ភ្នំពេញៈ បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) ​ប្រមាណ​ជាង​ ១៥០ ​នាក់​ បាន​នាំគ្នា​មក​តវ៉ា​នៅ​ក្រសួង​អប់រំ​កាលពី​ម្សិលមិញ​ដើម្បី​ទាមទារ​ឱ្យ​ពិនិត្យ​លើ​លទ្ធផល​ប្រឡង​ឡើងវិញ ដោយហេតុ​ពួកគេ​អះអាង​ថា​លទ្ធផល​មាន​បញ្ហា​។

បេក្ខជន​ម្នាក់ៗ​បាន​ដាក់​ញតិ្ត​ដល់​ក្រសួង​ដើម្បី​ឲ្យ​ត្រួតពិនិត្យ​ និង​ពិចារណា​លទ្ធផល​ឡើង​វិញ ក្រោយមក​ទើប​រំសាយ​ការប្រមូលផ្ដុំ​។

បេក្ខជន សុខ ដានីយ៉ែល ដែល​ទទួល​បាន​លទ្ធផល​ធា្លក់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា គេ​ធ្វើបាន​ច្រើន​ក្នុង​ពេល​ប្រឡង តែ​លទ្ធផល​ទទួល​បាន F ជាច្រើន​មុខវិជ្ជា​ដែល​លទ្ធផល​នេះ​មិន​ស័ក្តិសម​ទៅនឹង​អ្វីដែល​គេ​បានធ្វើ​។

បេក្ខជន សុខ ដានីយ៉ែល បាន​ថ្លែងថា​៖ «​អ្នកខ្លះ​ជាប់​តែ​ ២ ​មុខ​ទេ ហើយ​គេ​ជាប់​។ តែ​អ្នក​ខ្លះ​ (​ជាប់​) ២​ មុខ​ធ្លាក់​បាត់​...​។ និយាយ​ទៅ ខ្ញុំ​ចង់​តវ៉ា​ទាំងអស់​ ៥ ​មុខ​ហ្មង គណិត រូប គីមី ជីវៈ ហើយ​ប្រវត្តិ​»​។

ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បេក្ខនារី​ដែល​ប្រឡង​ធ្លាក់​ដែរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការដែល​នាង​មក​តវ៉ា​នេះ ព្រោះ​ចង់ដឹង​មូលហេតុ​ដែល​ក្រសួង​មិន​បញ្ចេញ​លំដាប់​ពិន្ទុ​នេះ​។

បេក្ខនារី​រូបនេះ​ថ្លែង​ថា​៖ «​ការមិន​បញ្ចេញ​លំដាប់​ពិន្ទុ​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មិន​បាន​ដឹងថា ទទួល​បាន​ពិន្ទុ​ប៉ុន្មាន​នោះ​ទេ ហើយ​លើស​ពី​នេះ ខ្ញុំ​មិន​ជឿថា មុខវិជ្ជា​ ៣ ​មាន​រូបវិទ្យា គីមីវិទ្យា និង​ប្រវតិ្តវិទ្យា​ទទួល​បាន​លទ្ធផល​ធ្លាក់​នោះ​ទេ ព្រោះ​ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​ធ្វើ​មក​បាន​ច្រើន​។ មាន​ចម្លើយ​មាន​អី​ត្រឹមត្រូវ​អ៊ីចឹង​។ ខ្ញុំ​ចង់ឱ្យ​ក្រសួង​បញ្ចេញ​អត្រាកំណែ និង​លំដាប់​ពិន្ទុ​ដើម្បី​ផ្ទៀងផ្ទាត់​ចម្លើយ​ដែល​ខ្ញុំ​បានធ្វើ​ជាមួយ​នឹង​ការចេញ​ពិន្ទុ​ពី​ក្រសួង ថា​តើ​ពិន្ទុ​ដែល​ក្រសួង​បាន​កែ​​ត្រឹមត្រូវ​ឬទេ​?»​។

បេក្ខជន​មួយរូប​ទៀត​ដែល​ប្រឡង​ជាប់​និទ្ទេស C ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​មក​តវ៉ា​នេះ​ព្រោះ​មុខវិជ្ជា​គណិតវិទ្យា​ដែល​គេ​បាន​ទទួល​បាន​ពិន្ទុ​ទាប​ខុស​ពី​ការគិត​គឺ​ទទួល​បាន D​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​សិស្ស​ពូកែ​ដែរ​។ ណាមួយ​វិញ្ញាសា​គណិត​ដែល​ខ្ញុំ​ប្រឡង​នៅ​ថ្ងៃ​ប្រឡង​ហ្នឹង ខ្ញុំ​ធ្វើ​បាន​ទាំងអស់ ៩៥ ​ភាគរយ​។ ហើយ​ប្រាកដ​ត្រូវ​ ៨០ ​ភាគរយ​។ គណិត​ខ្ញុំ​រំពឹង​ចន្លោះ​អត្រា​ពិន្ទុ​ពី​ ១០០ ​ទៅ​ ១១៥ ពី B ទៅ A»​។

បេក្ខនារី លិន សូលក្ខបញ្ញា ដែល​ទទួល​បាន​លទ្ធផល​ធ្លាក់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​បង្ហាញ​ការមិន​សប្បាយចិត្ត​នឹង​លទ្ធផល​ប្រឡង​របស់​នាង​នេះ​ទេ ពីព្រោះ​វា​ផ្ទុយ​ពី​អ្វី​ដែល​នាង​ធ្លាប់​រំពឹងថា​នឹង​បាន​ទទួល​បាន​លទ្ធផល​ជាប់​។

