​ជនរងគ្រោះ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្ទឹងត្រែង​រួចរាល់​ហើយ​ដោយ​យើង​បាន​ទៅពិនិត្យ​ដល់​កន្លែង​កើតហេតុ​ និង​សាកសួរ​អ្នកភូមិ​គឺ​ពិតជា​មាន​សត្វ​ខ្លាឃ្មុំ​ខាំ​មែន​។ ក្រោយមក​សមត្ថកិច្ច​បាន​ទៅ​ជួប​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យ​ទៀត​ដើម្បី​សាកសួរ​ពី​រឿងហេតុ​នេះហើយ​យើង​ឃើញ​ថា ស្ថានភាព​ជំងឺ​គាត់​លែង​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ​»​។

លោក ស៊ីន សុវណ្ណារី នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​សន្ដិភាព​បាន​ថ្លែង​ពី​ម្សិលមិញ​ថា រហូត​មក​ដល់​ថ្ងៃទី​ ៩ ខែមេសា គឺ​ពួកគាត់​បាន​ធូរ​ច្រើន​ហើយ​និយាយ​រួម​គឺ​គាត់​ផុតពី​ការស្លាប់​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​អស់ហើយ​បើ​អ៊ីចឹង​ខ្ញុំ​អត់​និយាយ​អ្វី​ច្រើន​លើស​ពី​នេះ​ទេ​»​។

លោក អើយ រ៉េ និង​លោក អេន ញ៉ាំ អ្នក​ទាំង​ ២ ​ជា​ជនជាតិ​ដើម​ភាគតិច​កាវែត និង​ជា​ជនរងគ្រោះ​ក្នុង​ករណី​នេះ​ពី​ម្សិលមិញ​មិន​អាច​ស្វែងរក​​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណី​នេះ​បាន​ទេ​។

ប៉ុន្ដែ​លោក​ ឃុន ដាវី អធិការរង​នគរបាល​ស្រុក​សៀមប៉ាង​បាន​ដកស្រង់​សម្តី​ជនរងគ្រោះ​ឈ្មោះ​ អេន ញ៉ាំ ជា​អ្នករងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ ២ ​នាក់​បាន​​និយាយ​រៀបរាប់​ពី​ដើម​ហេតុថា​ពួកគាត់​ទាំង​ ២ ​នាក់​បាន​នាំគ្នា​ឡើងទៅ​លើ​ភ្នំ​ការនូម​ដែល​នៅ​ជិត​ភូមិ​ដើម្បី​ដើរ​រើស​ផ្លែ​សំរង​យកមក​លក់​នៅឯ​ផ្សារ​ដូច​សព្វមួយ​ដង​ ប៉ុន្ដែ​នៅពេល​ឡើង​មក​ដល់​ចង្កេះភ្នំ ស្រាប់តែ​ពួកគាត់​ប្រទះឃើញ​សត្វ​ខ្លាឃ្មុំ​ញី​ ១ ​ក្បាល​កំពុង​បណ្ដើរកូន​ ២ ​ក្បាល​ទៀត​។

លោក ដាវី បាន​ឲ្យ​ដឹង​បន្តថា​ភ្លាមៗ​នោះ​ពួកគាត់​មិនបាន​និយាយ​ ឬ​ធ្វើ​សកម្មភាព​អ្វី​ជាមួយ​សត្វ​ខ្លាឃ្មុំ​នោះទេ​ដោយ​នាំគ្នា​ដើរ​វាង​សំដៅទៅ​រើស​ផ្លែ​សំរង​ដែល​នៅ​ក្បែរ​នោះ​ពេល​ជនរងគ្រោះ​ឈ្មោះ​ អើយ រ៉េ បាន​ឱន​រើស​ផ្លែ​សំរង​ស្រាប់តែ​មេខ្លា​ឃ្មុំ​ញី​រត់​សំដៅ​មក​ពួកគាត់​ទាំង​ ២ ​នាក់​តែម្ដង​។

អំឡុង​ពេល​នោះ​ពួកគាត់​ព្យាយាម​រត់គេច​ពី​ខ្លាឃ្មុំ​នោះ​ ប៉ុន្ដែ​រត់​មិន​រួចហើយ​ក៏​នៅ​តតាំង​ជាមួយ​សត្វ​ខ្លាឃ្មុំ​។ ខណៈ​តតាំង​គ្នា​នោះ​ឈ្មោះ​ អើយ រ៉េ ត្រូវបាន​សត្វ​ខ្លាឃ្មុំ​ខ្វេះ​ភ្នែក​ម្ខាង​ និង​ខាំ​លើ​ផ្ទៃមុខ​ស្ទើរតែ​មើល​មិន​ស្គាល់​រីឯ​ឈ្មោះ​ អេន ញ៉ាំ ក៏​រងរបួស​លើ​ផ្ទៃមុខ​ដែរ​ ប៉ុន្ដែ​មិន​ធ្ងន់ធ្ងរ​ខ្លាំងពេក​ទេ​។ បន្ទាប់មក​ អេន ញ៉ាំ បាន​ទូរស័ព្ទ​ហៅ​អ្នកភូមិ​នៅ​ទីនោះ​មកជួយ​យកទៅ​មន្ទីរពេទ្យ​៕