ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ថ្លែង​ថា​ថ្វីដ្បិត​ឆ្នាំនេះ​កម្ពុជា និង​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដែល​មិនទាន់​មាន​ភាពច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ ក៏​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២០-២០២១ នៅថ្ងៃនេះ ក្រោម​ទស្សនទាន​ថ្មី​គឺ «​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​»​។

តាមរយៈ​លិខិត​របស់​នាយករដ្ឋមន្ត្រី​ថ្ងៃនេះ​ក្នុង​ឱកាស​បើក​បវេសនកាល​ថ្មី លោក​ក៏​ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈ​គ្រប់គ្រង​សាលារៀន​។ ជាពិសេស​លោកគ្រូ អ្នកគ្រូ ដែល​បាន​ពុះពារ​ឧបសគ្គ​គ្រប់បែបយ៉ាង​ក្នុង​ការគាំទ្រ និង​ផ្ដល់នូវ​ការរៀនសូត្រ​ដល់​សិស្សានុសិស្ស និស្សិត​តាម​គ្រប់​រូបភាព​ក្នុង​អំឡុងពេល​នៃ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ថ្ងៃទី​ ១១ ខែ មករា ឆ្នាំ​ ២០២១ គឺជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​នៃ​ការចាប់ផ្ដើម​ជីវិត​សិក្សា​ដំបូង​របស់​សិស្សានុសិស្ស និស្សិត​ និង​កុលបុត្រ កុលធីតា​របស់​កម្ពុជា បន្ទាប់ពី​បាន​ឆ្លងកាត់​ និង​ទទួល​នូវ​បទពិសោធ​នៃ​ការអប់រំ​ក្នុង​សម័យ​កូវីដ ​១៩ ក្នុង​ឆ្នាំ​សិក្សា​ ២០១៩-២០២០ កន្លងមក​នេះ ទោះបី​ជា​ក្នុង​រូបភាព​ខុសគ្នា​យ៉ាងណា​ក៏ដោយ​»​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា ចាប់តាំងពី​ខែ​មីនា ឆ្នាំ​ ២០២០ ​មកទល់​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ដ៏មាន​ប្រសិទ្ធភាព ឆ្លើយតប​នឹង​ការបង្ការ​និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

បើតាម​លិខិត​របស់​លោក​នាយករដ្ឋមន្ដ្រី ក្រសួង​អប់រំ​ក៏បាន​អនុវត្ដ​ការផ្អាក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​ជា​បណ្ដោះអាសន្ន​នៅ​កន្លែង​ណា​ដែលមាន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូវីដ​១៩ និង​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ​ជា​ដំណាក់កាលៗ​។ ប្រការ​នេះ​អាច​ធានាបាន​ទាំង​សុវត្ថិភាព សុខភាព របស់លោក​គ្រូ អ្នកគ្រូ សិស្សានុសិស្ស​ និង​ធានាបាន​នូវ​ការរៀនសូត្រ​របស់​សិស្ស និស្សិត រហូត​ដល់​ឆ្នាំ​សិក្សា ២០១៩-២០២០ ត្រូវ​បាន​ប្រកាស​បិទ​បញ្ចប់​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​ ២០២០​។

