ភ្នំពេញៈ បេក្ខជនប្រឡងបាក់ឌុបម្នាក់បានឆ្លងទន្លេចំពេលប្រឡង ខណៈជាង ១៥០ នាក់ បន្ថែមទៀត បានបោះបង់ការប្រឡងពីម្សិលមិញ រីឯបេក្ខជន ៦ នាក់ ត្រូវបានរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនមុនពេលប្រឡង ហើយក្នុងនោះ ៣ នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន មិនអនុញ្ញាតឲ្យចូលប្រឡង។
ក្រោយការប្រឡងបាក់ឌុបបានបញ្ចប់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានឲ្យដឹងថា តួលេខនៃអ្នកបោះបង់ការប្រឡងបានកើនពី ១៤៣១ នាក់ នៅថ្ងៃទី ១ ដល់ ១៥៨៩ នាក់នៅថ្ងៃទី ២ ពោលគឺកើន ១៥៨ នាក់ ប៉ុន្តែតិចជាងឆ្នាំ ២០១៤ ដែលជាឆ្នាំដំបូងនៃការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនាពេលប្រឡង។
លោកថា៖ «តួលេខនេះតិចជាងឆ្នាំទៅ ដែលឆ្នាំនេះ អ្នកបោះបង់ភាគច្រើនជាបេក្ខជនស្វ័យរិន និងខ្លះជាសិស្សធម្មតា។ ខ្ញុំគិតថា ធម្មតា សិស្សដែលអវត្តមាន គឺបណ្តាលមកពីមិនមានទំនុកចិត្តចំពោះថ្ងៃដំបូង គាត់អត់ពូកែ ហើយគាត់គិតថា មិនអាចធ្វើបានទៀត ទើបថ្ងៃទី ២ នេះ គាត់បោះបង់បន្ថែមទៀត»។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន បានឲ្យដឹងថា តួលេខនៃបេក្ខជនប្រឡងដែលមានអាការខ្យល់គរ និងសន្លប់នៅថ្ងៃប្រឡងទី ២ មានសរុប ៤៤ នាក់ ក្នុងនោះ ២ នាក់ មិនអាចបន្តការប្រឡងនិងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្រៅពីនោះ ក៏មានបេក្ខនារីស្វ័យរិនម្នាក់នៅមណ្ឌលប្រឡងអនុវិទ្យាល័យ ជាស៊ីម ស្មាច់មានជ័យ ខេត្តកោះកុង ដែលឈឺពោះឆ្លងទន្លេអំឡុងពេលប្រឡងនិងត្រូវបានបញ្ជូនទៅពេទ្យផងដែរ។
លោកថា៖ «ដោយសារគាត់ជាបេក្ខជនស្វ័យរិន មានន័យថា មកប្រឡងបំពេញវិជ្ជា អ៊ីចឹងជាគោលការណ៍គឺក្រសួងមិនអនុញ្ញាតឲ្យប្រឡងម្តងទៀតនោះទេតែអាចប្រឡងឆ្នាំក្រោយបាន»។
ទាក់ទិននឹងការប្រឡងបាក់ឌុបឆ្នាំនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានឲ្យដឹងពីម្សិលមិញនេះថា បេក្ខជនសរុប ៦នាក់ ត្រូវបានសមត្ថកិច្ចរកឃើញមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ក្នុងនោះ ៣ នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅខេត្តកំពង់ចាម និង ៣ នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈបង្កហឹង្សាវាយតប់គ្នា នៅថ្ងៃពិនិត្យឈ្មោះប្រឡងនៅមណ្ឌលប្រឡងមួយក្នុងខេត្តត្បូងឃ្មុំ។
លោកថា៖ «សម្រាប់បេក្ខជន ៣ នាក់ នៅខេត្តកំពង់ចាម គឺសមត្ថកិច្ច បានអនុគ្រោះឲ្យចូលប្រឡងក្រោយការអប់រំ និងបានតាមដានពីរថ្ងៃពេញ អំឡុងពេលប្រឡង ប៉ុន្តែ ៣ នាក់ទៀត ដែលបង្កហិង្សា គឺបទល្មើសជាក់ស្តែង គឺសមត្ថកិច្ច បានឃាត់ខ្លួនឃុំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យមកប្រឡងនោះទេ»។
គួររម្លឹកថា ក្នុងដំណើរការប្រឡងថ្ងៃដំបូង យុវជនម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនសួរនាំ ក្រោយរកឃើញថា បានក្លែងអត្តសញ្ញាណចូលទៅប្រឡងជំនួសបងប្រុស ប៉ុន្តែត្រូវបានដោះលែងវិញ បន្ទាប់ពីពិនិត្យឃើញថា មិនមានឆន្ទៈប្រព្រឹត្តល្មើស។
ក្រោយបញ្ចប់ការប្រឡង កាលពីល្ងាចម្សិលមិញនេះ បេក្ខជនប្រឡងភាគច្រើន ហាក់មានសុទិដ្ឋិនិយមចំពោះលទ្ធផលប្រឡងក្នុងរយៈពេលពីរថ្ងៃនេះ ដោយអះអាងស្រដៀងគ្នាថា សំណួរប្រឡងហាក់ងាយស្រួលក្នុងការឆ្លើយ។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានវាយតម្លៃថា ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ គឺមានលក្ខណៈល្អប្រសើរ ខណៈអង្គការសង្គមស៊ីវិលចំនួនបី រួមមាន វិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ (Kind) សម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា (ANSA-EAP) និងសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA) ចេញសេចក្តីថ្លែងការណ៍ពីម្សិលមិញក្រោយការប្រឡងបានបញ្ចប់ ដោយថា ការប្រឡងមានភាពល្អប្រសើរ។
តាមគម្រោង ក្រសួងអប់រំ លទ្ធផលប្រឡងបាក់ឌុបនឹងប្រកាសនៅថ្ងៃ ១៥ កញ្ញា ក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល និងតាមបណ្តាខេត្តផ្សេងៗនៅថ្ងៃទី ១៦ ខែ កញ្ញា ហើយគ្មានការប្រឡងលើកទី ២ ទេ៕