បន្ទាយមានជ័យៈ សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​កាលពី​ម្សិលមិញ បាន​ធ្វើការ​ចោទប្រកាន់​បុរស​ ៣ ​នាក់​ពី​បទ​ «​ចោរកម្ម​» និង​ «​ទទួលផល​ចោរកម្ម​» បន្ទាប់ពី​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់​ឃាត់ខ្លួន​នៅមុន​ពេល និង​ក្នុងពេល​ចុះបង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ ១ ​កន្លែង​ក្នុង​សង្កាត់​ប៉ោយប៉ែត ដោយ​រឹបអូស​វត្ថុតាង​ម៉ូតូ​ចម្រុះ​ប្រភេទ​ចំនួន​ ៤១ ​គ្រឿង និង​ម៉ូតូ​រ៉ឺម៉ក​កង់​ ៣ ​ចំនួន​ ៧ ​គ្រឿង​។

លោក នួន នីណារ៉ូ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការចុះបង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ខាងលើ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​ចាប់​ឃាត់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ កែវ កុសល អាយុ​ ១៨ ​ឆ្នាំ​ដែល​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​សង្កាត់​ប៉ោយប៉ែត​កាលពី​យប់​ថ្ងៃទី​ ២៦ ខែ មីនា ឆ្នាំ​ ២០២១ តែ​មិនបាន​សម្រេច​។

លោក នីណារ៉ូ បាន​បញ្ជាក់ថា​៖ «​បន្ទាប់ពី​សារភាព​ជនសង្ស័យ​បាន​នាំកម្លាំង​សមត្ថកិច្ច​ទៅ​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ ២ ​នាក់​ទៀត​ដែល​ជា​អ្នកប្រមូល​ទិញ​ផល​ចោរកម្ម​មក​កែច្នៃ ដើម្បី​លក់​បន្ត​»​។ លោក​បាន​បន្ថែមថា ជនសង្ស័យ​ក្នុង​អំពើ​ទទួលផល​ចោរកម្ម​ទាំង​ ២ ​នាក់​នោះ​ រួមមាន​ឈ្មោះ ឡាយ សាន អាយុ​ ៤៩ ​ឆ្នាំ និង ឈ្មោះ ពេញ វាសនា អាយុ​ ២៥ ​ឆ្នាំ​។ អ្នក​ទាំង​ ២ មាន​ទីលំនៅ​ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។

បើតាម​លោក​ នីណារ៉ូ បន្ទាប់ពី​សាកសួរ ជនសង្ស័យ​ទាំង​ ៣ ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ចំណាត់ការ​បន្ត​តាម​នីតិវិធី​។ ដោយឡែក​វត្ថុតាង ម៉ូតូ​ចម្រុះ​ប្រភេទ​ចំនួន​ ៤១ ​គ្រឿង និង ម៉ូតូ​រ៉ឺម៉កកង់៣ ចំនួន​ ៧​ គ្រឿង​ត្រូវ​បាន​ប្រមូល​ដឹក​យកទៅ​រក្សាទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ជា​បណ្ដោះអាសន្ន​។

ជុំវិញ​ករណីនេះ​លោក បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនសង្ស័យ​ទាំង​ ៣ នាក់ ត្រូវបាន​មន្ត្រី​នៃ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង ចោទប្រកាន់​ចំនួន​ ២ ​បទល្មើស​ផ្សេងគ្នា​ក្នុង​នោះ​ជនសង្ស័យ​ឈ្មោះ កែវ កុសល ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ «​ចោរកម្ម​» ​ចំណែក​ឈ្មោះ ឡាយសាន និង​ឈ្មោះ ពេញ វាសានា ត្រូវបាន​ចោទ​ពីបទ «​ទទួលផល​ចោរកម្ម​» ហើយ​ពួកគេ​ទាំង​ ៣ ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​។

លោក តេង សាម៉ៃ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ថ្លែង​ពី​ល្ងាច​ម្សិលមិញ​ថា​៖ «​ជនសង្ស័យ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ក្នុង​នោះ​ជនសង្ស័យ​ម្នាក់​ត្រូវ​ចោទ​ពីបទ​ចោរកម្ម តាម​បញ្ញត្តិ​មាត្រា​ ៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ និង​ ២ ​នាក់​ទៀត​ត្រូវ​ចោទ​ពីបទ​ទទួលផល​ចោរកម្ម​តាម​បញ្ញត្តិ​មាត្រា​ ៤០០ ​នៃ​ក្រមព្រហ្មទណ្ឌ​»៕