សូលក្ខបញ្ញា ថ្លែងថា​៖ «​ខ្ញុំ​ទទួល​មិន​បានទេ​ចំពោះ​លទ្ធផល​នេះ ព្រោះ​ខ្ញុំ​ខំប្រឹង​រៀន​ដូច​សិស្ស​ដទៃ​ទៀត​ដែរ បែរ​ជា​ប្រឡង​ធ្លាក់ រីឯ​សិស្ស​ដទៃ​ប្រឡង​ជាប់​ទៅវិញ​។ ខ្ញុំ​បាន​យក​អ្វី​ដែល​បាន​ធ្វើ​នៅពេល​ប្រឡង​មក​ផ្ទៀងផ្ទាត់​ឡើងវិញ ហើយ​ឃើញ​ថា​ត្រូវ​ដែល​អាច​ទទួល​បាន​លទ្ធផល​ជាប់​បាន តែ​លទ្ធផល​បែរជា​ធ្លាក់​ទៅវិញ​»​។

លិន សូលក្ខបញ្ញា ថ្លែងថា​៖ «​ខ្ញុំ​រៀន ហើយ​នៅ​តែ​ធ្លាក់​។

អ៊ីចឹង​ខ្ញុំ​ត្រូវការ​យុត្តិធម៌​ដើម្បី​ឱ្យជួយ​កែ​ឡើងវិញ​»​។

ការប្រកាស​លទ្ធផល​ប្រឡង​បាន​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ​ដែល​បេក្ខជន​ចំនួន ៧៩ ០៥២ នាក់​ស្មើនឹង ៦៨,៦២ ភាគរយ​បាន​ប្រឡង​ជាប់​ក្នុង​ចំណោម​បេក្ខជន​សរុប​ចំនួន ១១៧ ០៤៣ នាក់​គឺ​កើនឡើង ១,៥៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ក្រសួង​អប់រំ​មិន​មាន​គោលការណ៍​បើកចំហ​ជូន​បេក្ខជន​ដូច​កាលពី​ឆ្នាំមុន​នោះទេ​។ ក្រសួង​យល់​ពី​មនោសញ្ចេតនា​របស់​បេក្ខជន និង​ក្រុមគ្រួសារ ក្រោយ​ពី​ទទួល​លទ្ធផល​ប្រឡង​បាក់ឌុប​នីមួយៗ​។

លោក វាចា បន្តថា ជាទូទៅ​ក្រសួង​ស្វាគមន៍​មតិ​រិះគន់​ស្ថាបនា និង​ឆ្លើយតប​តាម​ភាពចាំបាច់ និង​តាម​គោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួល​យក​បាន​។

លោក រស់ សុវាចា បញ្ជាក់ថា​៖ «​សុក្រឹតភាព និង​ប្រសិទ្ធភាព​នៃ​គ្រប់​ដំណាក់កាល​ប្រឡង​ឆ្នាំ​នេះ​បាន​មកពី​កិច្ចសហការ​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រុម​ការងារ​កំណែ​ក្រដាស​កិច្ចការ​បេក្ខជន ក្រុម​ការងារ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​។ ដូច​ ៥ ​ឆ្នាំ​កន្លង​មក​ក្រសួង​ក៏បាន​ទទួល​កិច្ចសហការ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្រសួងមហាផ្ទៃ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រសួង​ស្ថាប័ន​នានា​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ទិញ IPad ដល់​សិស្ស​ជាប់​និទ្ទេស A ម្នាក់​ ១ ​គ្រឿង​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​បាន​បង្ហោះ​តាម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ពុធ​។

ឆ្នាំនេះ​បេក្ខជន​ដែល​ប្រឡង​ជាប់​និទ្ទេស A មាន ៤៤៣ នាក់​កើនឡើង ៣៥ ​នាក់​បើ​ធៀប​នឹង​ឆ្នាំមុន​ដែល​មាន ៤០៨ នាក់ មាន​ ២១ រាជធានី-ខេត្ត​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ក្រសួង​អប់រំ​គួរតែ​ពិនិត្យ​នូវ​វិញ្ញាសា​ដែល​សិស្សានុសិស្ស​មិនអាច​ទទួល​យក​បាន​។ ក្រសួង​គួរតែ​យកចិត្ត​ទុកដាក់​ខ្ពស់ ដើម្បី​ឱ្យ​ពួកគាត់​អស់ចិត្ត និង​កុំឱ្យ​ពួកគាត់​មាន​វិប្បដិសារី ពីព្រោះ​រយៈពេល​ ១២ ​ឆ្នាំ​ទម្រាំ​តែ​ពួកគាត់​បាន​ប្រឡង​បាក់ឌុប​។

លោកស្រី អ៊ុក ឆាយ៉ាវី បញ្ជាក់ថា​៖ «​អ្វីដែល​ធ្វើឱ្យ​គាត់​ទុកចិត្ត​បំផុត [​គឺ​] បាន​ឃើញថា យើង​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​វិញ្ញាសា​ដែល​គាត់​ធ្វើ​។ យើង​អត់​អាច​ធ្វេសប្រហែស ឬ​ក៏​បន្ទោស​លើ​បច្ចេកទេស​កុំព្យូទ័រ ព្រោះ​អី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​មាន​ប្រសាសន៍​ហើយ​ថា មិន​ឱ្យ​មាន​ការ​ខុសឆ្គង​ទៀត​ទេ​។ ដូច្នេះ បើសិន​ជា​មាន​សិស្សានុសិស្ស​យើង​ចង់​ឱ្យ​មើល [​ពិនិត្យ​មើល​] ​សំណៅ​ឯកសារ​គាត់​ម្តង​ទៀត គួរ​យើង​អ្នក​ដែល​ទទួល​ខុស​ហើយ​និង​ត្រូវ ត្រូវតែ​បញ្ជាក់​ភាពស្មោះត្រង់​»៕