ពោធិ៍សាត់៖ បុរស ២ នាក់ ដែល​ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​ឃាត់​ខ្លួន ​ខណៈ​កំពុង​ស្ពាយ​កាំភ្លើង​ដើរ​រក​បាញ់​សត្វ​នៅ​ក្នុង​ព្រៃ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ ត្រូវ​បាន​សាលាដំបូង​ខេត្តពោធិ៍សាត់ សម្រេច​ឃុំខ្លួន កាល​ពី​ម្សិលមិញ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​រក្សាទុក​អាវុធ​ជាតិ​ផ្ទុះ​ខុស​ច្បាប់​តាម​បញ្ញត្តិ​មាត្រា ២០ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ។

លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ជន​សង្ស័យ​ឈ្មោះ មិត្ត មន អាយុ ៥៥ ឆ្នាំ មាន​លំនៅ​ភូមិ​ក្បាល​ទាហាន ឃុំ​ឈើ​តុំ ស្រុក​ក្រគរ និង​ម្នាក់​ទៀត​ឈ្មោះ ហេង ឆាង អាយុ ៦២ ឆ្នាំ មាន​លំនៅ​ភូមិ​កំរែង ឃុំ​ស្វាយស ស្រុក​ក្រគរ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ចាប់​បញ្ជូន​មក​តុលាការ នា​ព្រឹក​ទី ១៨ ខែ​មីនា ជាមួយ​វត្ថុតាង អាវុធ AK-47 ស្វាយ​បត់ ១ ដើម និង M-16 ១ ដើម ព្រម​ទាំង​គ្រាប់​ផ្ទុះ​សរុប ចំនួន ៥២ គ្រាប់។

លោក​ថ្លែង​ថា៖ «បន្ទាប់​ពី​បញ្ចប់​ការ​ស៊ើបសួរ ជន​សង្ស័យ​ទាំង ២ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រក្សាទុក​នូវ​អាវុធ​ជាតិ​ផ្ទុះ ដោយ​ខុស​ច្បាប់ តាម​បញ្ញត្តិ​មាត្រា ២០ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​បាន​បង្គាប់​ឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌ នាំ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះអាស្ន»។

យោង​តាម​បញ្ញត្តិ​មាត្រា ២០ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ជន​សង្ស័យ​ទាំង ២ នាក់​នឹង​ត្រូវ​ប្រឈម​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ៦ ខែ​ដល់ ២ ឆ្នាំ ​និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ៥០ ម៉ឺន​រៀល ដល់ ២ លាន​រៀល ដោយ​ពុំទាន់​គិត​ពី​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត។

បើតាម​កំណត់​ហេតុ​សួរ​ចម្លើយ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ដែល ​ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួល​បាន​ជនសង្ស័យ​ទាំង ២ ត្រូវ​បាន​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ជួរ​ភ្នំក្រវាញ​កណ្ដាល ចាប់​ឃាត់​ខ្លួន​នៅ​រសៀល​ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២១ ខណៈ​កំពុង​ស្ពាយ​អាវុធ​ដើរ​ស្វែងរក​បាញ់​សត្វ​ក្នុង​តំបន់​ការពារ និង​អភិរក្ស​ជួរ​ភ្នំក្រវាញ​កណ្ដាល។

នៅ​រសៀល​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១ ជនសង្ស័យ​ទាំង ២ រួម​ទាំង​វត្ថុតាង​អាវុធ AK-47 ស្វាយ​បត់ ១ ដើម និង M-16 មួយ​ដើម ព្រម​ទាំង​គ្រាប់​សរុប ៥២ គ្រាប់​ ត្រូវ​បាន​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​នាំ​ខ្លួន​ប្រគល់​ឱ្យ​នគរបាល​ស្នងការដ្ឋាន​ខេត្ត​ពោធិ៍សាត់។

លោក ស ថេង ​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ​ថា តាមរយៈ​ការ​សាកសួរ​ជនសង្ស័យ​ទាំង ២ បាន​អះអាង​ថា អាវុធ​ទាំង ២ ដើម រួម​ទាំង​គ្រាប់​រំសេវ​ទាំង​នោះ គឺ​ពួក​គាត់​រើស​បាន​នៅ​តាម​មាត់​ច្រាំង​ស្ទឹង និង​ក្នុង​ព្រៃ កាល​ពី​ជាង ១ សប្ដាហ៍​មុន ហើយ​ពួក​គាត់​បាន​នាំ​គ្នា ជួសជុល និង​កែច្នៃ​អាវុធ​ទាំង​នោះ យក​ទៅ​បាញ់​សត្វ​ក្នុង​តំបន់​ការពារ និង​អភិរក្ស​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល។ ប៉ុន្តែ​មិន​ទាន់​បាញ់​សត្វ​បាន ១ ក្បាល​ផង ក៏​ត្រូវ​ក្រុម​មន្ត្រី​ឧទ្យានុរក្ស​ប្រទះ​ឃើញ ហើយ​ធ្វើ​ការ​ឃាត់​ខ្លួន​ពួក​គាត់​បញ្ជូន​មក​មន្ត្រី​នគរបាល​ជំនាញ​តែ​ម្ដង។

លោក​បញ្ជាក់​ថា៖ «ថ្វី​ដ្បិតតែ​ពួក​គាត់​អះអាង​យ៉ាង​ដូច្នេះ​ក្ដី តែ​សកម្មភាព​របស់​ពួក​គាត់ ​​គឺ​ជា​បទល្មើស។ ពួក​គាត់​គួរ​តែ​ប្រគល់​អាវុធ​ និង​គ្រាប់​រំសេវ​ទាំង​នោះ​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន តាំង​ពី​ថ្ងៃ​ដំបូង​ដែល​គាត់​រើស​បាន»។

ចំណែក​លោក រី ភារម្យ ប្រធាន​ការិយាល័យ​ដែន​ជម្រក​សត្វព្រៃ​ជួរ​ភ្នំក្រវាញ​កណ្ដាល បាន​ថ្លែង​ថា ជន​សង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ប្រាប់​មន្ត្រី​ឧទ្យានុរក្ស​ដែរ​ថា ពួក​គាត់ ពិត​ជា​មាន​បំណង​ចូល​រក​បាញ់​សត្វព្រៃ​មែន ប៉ុន្តែ​មិន​ទាន់​បាន​ប្រទះ​ឃើញ​សត្វព្រៃ​នៅ​ឡើយ​ទេ៕