ភ្នំពេញៈ បេក្ខជនចំនួន ៧៩ ០៥២ នាក់ ស្មើនឹង ៦៨,៦២ ភាគរយ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាក់ឌុបក្នុងឆ្នាំ ២០១៩ នេះក្នុងចំណោមបេក្ខជនសរុបចំនួន ១១៧ ០៤៣ នាក់ គឺកើនឡើង ១,៥៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ក្នុងនោះបេក្ខជនដែលប្រឡងជាប់និទ្ទេស A មានចំនួន ៤៤៣ នាក់ ក៏មានការកើនឡើងច្រើនជាងឆ្នាំមុនផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំកាលពីថ្ងៃចន្ទ។
សេចក្តីប្រកាសព័ត៌មានបន្តថា បេក្ខជនដែលប្រឡងជាប់និទ្ទេស A មាន ៤៤៣ នាក់ កើនឡើង ៣៥ នាក់ បើធៀបនឹងឆ្នាំ ២០១៨ ដែលមាន ៤០៨ នាក់។ និទ្ទេស B មាន ២ ៤៣០ នាក់ កើនឡើង ២០៨ នាក់ ធៀបនឹងឆ្នាំមុនដែលមាន ២ ២២២ នាក់។ និទ្ទេស C មាន ៥ ៨៤៧ នាក់ ធ្លាក់ចុះ ១៩៤ នាក់ បើធៀបឆ្នាំមុនដែលមាន ៦ ០៤១ នាក់។ និទ្ទេស D មាន ១៤ ១០០ នាក់ ធ្លាក់ចុះ ១ ០៨០ នាក់ ធៀបនឹងឆ្នាំមុនដែលមាន ១៥ ១៨០ នាក់។ និទ្ទេស E មាន ៥៦ ២៣២ នាក់ កើនឡើង ៤ ០៤៩ នាក់ បើធៀបឆ្នាំ ២០១៨។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន រាជធានី-ខេត្តចំនួន ២១ មានបេក្ខជនប្រឡងជាប់និទ្ទេស A។ រាជធានីភ្នំពេញមានបេក្ខជនជាប់និទ្ទេស A ច្រើនជាងគេដែលមានដល់ទៅ ១៤១ នាក់ បន្ទាប់មកខេត្តសៀមរាបមាន ៣៨ នាក់ និងខេត្តបាត់ដំបង មាន ៣២ នាក់។ ខេត្តដែលមានបេក្ខជនជាប់និទ្ទេស A តិចជាងគេគឺខេត្តឧត្តរមានជ័យមណ្ឌលគិរី និងកោះកុងដែលមាន ១ នាក់ ក្នុងមួយខេត្ត។ ខេត្ត ៤ ដែលមិនមានបេក្ខជនជាប់និទ្ទេស A គឺមានខេត្តស្ទឹងត្រែង ព្រះវិហារ កែប និងប៉ៃលិន។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃចន្ទថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំ ២០១៩ នេះឆ្លុះបញ្ចាំងពីការងារកំណែទម្រង់អប់រំ យុវជន និងកីឡា ជាពិសេសលើកំណែទម្រង់ប្រឡងបាក់ឌុបតាំងពីឆ្នាំ ២០១៤ មកដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ស្របជាមួយនឹងទស្សនទាន «អ្នកចេះ គឺជាប់»។
លោកបន្តថាក្រសួងនឹងបន្តបេសកកម្មរបស់ខ្លួនដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពធនធានមនុស្ស សម្រាប់អភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា។
