The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុរស ៤ នាក់​ស្នាក់​នៅ​អតីត​បក្ស​ប្រឆាំង​ត្រូវ​ដោះ​លែង ក្រោយ​សាកសួរ




បុរស ៤ នាក់​ស្នាក់​នៅ​អតីត​បក្ស​ប្រឆាំង​ត្រូវ​ដោះ​លែង ក្រោយ​សាកសួរ

Content image - Phnom Penh Post
បុរស ៤ នាក់ស្នាក់នៅអតីតស្នាក់ការបក្សប្រឆាំងត្រូវដោះលែងក្រោយសួរនាំ។ FN

បុរស ៤ នាក់​ស្នាក់​នៅ​អតីត​បក្ស​ប្រឆាំង​ត្រូវ​ដោះ​លែង ក្រោយ​សាកសួរ

ភ្នំពេញៈ បុរស​ចំនួន ៤ នាក់​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នាំខ្លួន​ទៅ​សាកសួរ​ទាំងយប់​អស់​​ជាច្រើន​ម៉ោង​នៅ​ប៉ុស្ដិ៍​នគរបាល​​ចាក់អង្រែលើ និង​បាន​ដោះលែង​វិញ​នៅវេលា​រំលង​អាធ្រាត្រ ដោយសារ​ពួកគេ​បាននាំ​គ្នា​ស្នាក់នៅ​ក្នុង​ទីស្នាក់ការ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ​ខណ្ឌ​មានជ័យ។

លោក​ អ៊ី អេក​ហ័ន ​សន្ដិសុខ​ នៃអតីត​គណបក្ស​សង្គ្រោះ​ជាតិ ​និង​បច្ចុប្បន្ន​ជា​សមាជិក​គណៈ​កម្មាធិការ​នាយក​គណបក្ស​ភ្លើងទៀន​ ហើយ​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​ទាំង ៤ នាក់​ ដែល​ត្រូវ​អាជ្ញាធរ​នាំខ្លួន​ទៅ​សាកសួរ​នោះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា ​ពួកលោក​ទាំង ៤​ នាក់​នេះ​គឺ​សុទ្ធតែជា​មន្ត្រី​របស់​គណបក្ស​ភ្លើង​ទៀន ​ដែល​​ប្រធាន​បក្ស​​នេះ ​លោក ទាវ ​វណ្ណុល ​បាន​​បង្គាប់​ឱ្យ​ដេកចាំ​យាម​របស់របរ​ស្ថិត​ក្នុង​ទីស្នាក់ការ​អតីត​គណបក្ស​​ប្រឆាំង​ជា​រៀង​រាល់​យប់។

លោក​បន្តថា​ មូលហេតុ​ដែល​មាន​ការ​នាំខ្លួន​ក្រុម​លោក​ទាំង​ ៤ នាក់​ទៅ​សាកសួរ ​គឺ​អាជ្ញាធរ​បានបញ្ជាក់​ថា ​ដោយសារ​ពួកលោក​ធ្វើ​សកម្ម​ភាព​រារាំង​មន្ត្រី​ដែល​ចុះ​ធ្វើ​ជំរឿន​នៅក្នុង​ទីស្នាក់ការ​អតីត​បក្ស​ប្រឆាំង​ ប៉ុន្តែ​លោក​បដិសេធថា​ ពុំមាន​ករណី​រារាំង​នេះ​ឡើយ។ លោក​បន្តថា​ អាជ្ញាធរ​ក៏បាន​សួរនាំ​អំពី​គោលបំណង ​ដែល​ក្រុម​លោក​ប្រមូល​ផ្ដុំគ្នា​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​នេះ​ដែរ។

លោក​បញ្ជាក់​ថា៖ «សួរ​តែ​ប៉ុណ្ណឹង​ដូច​ខ្ញុំ​បញ្ជាក់ ​គ្មាន​កិច្ចសន្យា​អី​ទេ គេ​គ្រាន់តែ​ឱ្យ​ផ្ដិត​មេដៃ​ដែល​គេ​បាន​ហៅ​មក​សាក​សួរ​ពីបទ​រារាំង​មន្ត្រី​ជំរឿន។ ខ្ញុំ​អត់ ​(រារាំង) ផង ​ពីព្រោះ​ខ្ញុំ​ទើប​មកពី​ការ​គេ អត់​ដឹងអី​ផងក្រោយពី​ងូ​ត​ទឹក​ និង​រៀបចំ​ញ៉ាំ​​បាយ​នៅឯ​ផ្ទះ ​ស្រាប់តែ​កូនចៅ​តេ​ទៅ​ថា​មាន​សមត្ថកិច្ច​ចង់​ចូល ​(ស្នាក់​ការ​បក្ស)​ នៅពេល​ខ្ញុំ​ចេញមក​ដល់​ គេ​យក​ទៅ​បណ្តោយ»។

