បន្ទាយមានជ័យៈ នគរបាលនឹងបញ្ជូនជនសង្ស័យ ២ នាក់បងប្អូន ដែលបានសម្លាប់បុរសម្នាក់ ដោយសារតែភ្លើងប្រចណ្ឌ ហើយយកសាកសពទៅដុតចោល ទៅតុលាការនៅថ្ងៃនេះ បន្ទាប់ពីបានបើកការស៊ើបអង្កេត អស់រយៈពេល ៤៥ ម៉ោង ហើយបានឈានដល់ការចាប់ឃាត់ខ្លួនជនទាំង ២ នាក់កាលពីយប់ថ្ងៃទី ២៦ ខែកុម្ភៈ។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកថ្មពួក ឃាតកម្មគិតទុកជាមុននេះ បានកើតឡើងកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ចន្លោះពីម៉ោង ១០ ដល់ ១២ ថ្ងៃត្រង់ ស្ថិតនៅចំណុចខាងត្បូងភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ របាយការណ៍ដដែល បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ហាន សុធន់ ភេទប្រុសអាយុ ៣៦ ឆ្នាំ មុខរបរជាម្ចាស់ម៉ាស៊ីនកិនស្រូវ រស់នៅភូមិអំពិលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោក សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដែលបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ តាមការបញ្ជាពីលោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យក្រោមការចូលរួមពីព្រះរាជអាជ្ញាលោក មាស ច័ន្ទពិសិដ្ឋ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រោយចុះស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ជនសង្ស័យពីរនាក់ ដែលជាបងប្អូនបង្កើត ត្រូវបានឃាត់ខ្លួន នៅម៉ោង ១០ យប់ថ្ងៃទី ២៦ កុម្ភៈ។
លោកបន្តថា ពួកគេទាំង ២ នាក់នោះ មានឈ្មោះ ស៊ួត សុភាក់ ភេទប្រុសអាយុ ៣៤ ឆ្នាំ និងឈ្មោះ ស៊ួត សុផាត ភេទប្រុសអាយុ ៣៧ ឆ្នាំ រស់នៅភូមិធ្លកក្នុងឃុំកើតហេតុខាងលើហើយក្រោយឃាត់ខ្លួនបាន ពួកគេទាំង ២ នាក់ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុនមែន ដោយប្រើកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះចំនួន ២ កាំបិត ត្រូវចំកនិងដៃ រួចបានយកសម្បកកង់ឡានមកដុតសាកសពជនរងគ្រោះ ដើម្បីបំបាត់ភ័ស្ដុតាង។
លោកបញ្ជាក់ថា៖ «ជនសង្ស័យដែលត្រូវជាបងហ្នឹង គាត់បានសម្លាប់ជនរងគ្រោះ ក្រោយពីដឹងថា ប្រពន្ធរបស់ប្អូនខ្លួនហ្នឹងបានលួចមានសហាយស្មន់ជាមួយជនរងគ្រោះហើយខ្លួនខឹងជំនួស ក៏បានសម្លាប់ជនរងគ្រោះ។ នៅពេលសម្លាប់ហើយ ជនសង្ស័យជាបងក៏បានហៅប្អូនប្រុសហ្នឹងឲ្យជួយយកសម្បកកង់ឡានមកដុតសពជនរងគ្រោះ ហើយពួកគេក៏បានគេចខ្លួនទៅផ្ទះអស់»។
បើតាមលោក សិទ្ធិ ឡោះក្រោយកសាងសំណុំរឿង និងបិទបញ្ចប់ករណីនេះជនសង្ស័យទាំង ២ នឹងត្រូវបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃនេះខណៈពួកគេកំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