ភ្នំពេញៈ បុរស​ជា​កម្មករសំណង់​ ២ ​នាក់​បាន​ស្លាប់ ​ក្នុងពេល​ដែល​កំពុង​លូន​ចូល​ទៅក្នុង​លូបង្ហូរទឹក​ស្អុយ​ ដើម្បី​តាម​ចាប់​សត្វ​ទា​ ១ ​ក្បាល ​កាលពី​រសៀល​ថ្ងៃទី​ ៤ ខែមេសា នៅ​ភូមិ​ត្រពាំងវៀន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជនរងគ្រោះ​អាច​ថប់​ខ្យល់​ស្លាប់​ព្រោះ​ក្នុង​លូ​នោះ​គ្មាន​ទឹក​ទេ​។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាល​ខណ្ឌ​សែនសុខ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​ទាំង​ ២ ​នោះ​ឈ្មោះ អៀង ចាន់អាន អាយុ​ ២៦ ​ឆ្នាំ​ ជា​កម្មករសំណង់ និង​ម្នាក់ទៀត​ឈ្មោះ ផាន់ សីហា ភេទ​ប្រុស អាយុ​ ២៤ ​ឆ្នាំ​ មាន​ស្រុកកំណើត​ភូមិ​ត្រពាំងស្តៅ ឃុំ​ត្រពាំងស្តៅ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​។

លោក​ប្រាប់ថា​៖ «​នៅក្នុង​លូ​នោះ​គ្មាន​ទឹកស្អុយ​ទេ​ហើយ​ពួកគាត់​ស្លាប់​អាច​មកពី​ថប់ដង្ហើម​ដោយសារ​គ្មាន​ខ្យល់​»​។

តាម​របាយការណ៍​សមត្ថកិច្ច​ដែល​ស្រង់​តាម​សម្តី​សាក្សី​ថា នៅ​វេលា​ម៉ោង​ ២ ​រសៀល​ថ្ងៃទី​ ៤ ​ខែ​មេសា​បុរស​ទាំង​ ២ ​នោះ​បាន​លូន​ចូលក្នុង​លូ​ជា​បន្តបន្ទាប់​គ្នា​ដើម្បី​ដេញ​សត្វ​ទា​ ១ ​ក្បាល​ក្រោយពី​សត្វ​ទា​នោះ​បាន​រត់​ចូលក្នុង​លូទឹកស្អុយ​នៅ​ទីនោះ​។

ពេលនោះ​បុរស​ទី​ ១ ​ចូលទៅក្នុង​លូ​អស់​ពេល​ជា​យូរ​ហើយ​មិនឃើញ​ចេញមក​វិញ​ស្រាប់តែ​បុរស​ទី​ ២ ​លូន​ចូល​តាម ហើយ​ក៏​បាត់​ទាំង​ ២ ​នាក់​ទៅ​។

របាយការណ៍​បង្ហាញ​បន្តថា គ្រា​នោះ​ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​ទី​ ១ ​ដែល​អង្គុយចាំ​ប្តី​នៅ​មាត់​លូ​មិន​ឃើញ​ប្តី​របស់​ខ្លួន​ចេញ​មក​ក្រៅ​វិញ​ហើយ​បាត់​ទាំង​ជន​ទី​ ២ ​ទៀត​នោះបាន​ភ័យ រត់​ទៅ​ប្រាប់​អ្នកភូមិ​ក្រោយ​មក​អ្នកភូមិ​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​។ បន្ទាប់មក​អាជ្ញាធរ​មូលដ្ឋាន​រួមទាំង​នគរបាល​ប៉ុស្តិ៍​ក្រាំងធ្នង់​ជួយ​អន្តរាគមន៍​កាយ​តាម​រក​ជនរងគ្រោះ​ទើប​ប្រទះឃើញ​បុរស​ទាំង​ ២ ​នាក់​ ដែល​បាត់​ក្នុង​លូ​នោះ​ស្លាប់​៕