The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បេក្ខជន​ប្រឡង​សិស្ស​ចៅក្រម​ បន្ត​ស្វែងរក​តម្លាភាព​ និង​យុត្តិធម៌​ពី​ការប្រឡង




បេក្ខជន​ប្រឡង​សិស្ស​ចៅក្រម​ បន្ត​ស្វែងរក​តម្លាភាព​ និង​យុត្តិធម៌​ពី​ការប្រឡង

Content image - Phnom Penh Post
បេក្ខជន គង់ ប៊ុនរិទ្ធ ដែល​រង​បណ្តឹង​នៅ​តុលាការ​។ រូបថត សហការី

បេក្ខជន​ប្រឡង​សិស្ស​ចៅក្រម​ បន្ត​ស្វែងរក​តម្លាភាព​ និង​យុត្តិធម៌​ពី​ការប្រឡង

ភ្នំពេញៈ បេក្ខជន​ម្នាក់​ដែល​ជាប់​បណ្តឹង​នៅ​តុលាការ​ក្រោយ​តវ៉ា​ពី​ភាពមិន​ប្រក្រតី​នៃ​ការប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​ ១០ បាន​ស្វែងរក​កិច្ចអន្តរាគមន៍​ទៅ​ស្ថាប័ន​កំពូល​ចំនួន​ ៤ ដើម្បី​ទាមទារ​តម្លាភាព និង​ភាពយុត្តិធម៌​សម្រាប់​ខ្លួន ខណៈ​រូបគេ​នឹង​ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ទី​ ១៤ កុម្ភៈ​ក្រោម​បទចោទ​ចំនួន​ ៣ ​ករណី​។

បេក្ខជន​ដែល​រង​បណ្ដឹង​ឈ្មោះ លោក គង់ ប៊ុនរិទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា រូបគេ​បាន​ដាក់​ពាក្យ​សុំ​អន្តរាគមន៍​បន្ថែម​ទៀត​កាលពី​ថ្ងៃ​ទី​ ១០ កុម្ភៈ ទៅ​ស្ថាប័ន​កំពូលៗ​ចំនួន​ ៤ រួមមាន​ស្ថាប័ន​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធសភា​។

លោក ប៊ុនរិទ្ធ ថ្លែង​ថា​លោក​បានស្នើ​ដល់​ស្ថាប័ន​ទាំង​ ៤ ​នោះ​ជួយ​ជំរុញ​ឲ្យ​គណៈកម្មការ​នាយក​រៀបចំ​ការប្រឡង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់ទី​ ១០ ក្នុង​ការផ្តល់​តម្លាភាព​ចំពោះ​លទ្ធផល​នៃ​ការប្រឡង និង​មេត្តាជួយ​អន្តរាគមន៍​ទៅ​​តំណាង​អយ្យការ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​លើក​ការចោទប្រកាន់​លើ​រូបលោក​ជា​បុគ្គល​ម្នាក់​ដែល​បាន​រាយការណ៍​ពី​អំពើពុករលួយ ប៉ុន្តែ​បែរ​ជា​ត្រូវបាន​តុលាការ​ធ្វើការ​ចោទប្រកាន់​ទៅវិញ​។

លោក ប៊ុនរិទ្ធ បាន​ថ្លែងថា​៖ «​តុលាការ​ចោទ​ខ្ញុំ​ចំនួន ៣ បទល្មើស​ដែល​ខ្ញុំ​យល់ឃើញ​ថា បទល្មើស​ដែល​តុលាការ​ចោទ​មកលើ​រូបខ្ញុំ​នេះ​វា​ហាក់​ដូចជា​មិនមាន​ភាពច្បាស់លាស់​នៅក្នុង​ការលើកឡើង​នោះ​ទេ ហើយ​ខ្ញុំ​មិន​អស់ចិត្ត​ចំពោះ​ការចោទប្រកាន់ និង​លទ្ធផល​ប្រឡង​នេះ​ដែល​ចង់​ឲ្យ​ស្ថាប័ន​ទាំងនោះ​ជួយ​ខ្ញុំ​»​។

លោក គង់ ប៊ុនរិទ្ធ គឺជា​បេក្ខជន​ប្រឡង​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​មួយ​ចំនួន​តូច ដែល​ចេញ​មុខ​តវ៉ា​នឹង​ការប្រឡងប្រជែង​សិស្ស​ចៅក្រម​ជំនាន់ទី ១០ កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ដោយ​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ហើយ​ក៏បាន​បង្ហោះ​វីដេអូឃ្លីប​បង្ហាញ​ពី​ភាពមិន​ប្រក្រតី​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផងដែរ បើទោះ​ជា​កន្លងមក រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ក្រសួងយុត្តិធម៌ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ប្រកាស​ហើយ​ថា​ការប្រឡង​នេះ​គឺ​មាន​តម្លាភាព និង​យុត្តិធម៌​ ១០០ ​ភាគរយ​។

