កណ្តាល/កំពង់ធំ: សាលាដំបូង​ខេត្តកណ្ដាល​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ចំនួន ៣ ​នាក់​ ពាក់ព័ន្ធ​រឿង​ធ្វើ​ឯកសារ​ក្លែងបន្លំ និង​ប្រើប្រាស់​ឯកសារ​ក្លែង​របស់​បញ្ជាការដ្ឋាន​អង្គរក្ស ខណៈ​ដែល​សាលាដំបូង​ខេត្ត​កំពង់ធំ​ក៏​បាន​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ក្លែងបន្លំ​ធ្វើ​មន្ត្រី​នគរបាល​ផ្កាយ​ ៣​។

លោក សូ សារិន អ្នក​នាំពាក្យ​សាលាដំបូង​ខេត្តកណ្ដាល​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ចំនួន ៣ ​នាក់​ដែល​សុទ្ធតែ​ភេទ​ប្រុស​ទី១- ញ៉ែម ភឿន អាយុ​ ៣៦ ​ឆ្នាំ ទី​២- ចាន់ ផាន្នាក់ អាយុ​ ២៨ ​ឆ្នាំ ទី​៣- ផាត់ សុវណ្ណ អាយុ ៣១ ​ឆ្នាំ ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្ដាល​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃទី ២៥ ខែ​កក្កដា​។

លោក​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ទាំង ៣ ​នាក់​​ ត្រូវ​ចៅក្រម​ចោទ​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ ប៉ុន្ដែ​ខ្ញុំ​អត់​ចាំ​មាត្រា​ទេ​»​។

លោក ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង ៣ ​នាក់​ត្រូវ​មន្ត្រី​ជំនាញ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃទី ២៤ ខែ​កក្កដា​។ «​តុលាការ​ឃុំខ្លួន​គាត់​ហើយ​គឺ​ពាក់ព័ន្ធ​ការធ្វើ​ឯកសារ​ក្លែងបន្លំ និង​ប្រើប្រាស់​ឯកសារ​ក្លែង​បញ្ជាការដ្ឋាន​អង្គរក្ស តែ​ខ្ញុំ​អត់​អាច​បញ្ជាក់​ហេតុការណ៍​ច្បាស់​ទេ​»​។

តាម​សារព័ត៌មាន CPC បាន​ដកស្រង់​សម្តី​លោក ឡាក់ ម៉េងធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ៣ ​នាក់​ ដោយ​ឈ្មោះ ចាន់ ផាន្នាក់ អតីតមន្ត្រី​នៅ​បញ្ជាការដ្ឋាន​កងអង្គរក្ស (​ឈប់​ធ្វើ​ឆ្នាំ​ ២០១៤) ដោយ​គាត់​មាន​គំនិត​ចង់ទៅ​ធ្វើការ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ប៉ុន្ដែ​ជនជាតិ​ចិន​ត្រូវ​ការ​តែ​អ្នកមាន​ក្របខណ្ឌ​កងកម្លាំង​ប្រដាប់អាវុធ​ប៉ុណ្ណោះ​។ ជនសង្ស័យ​បាន​ទៅ​ពឹង​សុំ​ឲ្យ ញ៉ែម ភឿន​ (​មន្ត្រី​អង្គរក្ស​) ​ជួយ​យក​បណ្ណ​សម្គាល់​អាវុធខ្លី សមូហភាព​លិខិត​បញ្ជា​បេសកកម្ម និង​បណ្ណ​សម្គាល់​ខ្លួន​របស់​បញ្ជាការដ្ឋាន​កងអង្គរក្ស​មក​កែ​បញ្ចូល​ដាក់​ឈ្មោះ ចាន់ ផាន្នាក់​។

លោក​បន្តថា ក្រោយមក​ ផាន្នាក់ បាន​រៀបចំ​ឲ្យ​គេ​ធ្វើ​ឯកសារ​ក្លែង​ (​បញ្ជាការដ្ឋាន​អង្គរក្ស​) ​ឲ្យ​ទៅ​អ្នកផ្សេងៗ​ថែម​ទៀត​ដូចជា​ឈ្មោះ ឌួក ម៉ាប់ ភេទ​ប្រុស (​ជាប់ពន្ធនាគារ​នៅ​ខេត្ដ​ព្រះសីហនុ​) ​និង​មួយ​ចំនួន​ទៀត​បាន​រត់​គេចខ្លួន ដោយ​ទទួល​បាន​ប្រាក់​ចាប់ពី ១៦០ ​ទៅ ២២០ ​ដុល្លារ​ក្នុង​ម្នាក់ៗ​។ រីឯ​ឈ្មោះ ផាត់ សុវណ្ណ ជា​អ្នក​ស្គែន​កាត់ត​ឯកសារ​ទទួល​បាន​ប្រាក់​ចាប់ពី ៣០ ​ម៉ឺន​ទៅ​ ៧០ ​ម៉ឺន​រៀល​។