កាលពី​ថ្ងៃទី ២៦ កុម្ភៈ ​ឆ្នាំ​ ២០១៨ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​​រឹបអូស​ទីស្នាក់​ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិត​​នៅក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មានជ័យ ​ដើម្បី​ជា​ការជំរុញ​ឱ្យ​លោក ​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ សង​បំណុល​ជាង ៤ ពាន់​លាន​រៀល​ ទៅ​លោក ​ហ៊ុន សែន ​និង​លោក ​ហេង សំរិន​ ដែល​បាន​ឈ្នះក្ដី​លោក សម រង្ស៊ី។

ទោះជា​មាន​ការ​រឹបអូស​នេះ​ក្ដី ​ប៉ុន្តែ​មន្ត្រី​នៃអតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​ ដែល​បច្ចុប្បន្ន​ធ្វើជា​មន្ត្រី​គណបក្ស​ភ្លើងទៀន ​តែង​ផ្លាស់​ប្ដូរវេន​គ្នា​ដេក​យាម​ទីស្នាក់ការ​បក្ស​នេះ​រហូតមក​ ដោយ​ពួកគេ​សំអាង​ថា ​មិនមាន​ដីកា​តុលាការ​ណាមួយ​ ដែល​បាន​ហាមឃាត់​មិនឱ្យ​ពួក​គេ​ចូលទៅ​ដេក​យាម​នៅ​ខាង​ក្នុង​ស្នាក់ការ​នោះ​ឡើយ។

លោក ​អេក​ហ័ន ​បន្តថា​៖ «ផ្ទះ​នៅរៀងៗ​ខ្លួន​នៅក្រៅ​ឯណោះ​ទេ​ ហើយ​យប់​ឡើង​មកជួយ​មើលគ្នា​ម្ដង ៤ នាក់​ម្ដង ៥ នាក់​ដូរ​គ្នា​អ៊ីចឹង​ទៅ​ ហើយ​បើ​ថា​អាជីព​ដេក​នៅក្នុង​ហ្នឹង​ផ្ទាល់​អត់​ទេ»។

អភិបាលរង​ខណ្ឌ​មានជ័យ ​លោក ឌី រ័ត្ន​ខេ​ម​រុណ ​បាន​បដិសេធ​មិន​ឆ្លើយ​ជុំវិញ​បញ្ហា​នេះ​ទេ ហើយ​លោក​ឱ្យសួរ​អភិបាល​ខណ្ឌ​លោក ពេជ្រ កែវ​មុនី ​ប៉ុន្តែ​លោក ពេជ្រ​ កែវ​មុនី​​ ​មិន​លើក​ទូរស័ព្ទ​ឡើយ។ រីឯ​លោក ម៉េ​ត មាស​ភក្ដី មន្ត្រី​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ក៏​មិនបាន​លើក​ទូរស័ព្ទ​ដែរ។

ចំណែក​លោក ​ម៉េង វិមាន​តារា ​អធិការ​នគរបាល​ខ​ណ្ឌ​មានជ័យ ​ក៏បាន​បដិសេធ​មិន​ចង់​ផ្ដល់​ព័ត៌មាន​តាម​ទូរស័ព្ទ​នោះដែរ ​ដោយសារ​លោក​មិន​ជឿ​ថា​ពិត​ជា​អ្នកសារ​ត៌មាន​ពី​កា​សែត​ភ្នំពេញ​ស្ដិ៍​ទូរស័ព្ទ​ទៅ​សួរ​នោះ​ឡើយ​។

ជុំវិញ​ករណីនេះ​ លោក​ ឃួង ស្រេង ​អភិបាល​រាជ​ធានី​ភ្នំពេញ ​បានប្រាប់​បណ្តាញ​ព័ត៌មាន​ Fresh News ថា​ នៅពេលដែល​មន្រ្តី​ចុះ​មក​​ធ្វើ​ជំរឿន​នាពេលថ្មីៗ​នេះ ​ពួកគេ​ប្រាប់ថា ​មិនមាន​មនុស្ស​នៅក្នុង​អតីត​ទីស្នាក់ការ​នោះទេ ​ប៉ុន្តែ​នៅយប់នោះ​ពេល​អាជ្ញាធរចុះមក​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ ​ក៏ដឹងថា​ មាន​មនុស្ស​នៅ​ខាង​ក្នុង។

ពេល​កម្លាំង​ចូល​ទៅរក ​ស្រាប់តែ​ ២ នាក់​បានដើរ​តាម​ក្បែរ​របង​ចេញ​មក​ក្រៅ ​និង​២នាក់​ទៀត​បានដើរ​ចេញ​មក​​តាម​ច្រកទ្វារ​ខាង​មុខ​ សមត្ថ​កិច្ច​សង្ស័យ​ផ្លោះ​របង​ ដូច្នេះ​ក៏ឃាត់​មក​សួរនាំ​តែម្តង៕

អត្ថបទគួរចាប់អារម្មណ៍