ក្រោយពី​បាន​បង្ហោះ​ពី​ភាពមិន​ប្រក្រតី​ដោយ​បង្ហាញ​ពី​សកម្មភាព​នៃ​ការស៊ីសំណូក ខណៈ​មាន​បេក្ខជន​ខ្លះ​ត្រូវ​ចំណាយ​ប្រាក់​ដល់​ទៅ ១៥ ម៉ឺន​ដុល្លារ ដើម្បី​បាន​ជាប់​ក្នុងការ​ប្រឡង​នេះ​លោក គង់ ប៊ុនរិទ្ធ ក៏​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​ធ្វើការ​កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​បទល្មើស​ពី​បទបរិហារកេរ្តិ៍​ជា​សាធារណៈ បទ​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍​ និង​បទញុះញង់​ឲ្យ​មាន​ការរើសអើង​។

លោក ប៊ុនរិទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​អះអាង​ថា ប្រកាន់​ជំហរ​ទៅ​ចូល​បំភ្លឺ​នៅ​ចំពោះមុខ​តុលាការ​តាម​ការកោះហៅ ព្រោះ​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់ ហើយ​ការសើរើ​នៃ​ការប្រឡង​កន្លងមក​នោះ គឺ​គ្រាន់តែ​ចង់​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​​ត្រឹមត្រូវ ជុំវិញ​តម្រុយ​នៃ​អំពើ​ពុករលួយ​តែប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ផ្លាស់ប្តូរ​ជំហរ​នោះទេ ព្រោះ​អ្វីដែល​ខ្ញុំ​បានបង្ហាញ​កន្លងមក​នោះ​គឺជា​តម្រុយ​នៃ​អំពើ​ពុក​រលួយ​ដែល​ខ្ញុំ​គិតថា បាន​ចូលរួម​នៅក្នុង​គោលនយោបាយ​កំណែទម្រង់​ច្បាប់ និង​ចូលរួម​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​តែង​លើក​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ពី​អំពើពុករលួយ​គ្រប់​រូបភាព ដើម្បី​ធ្វើឲ្យ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរឡើង​»​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណី​នៃ​ការប្រឡង​ប្រជែង​សិស្ស​ចៅក្រម​នេះ​គឺជា​កាតព្វកិច្ច​របស់​ក្រសួងយុត្តិធម៌​ដែល​រាជរដ្ឋាភិបាល​មិន​អាច​លូកដៃ​ចូល​ទៅក្នុង​ដែន​សមត្ថកិច្ច​គេ​បាន​នោះទេ​។

លោក ផៃ ស៊ីផាន បាន​អះអាង​ថា​៖ «​គាត់​ស្វែងរក​នាយករដ្ឋមន្ត្រី ដើម្បី​ស្វែងរក​កិច្ចអន្តរាគមន៍​នោះ គឺ​លោក​ពិបាក​នឹង​លូកដៃ​ណាស់ ព្រោះ​នេះ​គឺជា​ការទទួល​ខុសត្រូវ​ដាច់​ដោយ​ឡែក​ពីគ្នា​។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា ប្រសិន​ជា​រឿង​ហ្នឹង ពិតជា​មាន​ភាពអយុត្តិធម៌​ពិតប្រាកដ​មែន នោះ​សម្តេច​តែងតែ​ស៊ើបសួរ​ទៅខាង​ក្រសួង​ពាក់ព័ន្ធ​នេះហើយ​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ប្រាប់​ពី​ម្សិលមិញ​ថា ស្ថាប័ន​ជំនាញ​ដូចជា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បំភ្លឺ​យ៉ាងច្បាស់លាស់​មកហើយ​ជុំវិញ​តម្លាភាព សុចរិតភាព និង​ភាពត្រឹមត្រូវ​នៃ​ការប្រឡង​នោះ​។ ហើយ​លោក​បន្តថា ការប្តឹង​ទៅ​ស្ថាប័ន​ផ្សេងៗ​នេះ​គឺជា​សិទ្ធិសេរីភាព​របស់​គាត់​។

លោក​បន្តថា​៖ «​ខ្ញុំ​គិតថា គាត់​គួរតែ​ត្រៀមខ្លួន​ក្នុង​ការការពារ​ខ្លួន​គាត់​តាម​ផ្លូវ​ច្បាប់​ផង ព្រោះ​ថា​ក្នុង​ពេលនេះ​គាត់​បាន​ដើរ​ហួស​ពី​ការអនុវត្ត​សិទ្ធិ​នៃ​ការតវ៉ា​តាមផ្លូវ​ច្បាប់​ដែល​វា​ឈានចូល​ទៅ​ដល់​ការបំពានច្បាប់ ការបំពាន​ទៅលើ​សិទ្ធិ​សេរីភាព​របស់​អ្នកដទៃ​»៕

អត្ថបទគួរចាប់អារម្មណ៍