
បុរស ២ នាក់ដែលត្រូវបានចាប់ខ្លួនករណីនាំពលរដ្ឋទន្ទ្រានដីរដ្ឋនៅរាម។ សហការី
ព្រះសីហនុៈ ជនសង្ស័យជាមេខ្លោង ២ នាក់ ដែលបានដឹកនាំប្រជាពលរដ្ឋប្រមាណ ៣០ នាក់មកកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់ នៅតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ក្នុងខេត្តព្រះសីហនុ ធ្វើជាកម្មសិទ្ធិ ត្រូវបានសមត្ថកិច្ចខេត្ដ ចាប់ខ្លួនកាលពីថ្ងៃទី ២៣ មីនា។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា ជនសង្ស័យជាមេខ្លោងទាំង ២ នាក់មានឈ្មោះស៊ឹប ពន្លក រស់នៅភូមិ ករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបងជាអាណិកជនមក ពី សហរដ្ឋអាមេរិក និងឈ្មោះតាំង កែន រស់នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទ «ល្មើសនឹងច្បាប់ស្តីពីការការពារតំបន់ធម្មជាតិ» នៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៩ ហើយត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការជំនុំជម្រះតាមច្បាប់។
លោកបន្ដថា មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិព្រះសីហនុ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលសាលាស្រុក បានចុះទប់ស្កាត់ និងបង្ក្រាបការកាប់រានឈូសឆាយដីព្រៃ សង់ខ្ទមអនាធិបតេយ្យ និងទើបដាំដំណាំថ្មីៗ នៅចំណុចព្រែកត្របែក ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតំបន់វិនិយោគក្រុមហ៊ុន អេវើហ្រ្គីន ដែលទទួលបានសិទិ្ធវិនិយោគនៅក្នុងឧទ្យានជាតិព្រះសីហនុ។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ «ក្រុមការងារចម្រុះបានណែនាំឲ្យម្ចាស់សំណង់ខ្ទមអនាធិបតេយ្យឈ្មោះស៊ឹប ពន្លក បញ្ឈប់សកម្មភាពនិងធ្វើការរុះរើសំណង់ខុសច្បាប់នោះចេញវិញដោយខ្លួនឯង តែបុរសរូបនេះមិនព្រមសហការជាមួយនឹងក្រុមការងារចម្រុះឡើយ ហើយនៅតែបន្តផ្គើន និងធ្វើសកម្មភាពខុសច្បាប់សាងសង់សំណង់អនាធិបតេយ្យខុសច្បាប់ និងកាប់ទន្ទ្រានព្រៃខុសច្បាប់»។
លោកបានបន្ថែមថា៖ «ក្រុមការងារចម្រុះចុះបង្ក្រាបបទល្មើសបានសម្រេចធ្វើការឃាត់ខ្លួន ជនសង្ស័យជាមេខ្លោង ចំនួន ២ នាក់ យកមកស្នងការនគរបាលខេត្តព្រះសីហនុដើម្បីធ្វើការសួរនាំ និងសម្រេចឃុំខ្លួនកាលពីម្សិលមិញ»។
លោក ភក្ត្រា បានឲ្យដឹងថា កាលពីថ្ងៃទី ២៣ ខែ មីនា ក្រសួងបរិស្ថានបានព្រមានចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលបាន និងកំពុងកាន់កាប់ និងលក់ដូរដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ខេត្តព្រះសីហនុត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពល្មើសច្បាប់នេះ។ បើនៅតែបន្តសកម្មភាពទិញលក់ដូរដីធ្លីក្នុងឧទ្យានជាតិនេះ ដោយខុសច្បាប់ នឹងត្រូវប្រឈមមុខច្បាប់។
