ឧត្ដរមានជ័យៈ មន្ត្រី​នគរ​បាល​មូល​ដ្ឋានបាន​និយាយ​កាល​ពីម្សិល​មិញ​ថា​ បុរស​ម្នាក់​បាន​រងរបួស​យ៉ាង​ដំណំ ​បន្ទាប់​ពី​គាត់​បើក​ត្រាក់​ទ័រ​ភ្ជួរ​ដី​ ដើម្បី​ដាំ​ដំឡូង​មីហើយ​ប៉ះចំ​គ្រាប់​មីន​តោន​បណ្ដាល​ឲ្យ​ផ្ទុះ។ ហេតុកា​រណ៍​​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី ​២៧​ ខែ កុម្ភៈ​ ឆ្នាំ ២០២១ ​នៅ​ចំណុច​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រិ​យ៍​ស្រុក​អន្លង់​វែង ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ។

លោក​ ហ៊ីង​ ថឹ​ង នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ត្រពាំង​ប្រី​យ៍បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា បុរសរងគ្រោះ​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ ឈ្មោះ អុង សិលា​ អាយុ ២៥​ ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​អា​នុ​ក​ ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប។ គាត់​បាន​ទិញ​ដីស្រែ​គេ​នៅក្នុង​តំបន់​កើត​ហេតុ​កាល​ពី​ឆ្នាំមុន។

លោក​បាន​ថ្លែង​ថា៖ «នៅ​ថ្ងៃកើត​ហេតុ គាត់​បាន​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​រាស់​ដីស្រែ​នោះ ដើម្បី​ដាំដំឡូង​មី។ គាត់​ទើ​បតែ​ភ្ជួរ​បាន​ ១​ គន្លង​រៀប​នឹង​បត់ចូល​គន្លង​ទី២ ក៏​ប៉ះចំ​គ្រាប់មី​ន បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​កង់​មុខ បណ្ដាល​ឲ្យ​ក្រឡាប់​ត្រាក់ទ័រ បោក​ទៅលើ​ដី បង្ក​ឲ្យ​គាត់​រងរបួស​បែក​ច្រមុះ​និង​ត្រូវ​កម្ទេច​ដី​ចូល​ភ្នែក ប៉ុន្តែ​មិន​បង្ក​ឲ្យ​គាត់​ពិការ​នោះទេ»។

លោក ​ថឹ​ង​ បាន​បន្តថា ក្រោយ​កើត​ហេតុជ​​នរងគ្រោះត្រូវបាន​សមត្ថ​កិច្ច​និង​ក្រុម​គ្រួសារ​ដឹកតាម​រថយន្ត​ទៅ​កាន់​មណ្ឌល​សុខភាព​ត្រពាំង​តាវ​ ដើម្បី​ជួយ​លាង​របួស។ បន្ទាប់មក​គាត់​ត្រូវបាន​បុគ្គលិក​សុខាភិ​បាល​នៃ​មណ្ឌល​សុខភាព​នោះ​ជួយ​អន្តរា​គមន៍ បញ្ជូន​បន្ត​ទៅកាន់​មន្ទី​រពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ដើម្បី​ពិនិត្យ​ព្យា​បាល។

នេះ​ជា​ជន​រងគ្រោះ​ទី៣ ដោយ​សារ​ករណី​ផ្ទុះ​គ្រាប់​មីន នៅ​ស្រុក​អន្លង់​វែង ក្នុង​រយៈ​ពេល​ ២ ខែ​ឆ្នាំ ២០២១។ កាល​ពី​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ​ ២០២១ កន្លង​ទៅនេះ នាយក​សាលា​បឋម​សិក្សា​លំ​ទង​ឈ្មោះ​ ស៊ុម ​គង់ អាយុ ៤២ ឆ្នាំ មាន​លំនៅក្នុងភូមិ​ភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់​វេ​ង និងអ្នកបើកបរ​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ម្នាក់​ឈ្មោះ លេខ ឡៃ អាយុ ១៦ ឆ្នាំ បាន​រងរបួស​ធ្ងន់​និង​ស្រាល ​បន្ទាប់ពី​គ្រឿងចក្រ​បាន​ជីក​កាយ​ប្រឡាយ​ហ៊ុមព័ទ្ធ​ដីចម្ការ​របស់គាត់ ប៉ះចំ​គ្រាប់មីន​បណ្ដាល​ឲ្យ​ផ្ទុះ ដាច់​ច្រវាក់​ម្ខាង​ហើយ​បំណែក​គ្រាប់​បាន​ខ្ទាត​ប៉ះ​ត្រូវ​ពួក​គាត់​ពិសេស​លោក ស៊ុម គង់ ដែល​ឈរ​នៅ​ជិត​គ្រឿងច​ក្រ​នោះ​​៕