
កម្លាំងកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងដកហូតគ្រឿងចក្រមួយគ្រឿងពាក់ព័ន្ធការកាប់រុករានដីព្រៃខុសច្បាប់។ រូបថត GRK Ratanakkiri
រតនគិរីៈ កម្លាំងកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងដកហូតគ្រឿងចក្រមួយគ្រឿងពាក់ព័ន្ធការកាប់រុករានដីព្រៃខុសច្បាប់ សម្រាប់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានលិខិតអនុញ្ញាត។
លោក សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីថ្ងៃទី ២៦ មេសា វេលាម៉ោងប្រមាណ ៣ រសៀល កម្លាំងអាវុធខេត្ត កម្លាំងមូលដ្ឋាន ដោយសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ បានចុះត្រួតពិនិត្យទីតាំងកើតហេតុ និងបានឃាត់មនុស្សចំនួន ៣ នាក់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកថា៖ «យើងឃាត់បានមនុស្ស ៣ នាក់ បញ្ជូនទៅតុលាការ ព្រោះគាត់ប្រើប្រាស់គ្រឿងចក្ររុករានដីព្រៃខុសច្បាប់ ដែលតាមការសន្និដ្ឋាន គាត់បានឈូសឆាយដីរហូតដល់ ១០០ ទៅ ១៥០ ហិកតា»។
លោកឱ្យដឹងដែរថា តាមការសាកសួរបឋមជនសង្ស័យបានប្រាប់អាជ្ញាធរថា គាត់បានចាប់ផ្តើមឈូសឆាយដីព្រៃប្រហែល ២០ ថ្ងៃមកហើយ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានដកហូតគ្រឿងចក្រអាប៊ុល ១ គ្រឿង និងវត្ថុតាងផ្សេងទៀត ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខបន្ថែមទៀត ចំពោះអ្នកពាក់ព័ន្ធការរុករានដីរដ្ឋដោយខុសច្បាប់។
ដីព្រៃរដ្ឋដែលជនសង្ស័យបានឈូសឆាយនោះស្ថិតនៅក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីកម្មវិធីបណ្តាញសហគមន៍នៃសមាគមអាដហុក លោក ប៉ែន ប៊ុនណ្ណារ៍ បានថ្លែងថា ចំណាត់ការរបស់អាជ្ញាធរជារឿងល្អ ប៉ុន្តែហាក់បីដូចជាយឺតយ៉ាវ ខណៈជនល្មើសបានឈូសឆាយដីព្រៃអស់រាប់សិបហិកតារួចទៅហើយ។
លោកថា៖ «ជារឿងមួយយឺតយ៉ាវបំផុតក្នុងការចាត់វិធានការទប់ស្កាត់ករណីនេះ ដែលបង្ហាញពីភាពកំសោយនៃការអនុវត្តច្បាប់តែម្តង»។
លោកបានដាក់ការសង្ស័យថា ជាទូទៅពលរដ្ឋសាមញ្ញធម្មតា មិនអាចឈូសឆាយដីព្រៃរាប់រយហិកតានោះទេ លុះត្រាតែអ្នកមានអំណាចនៅពីក្រោយខ្នង។
លោក ប៉ែន ប៊ុនណ្ណារ៍ ជំរុញអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តនេះ គួររឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ជាងនេះ ដើម្បីទប់ស្កាត់រាល់សកម្មភាពការកាប់រានដីព្រៃ ដែលកំពុងត្រូវបានបាត់បង់ជាបន្តបន្ទាប់ និងដកហូតទុកជាសម្បត្តិរដ្ឋវិញ។
លោកថា៖ «អាជ្ញាធរត្រូវចាត់វិធានការាល់សកម្មភាពទាំងអស់ មិនមែនតែករណីនេះទេ នៅមានករណីផ្សេងទៀត ហើយត្រូវដកហូតដីនោះមកទុកជាសម្បត្តិរបស់រដ្ឋ ឬទុកផ្តល់ឱ្យប្រជាពលរដ្ឋក្រីក្រដែលខ្វះខាតដីពិតប្រាកដ»៕