ភ្នំពេញៈ ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាសពីការ​​កម្រិ​​ត​វិន័យ​រហូត​ដល់​មាន​ការ​បណ្តេញ​ចេញ​មិន​ឲ្យ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​បាក់​ឌុប សម្រាប់​ការ​ប្រឡង​នៅ​ឆ្នាំនេះ​ប្រសិន​បើ​រក​ឃើញ​ថា ​បេក្ខជន​មាន​បំណង​លួច​ចម្លង។

យោង​តាមប្រកាស​ដែល​ក្រសួ​ង​អប់រំ បាន​ផ្សព្វផ្សាយ​តាម​រយៈ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃពុធ បាន​ឱ្យ​ដឹងថា បេក្ខជន​ដែល​បាន​ប្រព្រឹត្ត​នូវ​អ្វី​ដែល​ចាត់ទុក​ថា ​មាន​បំណង​លួច​ចម្លង នឹង​មិន​អនុញ្ញាតឱ្យ​ចូល​ប្រឡង​នោះទេ ហើយ​ត្រូវបាន​កំណត់​ឱ្យធ្លាក់ លើក​លែង​តែ​បេក្ខជ​ន​ប្រគល់​រាល់​សៀវភៅឯកសារឬ​សំណៅ​ឯក​សារ​ឱ្យ​គណៈ​មេប្រយោគ​មុន​​ចូល​មណ្ឌល​ប្រឡង​ឬ​បន្ទប់​ប្រឡង។

អ្វី​ដែល​ក្រសួង​កំណ​ត់​​ថា​ មាន​បំណង​លួចចម្លង ​នៅ​ពេល​ដែល​បេក្ខជន​យកជាប់ ឬ​លាក់​ជាប់​នឹង​ខ្លួន​នូវឯកសារ​ផ្សេងៗឬ​ឧបករណ៍​អេឡិច​ត្រូនិ​ក​​ជាដើម។ ប្រកាស​​របស់​ក្រសួង​បន្តថា បេក្ខជន​ដែល​ធ្វើ​ឱ្យ​ខូច​សណ្តាប់ធ្នាប់​របៀបរៀបរយ​ នៃ​ការ​ប្រឡង​​ និង​ប៉ះពាល់ដល់​កិត្តិយស​គណៈមេប្រយោគ​ នឹង​​មិន​អនុញ្ញាត​ឱ្យ​ចូលប្រឡង​ ហើយ​នឹងត្រូវឱ្យ​​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ។

ក្នុង​ករណី​ខ្លះទៀត ដែល​ធ្វើ​ខូច​សណ្តាប់​ធ្នាប់​ប្រឡងបេក្ខ​ជ​​ន​នឹង​​ត្រូវបាន​ផ្អាក​មិន​ឱ្យប្រឡង ​១ ឬ ២ ឆ្នាំបន្ទាប់។ ករណី​ចាំ​​បាច់​បេក្ខជន​នឹង​ត្រូវបញ្ជូន​ទៅ​កាន់​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ដោះ​ស្រាយ។

លោក រស់ សុវាចា អ្នក​នាំ​​ពាក្យ​ក្រសួង​អប់រំ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ពី​ថ្ងៃ​ព្រហស្បតិ៍ថា នៅមុន​ពេល​ប្រឡង គណ:​គ្រប់​គ្រង​សាលា​រៀន​ផ្សព្វ​ផ្សា​យ​​ជូន​បេក្ខជន​ប្រឡង​ ដោយ​បិទ​ផ្សាយ​ប្រកាស​ស្តីពី​បទ​ប្បញ្ញត្តិ​ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន​ ក្នុង​ការ​ប្រឡង​​តាម​សាលា និង​មាន​ប្រជុំ​រៀន​សូត្រ​តាម​សាលា​រួច​ហើយ។

លោក​បញ្ជាក់​ថា៖ «ក្រសួង​ផ្សព្វផ្សាយ​តាម Facebook របស់​ក្រសួង។ ពេល​ប្រឡង (ក្រសួង) បិទ​ផ្សាយ​ប្រកាសខាង​លើតាម​មណ្ឌល​ប្រឡង»។

មាត្រា​ ៤៩ នៃ​ច្បាប់​ស្តីពីការ​អប់រំចែង​ថា ជន​ណា​ដែល​ប្រឡង​ជំនួស ឬ​បន្លំការ​ប្រឡង​ត្រូវ​​ពិន័យ​អន្តរកាល​ពី ១​ លានរៀន​ ទៅ ៥ លាន​រៀល។ ករណី​មិន​រាង​ចាល ជន​នោះ​ ត្រូវ​​ពិន័យ​អន្តរកាលជា​ប្រាក់ទ្វេ​ដង ហើយ​ត្រូវព្យួរ​ការ​ប្រឡង ​២ ឆ្នាំ ឬ​ហាម​មិនឱ្យ​ចុះឈ្មោះ​ប្រឡង​ជា​ស្ថាពរ។ មាត្រា ​៦០៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ចែង​ថា ការ​សូក​ប៉ាន់ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ ទៅ​ ១០ ឆ្នាំ។

