ឧត្តរមានជ័យ/ប៉ៃលិន: បុរស​​ ២ ​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាលនៅ​ក្នុង​​ករណី​ផ្ទុះ​គ្រាប់​​​​មីន​​នៅ​ ២ កន្លែង​ផ្សេងគ្នា ​កាល​ពី​​ថ្ងៃទី ១៥ ខែ​ មិថុនា​ ក្នុង​នោះ​​ម្នាក់​រងគ្រោះ​នៅក្នុង​យុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​​ម្នាក់​ទៀត​រងរបួស​ដូច​គ្នា​នៅ​សង្កាត់​បយ៉ាខា ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។

លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​​ថា នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ មិថុនា វេលា​ម៉ោង ៩:៥៥ នាទី មាន​ករណី​ត្រាក់ទ័រ​ភ្ជួរ​ដី​ថ្មី​​កិន​ចំគ្រាប់​មីនតោន​បណ្តាល​ឲ្យ​ផ្ទុះ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ផ្លូវ​តា​ម៉ុក​ចាស់ ស្ថិតនៅ​ក្នុងភូមិ​ទួល​ប្រសើរ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។

លោក​បន្តថា៖ «ជនរងគ្រោះ​ជា​អ្នកបើក​បរ​ត្រាក់ទ័រ​ឈ្មោះ សាំង ដា​រ៉ូ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជា​កសិករ​រស់នៅ​ក្នុង​ភូមិ​ឈូក​មាស សង្កាត់ កូន​ក្រៀ​​ល ក្រុង​សំរោង ទទួលរង​របួស​​ស្រាល​ចំ​ដៃខាងស្ដាំ ចំណែក​ត្រាក់ទ័រ​ខូចខាត​ធ្ងន់»។

លោក សៀ ចិន្ដា ប្រធាន​ផ្នែក​សេនាធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​​ត្រពាំង​ប្រាសា​ទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា បុរស​ជា​ជនរងគ្រោះ សាំង ដា​រ៉ូ បាន​យក​ត្រាក់ទ័រ​ទៅ​ព្យួរ​ដីចម្ការ​ដូច​សព្វ​មួយ​ដង ប៉ុន្ដែ​ថ្ងៃ​កើត​ហេតុ​នោះ ស្រាប់​​តែ​​គាត់​ភ្ជួរ​កិន​ប៉ះចំ​គ្រាប់មីន​ហើយ​ក៏​​ផ្ទុះឡើង​រង្គើ​ដី បណ្ដាល​ឲ្យ​ត្រាក់ទ័រ​ខូចខាត​យ៉ាងដំណំ តែ​ជន​រង​គ្រោះ​​រង​របួស​បន្ដិច​បន្ដួច។

លោក​បន្តថា ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បានចុះទៅ​​ពិនិត្យ​ដល់​ទី​តាំង​ខាងលើ ដោយបាន​ប្រាប់​ឲ្យ​ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​ទៅ​​មន្ទីរពេទ្យ។

លោក​បន្ត​ថា​៖ «ដីចម្ការ​គាត់​ធ្វើ​រាល់​តែ​ឆ្នាំ​តើ តែ​គាត់​ព្យួ​រាល់ដង​ហ្នឹង អត់​ដែលមាន​បញ្ហា​អ្វី​ទេ តែ​លើក​នេះ​ មិនដឹង​យ៉ាង​ម៉េច​វា​ប៉ះចំ​គ្រាប់មីន​អ៊ីចឹ​ង ឥឡូវគាត់​អត់​អី​ទេ របួស​តិចតួច»។

លោក​បន្ថែមថា កន្លងមក​អាជ្ញាធរ​ធ្លាប់បាន​ប្រកាស​ពី​វិធា​​នការ​ទប់ស្កាត់ និង​ហាម​ពលរដ្ឋ​កុំ​ឲ្យ​ប៉ះពាល់​គ្រាប់​យុទ្ធ​​ភណ្ឌមិនទាន់​ផ្ទុះ​ដែរ ប៉ុន្ដែ​យ៉ាង​ណា គ្រាប់​នេះ​ ស្ថិតនៅក្នុង​ដី ដោយ​ម្ចាស់​​ចម្ការ​មើល​មិន​ឃើញ ក៏​មានរឿង​ចៃដន្យ​បែប​នេះ​កើត​ឡើង។

ចំណែក​ការ​ផ្ទុះ​មួយ​ករណី​ផ្សេង​ទៀត ក៏​បាន​កើត​ឡើង​​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ដែរ ​បណ្តា​ល​​ឲ្យ​ជនរងគ្រោះ​មាន​ឈ្មោះ តុស ធឿន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ របួស​កែងជើង​ខាងឆ្វេង​ នៅ​ភូមិបហ៊ុយ​ខាងត្បូង សង្កាត់​ប​យ៉ា​ខា ក្រុង​ប៉ៃលិន ខណៈ​ជនរងគ្រោះ​ បាន​ដើរ​ជាន់​គ្រាប់​មីន​ ហើយ​នៅ​ពេល​នេះ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន។

លោក ជរ ម៉ាញ នាយប៉ុស្ដិ៍​រដ្ឋបាល​សង្កា​ត់ប​យ៉ា​ខា ក្រុង​ប៉ៃលិន ​បាន​ថ្លែង​កាលពីម្សិល​មិញ​ថា បុរស​ជា​ជន​រង​គ្រោះ​​ឈ្មោះ តុស ធឿន បាន​រងរបួស​បែក​ប្រអប់​​ជើង​ខាង​ឆ្វេង​ដោយសារ​រូប​គាត់​បាន​ចូលទៅ​កាប់ឆ្ការដីព្រៃ​ចម្ការ​របស់ខ្លួន​នៅ​ទីតាំង​ខាងលើ ​ដោយ​បាន​ដើរ​ជាន់​គ្រាប់មីន​នោះ​ផ្ទុះ​តែម្ដងទៅ។ លោក​​បន្តថា ក្រោយពេល​កើតហេតុ សមត្ថកិច្ច និង​ក្រុម​​គ្រួសារ​បាន​បញ្ជូន​គាត់​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ៃលិន ដើម្បី​ព្យាបាល។

លោក​បញ្ជាក់​ថា​៖ «ដី​គាត់​ហ្នឹង មិន​ទាន់​​អាច​ព្យួរ​បានទេ ព្រោះ​ដី​នៅ​រឹង​ហើយ​​គាត់​ក៏​យក​កាំបិត​ទៅ​កាប់​ឆ្ការ​ព្រៃ​​ឈើតូចៗដែល​ដុះ​នៅក្នុង​ចម្ការ​ហ្នឹង ក្នុងអំឡុងពេល​ឆ្ការ​ហ្នឹង គាត់​បាន​ដើរ​ជាន់ ហើយក៏​ផ្ទុះ​តែម្ដង គឺ​គាត់​អត់​ដឹង​ថា គាត់​បាន​ដើរ​ជាន់​គ្រាប់មីន​ទេ​ស្រា​ប់​​តែ​ផ្ទុះ​មកគាត់​ស​ន្លប់​មួយ​សន្ទុះ​​ធំ​ដែរ ហើយក៏​យើង​បញ្ជូន​ទៅ​មន្ទីរពេទ្យ»៕