ការព្រមានរបស់ក្រសួងបរិស្ថានធ្វើឡើង ខណៈមានជនខិលខូចមួយចំនួនបាននិងកំពុង ប្រកាសលក់ដីពុះឡូត៍ថ្មីៗយ៉ាងអនាធិបតេយ្យ ដែលមានទីតាំងក្នុងតំបន់ឧទ្យានជាតិរាម ដែលជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់សាធារណជន ដែលកំពុងព្យាយាមទិញដីធ្លីនៅតំបន់ឧទ្យានជាតិរាមថា៖ «សូមបងប្អូនមេត្តា មានការប្រុងប្រយ័ត្ន ព្រោះការទិញលក់ដូរដីស្ថិតក្នុងតំបន់ការពារធម្មជាតិជាទង្វើខុសច្បាប់ ហើយជនប្រព្រឹត្តល្មើសច្បាប់នឹងអាចត្រូវប្រឈមមុខច្បាប់»។
លោកបញ្ជាក់ទៀតថា៖ «គ្មានជនណាម្នាក់មានសិទ្ធិយកដីរដ្ឋទៅលក់ដូរ និងចេញបណ្ណកម្មសិទ្ធិឲ្យបុគ្គលណាបានឡើយ។ ប្រសិនបើបងប្អូនបន្តសកម្មភាពទិញដូរដីធ្លីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិក្រោមការបោកប្រាស់របស់ជនខិលខូចនោះ អាចធ្វើឲ្យបងប្អូនខាតបង់ប្រាក់ឥតប្រយោជន៍បើសិនអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវឃើញថា ដីធ្វើការទិញដូរនោះស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ»។
លោកបន្ថែមថា ជនល្មើសដែលទៅកាប់រុករានទទ្ទ្រានដីរដ្ឋដោយខុសច្បាប់ ក៏ដូចជាទៅចាប់ដីលើកម្មសិទ្ធិឯកជននៅខេត្តព្រះសីហនុជាច្រើនករណីបាននិងកំពុងតែត្រូវបានចាប់ខ្លួន និងចោទប្រកាន់ រង់ចាំការជំនុំជម្រះក្តីចំពោះបទល្មើសដែលខ្លួនប្រព្រឹត្តប្រឆាំងនឹងច្បាប់ស្តីពីតំបន់ការពារតំបន់ធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់។
តំបន់រាមមានផ្ទៃដីទំហំ ១៥ ០០០ ហិកតាត្រូវបានបង្កើតជាឧទ្យានជាតិព្រះសីហនុ (រាម) ដោយព្រះរាជក្រឹត្យនៅឆ្នាំ ១៩៩៣។
លោកភក្ដ្រា ឲ្យដឹងថា ដោយសារតែដីនៅខេត្តព្រះសីហនុមានសម្ទុះតម្លៃដីឡើងថ្លៃ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចលនានៃការកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ក្រុមជនខិលខូចបន្តកើតមាន ដែលខ្លះមានការរំលោភកាន់កាប់ដីខុសច្បាប់ពីជនខិលខូចលើដីជាទ្រព្យសម្បត្តិរដ្ឋ និងជាដីរបស់ឯកជនខ្លះ ទោះបីជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំទប់ស្កាត់បង្ក្រាបក៏ដោយ។
លោកបន្ដថា កន្លងមកការទន្ទ្រានរុករានកាន់កាប់ដីដោយខុសច្បាប់របស់បងប្អូនប្រជាពលរដ្ឋខ្លះ ត្រូវបានធ្វើឡើងក្រោមការបំផុសពីឈ្មួញរកស៊ីដីធ្លីដែលពួកគេបានញុះញង់ឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន រំលោភបំពានច្បាប់ និងបំផ្លាញធនធានធម្មជាតិក្រោមច្រើនរូបភាព ដូចជា ការដាំដំណាំចេក ស្វាយ ខ្នុរ ដើមអាកាស្យា ជាដើម ដើម្បីបន្លំថាជាដី និងដំណាំដែលខ្លួនបានកាន់កាប់និងអាស្រ័យផលជាកម្មសិទ្ធិ ឬខ្លួនបានគ្រប់គ្រងជាយូរមកហើយ។ ជាងនេះទៀត មានដូចជាការបោះព្រំដី ការត្រាយព្រៃតូចៗឱ្យងាប់ រួចដុតសម្អាត សម្រាប់ដាំដំណាំតាមរដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ។ល។