លោក អុឹម សុធី នាយក​ប្រតិបត្តិ​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រសិន​​បើ​ក្រសួង​បាន​ធ្វើការ​ណែនាំ​អំពី​វិធានការ​ប្រឡង​​ដល់​សិស្ស​តាំង​ពី​ដំណាក់​កាល​ដំបូង​គឺជា​ការ​ល្អ។

លោកបញ្ជាក់​ថា៖ «តែ​បើ​ជិត​ដល់​ថ្ងៃ​ប្រឡង​ គាត់​ចេញវិធានការ វា​ធ្វើឱ្យ​សិស្ស​ទាំងអស់​ជួនកាល​យល់​អត់​ទាន់​ច្បាស់ ក៏ជា​បញ្ហា​មួយ​ដែរ ធ្វើ​ឱ្យ​គាត់​មាន​កំហុស​អីដែរ»​។

ការ​ប្រឡង​បាក់ឌុប​ឆ្នាំ ២០១​៩ នេះ​នឹងមាន​​រយៈ​ពេល​ ២ ថ្ងៃ​ ចាប់​ពីថ្ងៃទី​ ១៩​ ដល់ ២០ ខែ​សីហា។ ​​បេក្ខជនដែល​បាន​ដាក់ពាក្យ​​ប្រឡងមាន​​ចំនួន ១១៩ ២១៧ នាក់ ស្រី ៦១ ០៣១ នាក់ ​កើន​ឡើង​ ៥ ៨៥២ ​នាក់ បើ​ធៀប​នឹង​ការ​ប្រឡង​ឆ្នាំមុន​។ មណ្ឌល​ប្រឡង​មាន​ចំនួន ២០២ ​កើន​ឡើង​ ៦ មណ្ឌល​បើធៀប​នឹង​ឆ្នាំមុន។​ សិស្សនឹង​​ត្រូវប្រឡង​ ៧ មុខវិជ្ជា ខណៈ​ដែល​ពួក​គេ​​រៀន​មាន​ ១០ មុខវិជ្ជា។

ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) នឹង​មិន​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​ប្រឡង​ដូច​កាល​ពី​ ៥ ​ឆ្នាំ​មុន​នោះ​ទេ តែ​ស្នើ​ឱ្យ​ក្រសួង​អប់រំ​ពង្រឹង​យន្តការ​ប្រឡង​គឺយន្តការ​អប្បមាទ (អ្ន​ក​​​ចុះត្រួត​ពិនិត្យ​មណ្ឌល​ប្រឡង និង​បន្ទប់​ប្រឡង​​) ដោយ​មើលឃើញ សមាជិក​គណៈកម្មការ​នៅមណ្ឌល​កំ​ណែ​​​​ប្រឡង​មួយ​ចំនួនពុំ​ទាន់​បាន​អនុវត្ត​តាម​បទប្បញ្ញត្តិ​នៃ​ការ​ប្រឡង​ដូចជា​ការ​នាំយក​ទូរ​ស័​ព្ទ​ដៃឧបករណ៍​អេឡិចត្រូនិក កា​​បូប សម្ពៀត និង​មាន​ការធ្វេស​ប្រហែស​ក្នុងការ​បំពេញ​ភារកិច្ច ក្រសួង​ក៏បាន​ចេញ​នីតិវិធី និង​យន្តការ​ទប់ស្កាត់​ និង​គ្រប់គ្រង​ភាព​មិនប្រក្រតី​ ដើម្បី​ជំរុញ​ការ​អនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធ​ភា​ព និង​បាន​ផ្សព្វ​ផ្សាយ​តាម​ហ្វេស​ប៊ុក​​កាល​ពី​ថ្ងៃ​ពុធ។

លោក អុឹម សុធី បញ្ជាក់ថា កាល​ពី​កន្លង​ទៅ​ លោក​ធ្លាប់​ឃើញ​ក្រសួងអប់រំ​មាន​កំហុស​មួយចំនួន​ ទាក់ទង​នឹង​ការ​កែ​វិញ្ញាសា​ ដែល​ធ្វើ​ឱ្យ​សិស្សា​​នុសិស្ស​តវ៉ា។ នេះ​​ជា​មេរៀន​មួយដែល​ក្រសួង​គួរតែ​យក​ចិត្ត​ទុកដាក់​លើកិច្ច​ការ​នេះ​មែន​ទែ​ន ព្រោះ​វា​ជា​កិត្តិ​យសរបស់​ក្រសួង។

លោក អុឹម សុធី បញ្ជាក់​ថា៖ «ប្រសិនជា​ក្រសួង​មិន​បាន​ត្រួត​​ពិនិត្យ និង​យកចិត្ត​ទុក​ដាក់ទេ ប្រហែល​ជា​​អាច​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋបាក់​ទឹក​ចិត្ត​លើ​ប្រព័ន្ធ​អប់រំ​»៕