លោកថ្លែងថា៖ «ក្រសួងអប់រំ យុវជន និងកីឡាបន្តស្វាគមន៍មតិរិះគន់ស្ថាបនា។ ក្រសួងជឿជាក់ថា លទ្ធផលឆ្នាំនេះមានសុក្រឹតភាព និងប្រសិទ្ធភាពក្នុងគ្រប់ដំណាក់កាលនៃការប្រឡងដោយមានកិច្ចសហការវិជ្ជមានពីគ្រប់ភាគីពាក់ព័ន្ធដូចជា អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងស្ថាប័ននានា បេក្ខជនប្រឡង និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់»។
បន្ទាប់ពីប្រកាសលទ្ធផលយុវជន ខុម វណ្ណាដែត ដែលប្រឡងជាប់នៅមណ្ឌលអនុវិទ្យាល័យចតុមុខ ហើយជាបេក្ខជនដែលប្រឡងធ្លាក់កាលពីឆ្នាំមុនបានថ្លែងថា ការចេញវិញ្ញាសាប្រឡងឆ្នាំនេះគឺអាចទទួលយកបាន។
វណ្ណាដែត បានបញ្ជាក់ថា៖ «[លទ្ធផល] ទទួលយកបាន។ យើងធ្លាក់ ១ ឆ្នាំហើយ។ អ៊ីចឹងឆ្នាំហ្នឹង យើងយកជាប់បានហើយ បាននិទ្ទេសគ្រាន់បើដែរ»។
យុវជន យ៉ា សាសរី ដែលប្រឡងជាប់នៅមណ្ឌលអនុវិទ្យាល័យចតុមុខនេះដែរបានថ្លែងថា ដំណើរការប្រឡងនៅឆ្នាំនេះបានប្រព្រឹត្តទៅដោយរលូនល្អ។ ចំពោះវិញ្ញាសាវិញ គឺសិស្សអាចធ្វើបាន តែអនុរក្ស និងអប្បមាទមានភាពតឹងរ៉ឹង។
សាសរី បន្តថា៖ «អារឿងលួចមើល លួចអីហ្នឹង ដូចអត់មានទេ គឺល្អ»។
យុវតី ស្រាំង បុប្ផា ដែលក៏បានប្រឡងជាប់នៅមណ្ឌលអនុវិទ្យាល័យចតុមុខដែរនោះបានថ្លែងថា កញ្ញាទទួលបានលទ្ធផលលើសពីការរំពឹងទុកគឺទទួលបាននិទ្ទេស C។ កញ្ញានិយាយថា លំហាត់ខ្លះកញ្ញាធ្វើមិនបានច្រើននោះទេ ព្រោះវិញ្ញាសាចេញខុសពីការរៀន។ បុប្ផា និយាយថា៖ «លក្ខណៈថាចង់ឱ្យគាត់ [ក្រសួង] រាងបន្ធូរបន្ថយជាងហ្នឹងអ៊ីចឹងណា។ ឱ្យសិស្សជំនាន់ក្រោយប្រឡងជាប់ទាំងអស់គ្នា»។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានថ្លែងកាលពីថ្ងៃចន្ទថា ភាពខុសគ្នានៃការទទួលបាននិទ្ទេសល្អ និងចំនួននៃការប្រឡងជាប់ពីខេត្តមួយទៅខេត្តមួយ ឃើញថានៅតែជាបញ្ហាមួយដែលមានគម្លាត។ សិស្សនៅមានចំណេះដឹងខុសគ្នា។ សិស្សនៅទីប្រជុំជនមានឱកាសបានរៀនសូត្រច្រើន និងប្រឡងជាប់ច្រើន។ សិស្សនៅទីជនបទដែលទទួលបាននិទ្ទេសល្អនៅមានចំនួនតិចនៅឡើយ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា បញ្ហានេះវាអាចបណ្តាលមកពីគម្លាតនៃលទ្ធភាពទទួលបាននូវការរៀនសូត្រស្មើៗគ្នា។ អ៊ីចឹងគម្លាតនេះហើយ យើងចង់ឱ្យមានការចាត់វិធានការបន្ទាន់ ដើម្បីកាត់បន្ថយនូវគម្លាតនៃចំណេះដឹងរបស់គាត់ សិស្សថ្នាក់វិទ្យាល័យហ្នឹង»។
ការប្រឡងបាក់ឌុបឆ្នាំនេះធ្វើឡើងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែ សីហា។
បើតាមការប្រកាសរបស់ក្រសួងអប់រំ ដំណើរការប្រឡងរបស់សិស្ស ការកែវិញ្ញាសា និងការបូកពិន្ទុដោយកុំព្យូទ័របានប្រព្រឹត្តទៅដោយរលូនគឺពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ៕