ក្រចេះ: បុរស​ ៤ ​នាក់​ត្រូវ​បាន​នគរបាល​យុត្តិធម៌​ខេត្ត​ក្រចេះ​នាំ​ខ្លួន​មក​សាកសួរ ដោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស​មួយ​គ្រួសារ​មាន​គ្នា​ ៤ ​នាក់​រួច​ដុត​ផ្ទះ​រំលាយ​សាកសព​ដើម្បី​បំបាត់​ភ័ស្ដុតាង​។ នេះ​បើ​តាម​មន្ត្រី​នគរបាល​ម្នាក់​ដែល​កំពុង​ចាត់ការ​តាម​នីតិវិធី​លើ​សំណុំ​រឿង​នេះ​។

លោក អ៊ុំ ភី ស្នងការរង​ខេត្ត​ក្រចេះ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា បុរស​សង្ស័យ​ទាំង​ ៤ ​នាក់​រួមមាន​ឈ្មោះ ចឹក ណូ អាយុ​ ៥០ ​ឆ្នាំ​, ចឹក ម៉ៅ អាយុ​ ៤៦ ​ឆ្នាំ​, ចឹក លឹមស្រេង អាយុ​ ២០ ​ឆ្នាំ​ (​អ្នក​ទាំង​ ៣ រស់នៅ​ភូមិ​ប្អៀរ ឃុំ​ថ្មី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​) ចំណែក​បុរស​ម្នាក់​ទៀត​ឈ្មោះ ម៉ៅ ញ៉ាញ់ អាយុ​ ១៧ ​ឆ្នាំ​រស់នៅ​រាជធានី​ភ្នំពេញ ជា​សន្តិសុខ ក្រុមហ៊ុន​ហនុមាន​មានប្ញទ្ធិ​។

លោក ភី បាន​បញ្ជាក់​ថា​៖ «​ក្រុមមន្ត្រី​នគរបាល​យុត្តិធម៌​កំពុង​ដំណើរការ​នីតិវិធី​សាកសួរ​បុរស​ទាំង​ ៤ ​នាក់ ហើយ​មក​ទល់​ពេល​នេះ​នៅ​ពុំ​ទាន់​ទទួល​បាន​ចម្លើយ​សារភាព​ ឬ​ចម្លើយ​គួរ​ឲ្យ​សង្ស័យ​ណា​មួយ​ពាក់ព័ន្ធ​នឹង​​អំពើ​ឃាតកម្ម​នេះ​នៅ​ឡើយ​ទេ​»​។

លោក ភី បន្ត​ថា​ទោះ​ជា​បែបណា​ក្រុម​មន្ត្រី​នគរបាល​ជំនាញ​កំពុង​បន្ត​សួរ​តាម​នីតិវិធី​ច្បាប់​។

យោង​តាម​របាយការណ៍​បឋម​របស់​នគរបាល​មូលដ្ឋាន​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទីកន្លែង​កើតហេតុ​នៅ​ចំណុច​កោះ​ប្រឹម ភូមិ​ប្អៀរ ឃុំ​ថ្មី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​កាលពី​ថ្ងៃទី​ ១១ ខែ​សីហា បាន​បង្ហាញ​ថា ជនរងគ្រោះ​មួយ​គ្រួសារ​មាន​គ្នា​ ៤ ​នាក់​គឺ​ឪពុក-ម្ដាយ និង​កូនតូចៗ​ប្រុស-ស្រី​ ២ ​នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​យប់​ថ្ងៃ​ទី​ ៩ ខែ​សីហា​រួច​ដុត​ផ្ទះ​បំផ្លាញ​សាកសព​ដើម្បី​បំបាត់​ភ័ស្ដុតាង​ ឬ​បំភាន់​ភ្នែក​សមត្ថកិច្ច​ឲ្យ​យល់ច្រឡំ​ថា ជា​ករណី​ភ្លើង​ឆេះ​ផ្ទះ ប៉ុន្តែ​ដោយ​មាន​ការពិនិត្យ​ល្អិតល្អន់ និង​បាន​រកឃើញ​សម្បក​កាទូស​គ្រាប់​កាំភ្លើង​ AK-47 ​មួយ​ចំនួន​នៅ​កន្លែង​កើតហេតុ​ទើប​សមត្ថកិច្ច​ចាត់​ទុក​ករណី​នេះ​ថា​ជា​អំពើ​ «​ឃាតកម្ម​គិត​ទុក​ជាមុន​»​។

បើ​តាម​របាយការណ៍​ដដែល​ជនរងគ្រោះ​ក្នុង​អំពើ​ឃាតកម្ម​នេះ​រួមមាន​ឈ្មោះ ឆុំ ឈាន អាយុ​ ៤៣ ​ឆ្នាំ និង​ភរិយា​ឈ្មោះ ជួន សុខនាង អាយុ​ ៣៨ ​​ឆ្នាំ​ព្រមទាំង​កូនប្រុស ឈ្មោះ ឈាន ឈី អាយុ​ ១១ ​ឆ្នាំ និង​កូនស្រី ឈ្មោះ ឈាន វណ្ណី អាយុ​ ៩ ​ឆ្នាំ ។

ចំពោះ​សំណាក​សាកសព​ជនរងគ្រោះ​ដែល​មិន​ទាន់​ឆេះ​អស់​ត្រូវ​បាន​សមត្ថកិច្ច​កប់​ទុក​នៅ​លើ​ដី​នៃ​ទីតាំង​ផ្ទះ​របស់​ជនរងគ្រោះ​រីឯ​កម្ទេច​ឆ្អឹង​មួយ​ចំនួន​ត្រូវ​បាន​វេចខ្ចប់​ទុក​ប្រគល់​ជូន​សាច់ញាតិ ដើម្បី​នាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។

ទាក់ទិន​នឹង​បញ្ហា​នេះ​អ្នក​នាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក​លោក ស៊ឹង សែនករុណា បាន​ចាត់​ទុក​ថា​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រីកសាយ​នៃ​អំពើ​ហិង្សា​ក្នុង​សង្គម និង​ការធ្លាក់​ចុះ​នូវ​សីលធម៌​ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការយក​ចិត្ត​ទុកដាក់ និង​ផ្សព្វផ្សាយ​ការអប់រំ​អំពី​សីលធម៌ និង​ច្បាប់​ឲ្យ​បាន​ទូលំទូលាយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ករណី​ឃាតកម្ម​សម្លាប់​មនុស្ស​មួយ​គ្រួសារ និង​ដុត​ផ្ទះ​ចោល​បំបាត់​ភ័ស្ដុតាង​នេះ​បង្ហាញ​ថា​ជនល្មើស​មាន​ចរិត​ឃោរឃៅ​ព្រៃផ្សៃ មិន​ខ្លាច​ច្បាប់​»​។

ក្រៅពី​នោះ​លោក​ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​​ច្បាប់​ប្រឆាំង​ទៅ​លើ​ក្រុម​ជនដៃដល់​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ផង​ដែរ​៕