មណ្ឌលគិរីៈ បុរស​សង្ស័យ​ ២ ​នាក់​ត្រូវ​តុលាការខេត្ត​មណ្ឌលគិរី​ឃុំខ្លួន​កាលពី​ថ្ងៃទី​ ២៣ មីនា បន្ទាប់ពី​មន្ត្រី​ការពារ​ក្នុង​តំបន់​នោះ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ២២ មីនា នៅពេល​ដែល​ក្រុម​ជនសង្ស័យ​កំពុង​លួច​អារ​ដើម​ស្រឡៅ​ ៣ ​ដើម​ ដែល​ពួកគេ​លួច​ចូល​កាប់​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​។

លោក ព្រំ វិបុលរតនៈ ប្រធាន​ដែនជម្រក​សត្វព្រៃ​កែវសីមា​នៃ​ខេត្ត​មណ្ឌលគិរី បាន​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ជនសង្ស័យ​ដែល​ឃុំខ្លួន​ឈ្មោះ ស្រឿង នីរ៉ូ ភេទ​ប្រុស មាន​អាយុ ៣៦ ​ឆ្នាំ​ រស់នៅ​ភូមិ​អូរអាម ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី និង ឈ្មោះ ជា ឬស្យា ភេទ​ប្រុស អាយុ​ ២១ ​ឆ្នាំ​រស់នៅ​ភូមិ​អូរអាម ឃុំ​ស្រែខ្ទុម ស្រុ​កែវសីមា ខេត្តមណ្ឌលគិរី​។

លោក វិបុលរតនៈ បាន​ថ្លែង​បន្តទៀត​ថា​៖ «​លោក ទៀង សុថា ចៅក្រម​ស៊ើបសួរ​ចេញ​ដីកាឃុំខ្លួន​ និង​ត្រូវ​ចោទ​តាម​មាត្រា​ ៥៦ ​និង​មាត្រា​ ៦០ ​នៃ​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​»​។

លោក វិបុលរតនៈ បានឱ្យដឹងថា កម្លាំង​របស់លោក​មាន​គ្នា​ ៥ ​នាក់​បាន​នាំគ្នា​ដើរល្បាត​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា​រហូត​ដល់​វេលា​ម៉ោង​ជិត​ ១២ ​យប់​ថ្ងៃទី​ ២២ មីនា ស្រាប់តែ​ឮ​សំឡេង​អារឈើ​។

ពេលនោះ​កម្លាំង​របស់លោក​ដែលមាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ចូលរួម​ផង​នោះបាន​ដើរ​សំដៅទៅ​ប្រភព​សំឡេង ហើយ​ក៏​ឃើញ​ដើមឈើ​ចន្លោះ​ពី​ ២ ​ទៅ​ ៣ ​ដើម​ដែលមាន​មុខកាត់ ០,៣៥ ម៉ែត្រ និង​ ៣ ​តឹក​កន្លះ​ត្រូវបាន​ជនសង្ស័យ​ទាំង​ ២ ​នាក់​លួច​ផ្តួលរំលំ អារ​ទៅហើយ​។ គ្រានោះ​ដោយ​ក្រុម​ជនសង្ស័យ​ដឹងថា កម្លាំង​សមត្ថកិច្ច​របស់លោក​ទៅ​ទាន់​ហើយ​ពួកគេ​ក៏​នាំគ្នា​រត់គេច​ពី​កម្លាំង​របស់​លោក​។

លោក វិបុលរតនៈ ថ្លែង​បន្តថា ពេលនោះ​លោក​បាន​បែងចែក​កម្លាំង​ ៣ ​នាក់​នាំគ្នា​ដេញចាប់​ក្រុម​ជនសង្ស័យ​ហើយ​កម្លាំង​អាវុធហត្ថ​ម្នាក់ និង​មន្ត្រី​របស់លោក​ម្នាក់​ចាំ​យាម​រថយន្ត​កែច្នៃ​ ១ ​គ្រឿង​របស់​ក្រុម​ជនសង្ស័យ​ដែល​ពួកគេ​យកមក​ដឹកឈើ​។

លោក​ថា ចំពោះ​វត្ថុតាង​ដែល​រឹបអូស​បាន​មាន​រថយន្ត​កែច្នៃ​ ១ ​គ្រឿង រីឯ​រណារ​ពួក​ជនសង្ស័យ​បាន​គ្រវែង​ចោល​បាត់​រក​មិនឃើញ​ទេ​។ លោក​បញ្ជាក់​ប្រាប់ថា​៖ «​ពី​កន្លែង​ក្រុម​យើង​ដើរ និង​កន្លែង​ដែល​ពួកគេ​កាប់​ឈើ​ប្រហែលជា​ ១ ​គីឡូម៉ែត្រ​។ ​យើង​រត់​ឆ្លងកាត់​អូរ​ដោយ​ដើរ​នឹង​ជើង ហើយ​យើង​មាន​ការប្រុងប្រយ័ត្ន​មែនទែន​ទើប​ចាប់​ពួកគេ​បាន​។ គ្នា​យើង​មាន​តិច​គ្នា​ណាស់​មានតែ​ ២ ទៅ​ ៣ ​នាក់​ទេ​»៕