ភ្នំពេញៈ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃអាទិត្យ​បាន​បង្គាប់​ឲ្យ​នាំ​ជនសង្ស័យ​ ២ ​នាក់​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​ ១៦ ​គីឡូក្រាម​មក​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​វិញ ដើម្បី​រង់ចាំ​ដំណើរការ​នីតិវិធី​សាកសួរ​ជា​បន្តទៀត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។

លោក ឡឹក វណ្ណៈ នាយកមន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ថា ជនសង្ស័យ​ឈ្មោះ សឿង ធាវ៉ា អាយុ​ ៣៧ ​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ អឿង ឌីចាន់ណា អាយុ​ ៣៧ ​ឆ្នាំ​ ​ត្រូវ​បាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់​ឃាត់ខ្លួន​ជាមួយ​នឹង​ថ្នាំញៀន​សរុប​ ១៦,៥ ​គីឡូក្រាម​។ ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាំង​ ២ ​នេះ​បានធ្វើ​ឡើង​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ២ ដល់​ថ្ងៃទី​ ៣ ​ខែ មេសា ឆ្នាំ​ ២០២០​។

លោក វណ្ណៈ បាន​បន្ត​ថា​នៅ​យប់​ថ្ងៃទី​ ២ ខែ​ មេសា ឆ្នាំ​ ២០២០ កម្លាំង​នគរបាល​មន្ទីរប្រឆាំង​គ្រឿងញៀន​បាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ​ សឿង ធាវ៉ា នៅ​ចំណុច​ផ្លូវ​លេខ​ ១៦៣ ស្ថិតក្នុង​សង្កាត់​ បឹងកេងកង​ ២ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ​ ដោយ​រឹបអូស​គ្រឿងញៀន​ប្រភេទ​អៃស៍មេតំហ្វេតាមីន​ទម្ងន់​កន្លះ​គីឡូក្រាម​។

ក្រោយ​ការសាកសួរ​ជនសង្ស័យ​ខាងលើ​នេះ​នៅ​ថ្ងៃទី​ ៣ ខែ​ មេសា ឆ្នាំ​ ២០២០ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរប្រឆាំង​គ្រឿងញៀន​បាន​បន្ត​ធ្វើការ​ឆែកឆេរ និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ អឿង ឌីចាន់ណា នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​បាន​រឹបអូស​គ្រឿងញៀន​ប្រភេទ​អៃស៍មេតំហ្វេតាមីន​ ១៦ ​ដុំ​ស្មើ​ ១៦ ​គីឡូក្រាម​។

លោក​ថា​៖ «​ជនសង្ស័យ​ទាំង​ ២ ​នាក់ និង​វត្ថុតាង​ត្រូវ​បាន​មន្ត្រី​ជំនាញ​យើង កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃអាទិត្យ​ [​ម្សិលមិញ​] ​នេះ ប៉ុន្តែ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ​បាន​បង្គាប់​ឲ្យ​នាំយក​ជនសង្ស័យ​ទាំង​ ២ មក​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​វិញ​ដើម្បី​រង់ចាំ​ដំណើរការ​នីតិវិធី​សាកសួរ​ជា​បន្តទៀត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​»​។

ករណី​ដោយឡែក កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​ ៣ ​ខែ មេសា ឆ្នាំ​ ២០២០ បាន​ចាប់​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ងួន ប្រុស អាយុ​ ៣៧ ​ឆ្នាំ​ ស្នាក់នៅ​ភូមិ​តាតិប សង្កាត់​ក្រុង​បាវិត​តាម​ដីកា​​ឲ្យ​នាំខ្លួន​របស់​តុលាការ​ខេត្ត​ស្វាយរៀង​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​។ នេះ​បើតាម​លោក ស្រី វុត្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​។

លោក វុត្ថា បាន​បញ្ជាក់ថា​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ស្វាយរៀង​បញ្ជូន​ទៅ​ឲ្យ​ខាង​សមត្ថកិច្ច​ជំនាញ​ជា​អ្នកអនុវត្ត​នីតិវិធី​បន្ត​។

លោក កឹង ឃន ស្នងការ​នគរបាល​ខេត្តស្វាយរៀង​បាន​ថ្លែងថា ជនសង្ស័យ​កំពុង​ស្ថិតក្រោម​នីតិវិធី​នៃ​ការ​ស៊ើបសួរ​របស់​មន្ត្រី​ជំនាញ​៕