ភ្នំ​ពេញៈ ​ចៅក្រម​សាលា​ដំបូង ​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​សុក្រ​ បាន​ប្រកាស​សាល​ក្រម​សម្រេច​ ផ្តន្ទា​ទោស​បុរស​បីនាក់ជាប់​ពន្ធ​នាគារ​៣ឆ្នាំ និង ​ពិន័យ​ជា​ប្រាក់ ៤ លាន​រៀល ដោយ​បាន​បង្ករហឹង្សា​នៅក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ កាល​ពី​ដើម​ឆ្នាំ​នេះ ខណៈ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​និង​មេក្លោង​ផ្សេងទៀត​មិនទាន់​ចាប់​បាន​នៅ​ឡើយ។ នេះ​បើ​យោង​តាម​ន្ត្រី​តុលារ​ក្រុង​ភ្នំពេញ។​

លោក​ សួស​ វិទ្យា​រ៉ា​ន់​ឌី​ អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​បាន​ថ្លែង​ប្រាប់​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​ ​បុរស​បីនាក់​ដែល​បាន​វាយ​ទៅ​លើ ​លោក​ប ស៊ុយ ​សារ៉េត គ្រូប​ង្រៀន​នៅ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់គ្រង កាល​ពី​ខែមិនា​ឆ្នាំ២០១៨ ជាប់​ចោទ​ពី​បទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ​និង​ខូច​ខាតដោយយ​ចេតនា​ដោយ​មាន​ស្ថាន ទម្ងន់​ទោស​តាម​មាត្រា ២១៨ ​និង ៤១១​ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

លោក​ ថ្លែង​ថា៖​«គាត់​ត្រូវ​បាន​ផ្តន្ទាទោស​៣ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​៤លាន​រៀល​ដោយ​ក្រោម​បទ​ចោទ​ ហឹ​ង្សា​ដោយ​ចេត​នា​មាន​ស្ថាន​ទម្ង​ន់​ទោស​និង​ខូច​ខាត​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ ទម្ងន់​ទោស»។​

បុរស​ទាំងបី​នាក់​ ឈ្មោះ អាន ​ផល្លី​ ភេទ​ប្រុស ​អាយុ​៣៤ឆ្នាំ ​ស្នាក់​នៅ សង្កាត់​ច្រាំង​ចំរេះ ​ខណ្ឌ​ឫ​ស្សីកែវ រាជ​ធានី ​ភ្នំពេញ ​ឈ្មោះ យា​ត ទិ​ត្យា ប្រុស ​អាយុ២១ឆ្នាំ ​ស្នាក់នៅ​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ,​ ឈ្មោះ ​អាន វិ​នទី ភេទ​ប្រុស ​អាយុ២១​ឆ្នាំ ស្នាក់​នៅ​ សង្កាត់​ផ្សា​ដេប៉ូ១ ​ខណ្ឌ​ទួលគោក។​

លោក​​មេធាវី​ ឈី​ សម្បត្តិ​ បាន​ឲ្យ​ដឹង​ថា​លោក​នឹង​ពិភាក្សា​ការ​ប្រកាស​សាល​ក្រម​សម្រេច​ ផ្តន្ទា​ទោស​របស់​ ចៅក្រម​សាលា ដំបូង​រាជធានី​ភ្នំពេញ​ ជាមួយ​ក្រុម​គ្រួ​សារ​របស់​ លោក ​បណ្ឌិត ​ស៊ុយ ​សារ៉េត​ថា​តើ​អាច​ទទួល​យក​បាន​ដែរ​ឬទេ​ហើយ ​លោក​បាន​ក៍​បាន​ស្នើរ​សុំ​ឲ្យ​អាជ្ញាធរ​បន្ត​ស្វែ​ករក​ជន​សង្ស័យ​ផ្សេង​ទៀត​មក​ផ្តន្ទាទោស​តាម​ច្បាប់។​

លោក​​បាន​ថ្លែង​ថា៖ «កម្រិត​ទោស​និង​សំណង ខ្ញុំ​​នឹង​ប្រស្រ័យ​ទាក់ទង​ក្រុម​គ្រួសារ​ជា​មួយ​លោក​បណ្ឌិត ​ស៊ុយ ​សារ៉េត​ថា​ តើ​គាត់​អាច​ទទួល​យក​បាន​ឬ​អត់​ចំពោះ​ការ​សម្រេច​របស់​តុលាការ ​(កា​ដាក់​ទោស​និង​ពិន័យ) ​ហើយ​បើ​គាត់​មិន​អាច​ទទួល យក​បាន​ទេ​ខ្ញុំ​នឹង​ចាត់​ចែង​ប្ដឹងឧ​ទ្ធរណ៍​ ​ហើយ​បើ​ក្រុម​គ្រួសារ​អាច​ទទួល​យក​បាន​ខ្ញុំ​នឹង​មិន​ប្ដឹង​​ឧ​ទ្ធរណ៍ទេ​»។​

គួរ​បញ្ជាក់​ថា ​វីដេ​អូ​មួយ​បាន​លេច​ឡើង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ខែ​មិនា​ឆ្នាំ​២០១៨ ​បាន​បង្ហាញ​លោក ​ផល្លី និង​លោក វិ​នទី ខណៈ​កំពុង​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពីមុន​ពេល​យកទៅ​កាន់​តុលាការ។ ​

លោក ​ផល្លី​ បាន​សារភាព​ថា​ បាន​គប់​ដុំថ្ម​ចូល​ក្នុង​រថយន្ត​ ហើយ​អះអាង​ថា​ លោក​មិនដឹង​ច្បាស់​ថា តើ​ដុំថ្ម​នោះ​ត្រូវ​ចំ​លោក ​សារ៉េត ​ឬ​អត់​នោះ​ទេ​ខណៈ​ពេល​ដែល​លោក​ វិ​ន​ទី បាន​ថ្លែង​ថា ​លោក​បាន​ប្រើ​មួក​ការពារ​សុវត្ថិ​ភាព​វាយ​ទៅលើ​រថយន្ត​ បន្ទាប់​ពី​លោក​សាស្ត្រា​ចារ្យ​ជិះ​ប៊ិះ​បុក​ខ្លួន។​

លោក ​ជួន​ សុវណ្ណ​ អតីត​ស្នង​ការក្រុង​ធ្លាប់​បាន​ថ្លែង​ថា​ អាជ្ញាធរ​កំពុង​ស្វែងរក​ជន​សង្ស័យ​៨នាក់​បន្ថែម​ទៀត​ក្នុងនោះ​រួមមាន​ ភា​ជ ​គឹម​ហាក់ ជា​អតីត​សន្តិសុខ​ខណ្ឌ​ដូន​ពេញ ដែល​បាន​ជាប់ ពាក់​ព័ន្ធ ករណី ប្រើ​ហិង្សា លើ​លោក​ ស៊ុយ សារ៉េត​ គ្រូប​ង្រៀន​នៅ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់គ្រង នៅ​ហេតុការណ៍ ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្បែរ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ កាល​ពី​កាលពី​ល្ងាច​ថ្ងៃទី ​១១​ ខែ​មីនា ​ឆ្នាំ ២០១៨៕