លោកបន្តថា៖ «កន្លងមក ក្នុងករណីមានការបង្ក្រាប ឬបដិសេធការផ្តល់កម្មសិទ្ធិ ក្រុមឈ្មួញបានញុះញង់ឲ្យមានការតវ៉ា និងពេលខ្លះឡើងមកតវ៉ានៅរាជធានីភ្នំពេញ ហើយត្រូវបានបំពងសំឡេង ដោយក្រុមអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សមួយចំនួនថា ជាការរំលោភបំពានលើសិទ្ធិមនុស្ស និងសិទ្ធិលំនៅឋានជាដើម។ តាមពិត នេះគឺជាការរំលោភច្បាប់យ៉ាងច្បាស់»។
ដើម្បីទប់ស្កាត់នូវរូបភាពការទន្ទ្រានកាន់កាប់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានដោយសហការ ជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដូចបានរៀបរាប់ខាងលើ ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។
លោកបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋណាខ្វះដីពិតប្រាកដ សូមដាក់សំណើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរ មិនគួរទន្ទ្រាន កាប់ឆ្ការព្រៃ កាន់កាប់ដីរដ្ឋដោយខុសច្បាប់ឡើយ។ ជនទាំងឡាយដែលបំពាននឹងត្រូវប្រឈមមុខច្បាប់។
លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះសីហនុ និងជាអ្នកនាំពាក្យ ប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញ ថាជនសង្ស័យទាំង ២ រូប៖ «នៅមិនទាន់បញ្ជូនមកទេ ឥឡូវគេកំពុងសាកសួរ»។
លោក សាមុត សុធារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យទាំង ២ រូបជាមេខ្លោង មិនសហការជាមួយអាជ្ញាធរ នៅពេលអាជ្ញាធរចុះហាមឃាត់ជាច្រើនលើក ប៉ុន្តែបែរជាបំពានលើសដើម សមត្ថកិច្ចក៏សម្រេចឃាត់ខ្លួនពួកគាត់តែម្ដង។
លោកបន្ដថា៖ «ពួកគាត់ជាអ្នកនាំប្រជាជនមកទន្រ្ទានដីធ្លីនេះ ពួកគាត់ឆ្លើយអ៊ីចឹង។ ពួកគាត់នាំពលរដ្ឋមកតាំងពីខេត្ដបាត់ដំបងក៏មាន មកទន្រ្ទានដីនៅខេត្ដយើង។ ដំបូងយើងណែនាំគាត់ តែគាត់មិនស្ដាប់ឲ្យពួកគាត់រុះរើចេញពីដីដែលទន្រ្ទាននោះចេញវិញ តែពួកគាត់មិនព្រម បែរជាតដៃជាមួយអាជ្ញាធរវិញ ទើបសម្រេចឲ្យអញ្ជើញពួកគាត់មកសួរនាំនេះ»។
គួរបញ្ជាក់ថា ជនសង្ស័យជាមេខ្លោងដឹកនាំពលរដ្ឋទៅរំលោភយកដីរដ្ឋ និងឯកជន ចំនួន ១១ នាក់ ត្រូវបានសមត្ថកិច្ចខេត្ដព្រះសីហនុចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ជាបន្ដបន្ទាប់ក្នុងអំឡុងខែមីនានេះ ហើយត្រូវបានតុលាការខេត្ដព្រះសីហនុសម្រេចចោទប្រកាន់និងឃុំខ្លួនលើករណីដឹកនាំប្រជាពលរដ្ឋទៅបោះបង្គោលវាតយកដីរដ្ឋ និងដីឯកជនដោយអនាធិបតេយ្យ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ៕