លោក​ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាល​នឹង​ផ្ដល់​អាទិភាព​ទី​ ១ លើ​វិស័យ​អប់រំ និង​សុខាភិបាល បន្ទាប់ពី​កម្ពុជា​ទទួលផល​ពី​តំណក់ប្រេង​ដំបូង​ស្របពេល​នៃ​ខួប​ ២២ ​ឆ្នាំ​នៃ​នយោបាយ​ឈ្នះ ឈ្នះ​របស់​លោក​ក្នុង​ការបញ្ចប់សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ក្រសួង​អប់រំ​ត្រូវ​បន្ត​ដឹកនាំ​ និង​អនុវត្ដ​នូវ​ទស្សនទាន ថ្មី​ “​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​” ដោយ​គិតគូរ​អំពី​ជម្រើស​ឱ្យ​បាន​ច្រើន​ក្នុង​ការផ្ដល់សេវា​អប់រំ​។ ជាពិសេស​ដំណើរ​ការបង្រៀន​ និង​រៀន ដែល​មាន​ភាពទន់ភ្លន់​ និង​ធ្វើ​វិមជ្ឈការ​នៃ​សេវា​អប់រំ អាស្រ័យ​ទៅតាម​ទីតាំង​ភូមិសាស្ដ្រ ស្ថានភាព​នៃ​ហានិភ័យ​ឆ្លង​រីក​រាលដាល​កូវីដ​១៩ និង​ស្ថានភាព​អប់រំ​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ថ្លែង​ពី​ម្សិលមិញ​ថា ក្រសួង​អប់រំ បើក​បវេសនកាល​ឆ្នាំ​សិក្សា​ ២០២០-២០២១ នៅ​ថ្ងៃ​ ១១ មករា ២០២១ កម្រិត​ទូទាំង​ប្រទេស​។ សាលារៀន​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​បន្ត​ប្រើប្រាស់​ជា​មណ្ឌល​ចត្តាឡីស័ក​តែ​មិន​ប៉ះពាល់​ដល់​ដំណើរ​ការរៀន និង​បង្រៀន​របស់​សិស្ស​ទេ ដោយសារ​សិស្សសាលា​នោះ​ត្រូវ​បាន​បង្វែរ​ឱ្យទៅ​រៀន​នៅ​សាលារៀន​ផ្សេង ដែល​មាន​ទីតាំង​នៅក្បែរ​នោះ​។

លោក​ថ្លែងថា​៖ «​សាលារៀន​មួយចំនួន​តូច​ស្ថិត​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​ ក៏​នៅ​បន្ត​ប្រើប្រាស់​ជា​មណ្ឌល​ចត្តាឡីស័ក​ដែរ​។ ក្រសួង​អប់រំ​បាន​ប្រគល់​សិទ្ធិ​សម្រេច​ជូន​មន្ទីរអប់រំ សហការ​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ករណី​សាលារៀន​ដែល​ដើរតួនាទី​ជា​មណ្ឌល​ចត្តាឡីស័ក​»​។

លោក​ លី សារី អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ​ឱ្យដឹងពី​ម្សិលមិញ​ថា បច្ចុប្បន្ន​ខេត្ដ​បន្ទាយមានជ័យ​នៅតែមាន​ពលករ​ចំណាកស្រុក​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ក្នុង​ ១ ​ថ្ងៃ​មាន​ប្រមាណ​ ២០-៣០​ នាក់​ពលរដ្ឋ ចំណាកស្រុក​កំពុង​ធ្វើ​ចត្ដាឡីស័ក​មាន​ចំនួន​ជាង​ ១ ​ពាន់​នាក់​។

លោក​ថ្លែងថា​៖ «​ខេត្ដ​យើង​បាន​យក​សាលារៀន​នៅតាម​ស្រុក​ជាប់​ព្រំដែន​ប្រហែល​ ៧ ​សាលា សម្រាប់​ធ្វើ​ចត្ដាឡីស័ក​ពលករ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ​។ យើង​ប្រាកដ​ជា​ត្រូវ​ពន្យារពេល​ឱ្យ​សិស្ស​ចូលរៀន​សិន​ហើយ​»​។

លោក​ ប៉ិច បូឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា ថ្លែងថា​៖ «​សាលារៀន​នៅ​វិស័យ​ឯកជន​យើង​ក៏បាន​អនុវត្ដ​តាម​ការណែនាំ​ស្ដង់ដា​សុខភាព​របស់​ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល​បាន​ល្អ​ដែរ​។ សាលារៀន​រដ្ឋ​បាន​អនុវត្ដ​ស្ដង់ដា​ការបង្រៀន​បែប​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​បានល្អ​»៕