លោក​ ម៉េងធី ​បញ្ជាក់​ថា​៖ «​ពេល​ឃាត់ខ្លួន​ឈ្មោះ ចាន់ ផាន្នាក់ ឈ្មោះ ញ៉ែម ភឿន ឈ្មោះ ផាត់ សុវណ្ណ សារភាព​ថា​ខ្លួន​ពិត​ជា​បាន​ចាត់ចែង​ឲ្យ​ធ្វើ​ឯកសារ​ក្លែង​ (​បញ្ជាការដ្ឋាន​អង្គរក្ស​) ​ឲ្យ​ទៅ​អ្នកដទៃ​ប្រើប្រាស់​ពិតមែន ដើម្បី​ទទួល​បាន​ប្រាក់​មួយ​ចំនួន​ពី​ពួកគេ​»​។

រឿង​ដាច់ដោយឡែក​មួយទៀត​សាលាដំបូង​ខេត្ត​កំពង់ធំ​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ឈ្មោះ ហេង កែនណាឌី អាយុ​ ៤២ ​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​សង្កាត់​ស្រះចក រាជធានី​ភ្នំពេញ​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ឯកសណ្ឋាន​មន្ត្រី​នគរបាល​ស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ (​ផ្កាយ​ ៣) បន្ទាប់ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​ភូមិ​ព្រៃបន្លិច សង្កាត់​អាចារ្យលាក់ ក្រុង​ស្ទឹងសែន​កាលពី​ថ្ងៃទី​ ២៤ ខែ​កក្កដា​។

លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ថ្លែង​ពី​ម្សិលមិញ​ថា បុរស​ម្នាក់​ដែល​ប្រើប្រាស់​សម្លៀកបំពាក់​ក្លែង​ឯកសណ្ឋាន​ធ្វើជា​មន្ត្រី​នគរបាលជាតិ​ (​ផ្កាយ​ ៣) ត្រូវ​បាន​សាលាដំបូង​ខេត្ត​ឃុំខ្លួន​ហើយ ដោយ​ចោទ​ពី​បទ​ «​ប្រើប្រាស់​ឯកសណ្ឋាន​ជាអាទិ៍​ដែល​មាន​ភាពប្រហាក់ប្រហែល​នឹង​នគរបាល ឬ​យោធា​»​។

លោក អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា បុរស​ដែល​តាំងខ្លួន​ធ្វើ​ជា​មន្ត្រី​នគរបាលជាតិ បម្រើការ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ដោយ​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​នគរបាល​ជាតិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ (​ផ្កាយ​ ៣) គឺ​ទើប​ចេញពី​ពន្ធនាគារ​ព្រៃស ហើយ​អាច​ជា​មនុស្ស​បែកឆ្វេង​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ចាប់បាន​វត្ថុតាង​មួយ​ចំនួន​ដូចជា​ឯកសណ្ឋាន​គរបាល​មួយ​​កំប្លេ មាន​ស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ភ្ជាប់​ជាមួយ​អាវ​ស្រាប់ ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​ក្រដាស ១០០ (​លុយ​សែនខ្មោច​) ​ចំនួន ៥៨៩ ​សន្លឹក និង​សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន​មួយចំនួន​ទៀត​។ គាត់​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​បោកប្រាស់​ទេ គាត់​គ្រាន់តែ​ដើរ​អួត​ប្រាប់​គេ​ថា គាត់​ជា​មន្ត្រី​ពោល​គឺ​គាត់​កំពុង​ដើរ​លួងលោម​គេ​ឲ្យ​ចាញ់បោក​គាត់ តែ​មិនទាន់​បាន​សម្រេច​ទេ គឺ​យើង​ចាប់​បាន​តែ​ម្ដង​»៕