The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​ ៤ ​នាក់​ ដែល​គេ​​អះអាង​ថា ​ជា​ក្រុម​ចាប់​ជំរិត​ត្រូវ​បាញ់​ស្លាប់​ ​ខណៈ​ពួកគេ​បាន​បាញ់​មកលើ​អាវុធហត្ថ




បុរស​ ៤ ​នាក់​ ដែល​គេ​​អះអាង​ថា ​ជា​ក្រុម​ចាប់​ជំរិត​ត្រូវ​បាញ់​ស្លាប់​ ​ខណៈ​ពួកគេ​បាន​បាញ់​មកលើ​អាវុធហត្ថ

Content image - Phnom Penh Post
​ក្រុម​ចាប់​ជំរិត​ស្លាប់ ក្រោយប៉ះទង្គិចជាមួយសមត្ថកិច្ច។ រូបថត GRK

បុរស​ ៤ ​នាក់​ ដែល​គេ​​អះអាង​ថា ​ជា​ក្រុម​ចាប់​ជំរិត​ត្រូវ​បាញ់​ស្លាប់​ ​ខណៈ​ពួកគេ​បាន​បាញ់​មកលើ​អាវុធហត្ថ

ភ្នំពេញៈ បុរស​ ៤ ​នាក់​ដែល​ត្រូវបាន​គេ​អះអាងថា ជា​ក្រុម​ចោរប្លន់​ប្រដាប់អាវុធត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ បាញ់​សម្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ខណៈ​ពួកគេ​ធ្វើ​សកម្មភាព ចូល​ប្លន់​នឹង​ចាប់​ជំរិត​គ្រួសារ​អ្នកមាន​ស្ដុកស្ដម្ភ​មួយ ហើយ​បាន​បាញ់​មកលើ​កម្លាំង​កងរាជអាវុធហត្ថ​នៅក្នុង​បុរីអង្គរ​ភ្នំពេញ​ដែលមាន​ទីតាំង​ស្ថិត​នៅក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម Facebook របស់​កងរាជ​អាវុធហត្ថ រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​។

របាយការណ៍​ព័ត៌មាន​របស់​កងរាជអាវុធហត្ថ​នៅលើ Facebook មិនបាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​នៃ​ក្រុម​ដែល​ត្រូវបាន​អះអាងថា ជា​ចោរប្លន់​ប្រដាប់​អាវុធ​ទាំង​នោះទេ ហើយ​ក៏​មិន​ប្រាប់​ឱ្យ​ដឹងពី​អត្តសញ្ញាណ​នៃ​គ្រួសារ​ជនរងគ្រោះ ដែល​ត្រូវបាន​ក្រុមចោរ​ប្រដាប់អាវុធ​ទាំងនោះ​ចូល​ទៅ​ប្លន់ និង​ចាប់ជំរិត​នោះដែរ​។

ហ្វេសប៊ុក​កងរាជអាវុធហត្ថ​សរសេរ​ថា ក្រុមចោរ​ប្រដាប់អាវុធ​ទាំងនោះ​ដែល​ត្រូវបាន​បាញ់សម្លាប់​កាលពី​ម្សិលមិញ​មាន​កាំភ្លើង​ Ak ១ ​ដើម និង​កាំភ្លើងខ្លី ២ ​ដើម​បាន​រៀបចំ​ផែនការ​ចាប់ជំរិត​ម្ចាស់ផ្ទះ​ទារប្រាក់​ចំនួន​ ១ ​លាន​ដុល្លារ និង​មាន​គម្រោង​បាញ់សម្លាប់​ប្ដី-ប្រពន្ធ​ម្ចាស់ផ្ទះ ព្រមទាំង​កូនឈ្នួល​ ២ ​នាក់​ដែល​បម្រើ​ការងារ​នៅក្នុង​គ្រួសារ​នោះ​។

របាយការណ៍​ព័ត៌មាន​នោះ​បាន​សរសេរ​ទៀតថា ក្រុមចោរ​ប្រដាប់អាវុធ​បាន​បាញ់រះ​ទៅលើ​ក្រុម​កម្លាំង​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ជាច្រើន​គ្រាប់​មុន ហើយ​ភ្លាមៗ​នោះ ក្រុម​កម្លាំង​កងរាជអាវុធហត្ថ​ក៏​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​បាញ់​តប​ទៅលើ​ពួកគេ​វិញ បណ្ដាល​ឱ្យ​ក្រុមចោរ​ប្រដាប់​អាវុធ​ទាំង​ ៤ ​នាក់​នោះ​ស្លាប់​នៅនឹង​កន្លែង​កើតហេតុ​។ ចំណែក​ម្ចាស់ផ្ទះ ព្រមទាំង​សមត្ថកិច្ច​ «​មាន​សុវត្ថិភាព​ទាំងអស់​»​។

ទោះជា​បែបណា​ក្ដី របាយការណ៍​ព័ត៌មាន​នោះ​មិន​បាន​ប្រាប់​លម្អិត​អំពី​មូលហេតុ​ដែល​នាំឱ្យ​មាន​កិច្ចអន្តរាគមន៍​ទាន់​ពេលវេលា​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ការជួយសង្គ្រោះ​ម្ចាស់ផ្ទះ​ពី​កណ្ដាប់ដៃ​នៃ​ជន​ប្រដាប់​អាវុធ​នោះទេ​។

លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក ម៉ាំង សុខលុច្យ និង លោកពូ ដាវី មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មិនអាច​ទាក់ទង​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ​ពីថ្ងៃ​ម្សិលមិញ​ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង តែ​គ្មាន​អ្នក​លើក​។

ទោះយ៉ាងណា ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ព្យាយាម​ទាក់ទង​ស្នើសុំ​ការពន្យល់​ពី​លោក​ រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ប្រតិបត្តិការ​នោះ ប៉ុន្តែ​លោក​បាន​ប្រាប់ថា​៖ «​ព័ត៌មាន​បឋម​ ឬ​ពិស្ដារ​សូម​មើល​និង​ដកស្រង់​តាម Freshnews»​។

ចំណែក​លោក សាន សុខសីហា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ហួ ម៉េងវ៉ាង អធិការ​ខណ្ឌ​សែនសុខ​ក៏បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​ផងដែរ កាលពី​ម្សិលមិញ​ដោយ​លោក​ទាំង​ ២ ​បាន​ថ្លែងថា កម្លាំង​នគរបាល​មិនបាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​នោះទេ និង​បាន​ជំរុញ​ឱ្យ​សួរ​ទៅ​ម្ចាស់​ករណី​គឺ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។

ទោះយ៉ាងណា ប្រភពពី​មន្ត្រី​កងរាជ​អាវុធហត្ថ​ម្នាក់​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ករណី​ខាងលើនេះ គឺ​ម្ចាស់ផ្ទះ​បាន​ដឹងខ្លួន​ជាមុន និង​បាន​ស្នើសុំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​មកជួយ​អន្តរាគមន៍ ការពារ​សុវត្ថិភាព និង​ស្រាវជ្រាវ​បង្ក្រាប​ចាប់​ពួកគេ ដោយនៅ​ក្នុងចំណោម​ក្រុមចោរ​ប្រដាប់អាវុធ​ទាំង​ ៤ ​នាក់​នោះ​មាន​ម្នាក់​ធ្លាប់​បាន​បម្រើ​ការងារ​ឱ្យ​គ្រួសារ​ម្ចាស់ផ្ទះ​នោះ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