ភ្នំពេញៈ បេក្ខជនចំនួន ១ ៨៣៨ នាក់ (ស្រី ៦៩៦ នាក់) បានអវត្តមានពីការប្រឡងបាក់ឌុបដែលត្រូវបានបញ្ចប់កាលពីម្សិលមិញក្នុងចំណោមបេក្ខជនដែលបានចុះឈ្មោះប្រឡងចំនួន ១១៧ ០៤៣ នាក់ ខណៈដែលក្រសួងអប់រំបានវាយតម្លៃថា ដំណើរការប្រឡងបានប្រព្រឹត្តទៅដោយរលូន មិនមានបាតុភាពមិនប្រក្រតីធំដុំណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ។
យ៉ាងណាក្តីបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ និងអ្នកនាំពាក្យបានឲ្យដឹងថា មានបេក្ខជន ៣ នាក់ ត្រូវបានឲ្យធ្លាក់ដោយស្វ័យប្រវត្តិ និង ១១ នាក់ទៀត ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិនអាចវិលមកប្រឡងវិញបាន ខណៈដែលបេក្ខជនទាំងអស់ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់ចូលក្នុងបន្ទប់ប្រឡង។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា៖ «គុណភាពនៃការប្រឡងគឺនៅរក្សាបានដូច ៥ ឆ្នាំកន្លងមក ដោយសារមានកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ហើយពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយក៏មានកិច្ចសហការពី សសយក (សភាពសហព័ន្ធយុវជនកម្ពុជា)។ ដូចជាអង្គភាពស្ថាប័នផ្សេងទៀតបានបន្តសហការដែរ»។
ប៉ុន្តែយ៉ាងណាក៏ដោយលោកឲ្យដឹងថា មានបេក្ខជន ៣ នាក់ ត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិក្នុងនោះមានបេក្ខជន ២ រូបនៅខេត្តតាកែវ និងរាជធានីភ្នំពេញ ដែលបានយកសំណៅឯកសារ និងទូរស័ព្ទដៃចូលក្នុងបន្ទប់ប្រឡង និងបេក្ខនារី ១ រូប នៅខេត្តសៀមរាបដែលមកប្រឡងយឺតជាងកន្លះម៉ោង។ លោក វាចា មិនមានព័ត៌មានលម្អិតអំពីមូលហេតុដែលនាំឲ្យបេក្ខនារីនៅខេត្តសៀមរាបមកប្រឡងយឺតនោះទេ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំចេញកាលពីម្សិលមិញបេក្ខជនអវត្តមានប្រឡងមានចំនួន ១ ៨៣៨ នាក់ (ស្រី ៦៩៦ នាក់) ដែលមាន ១,៥៧ ភាគរយ នៃចំនួនបេក្ខជនដែលបានចុះឈ្មោះប្រឡងចំនួន ១១៧ ០៤៣ នាក់។ ក្រសួងអប់រំបញ្ជាក់ថា៖ «ដោយឡែកបេក្ខជនមានបញ្ហាសុខភាពមានចំនួន ១៥២ ករណី បន្ទាប់ពីទទួលបានការសង្គ្រោះបឋមអាចបន្តការប្រឡងទៀតបានលើកលែង ១១ ករណីត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យពុំអាចត្រឡប់មកបន្តការប្រឡងបាន»។
យុវតី ប៊ុន ស្រីមាលានិការ ប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារម្សិលមិញថា វិញ្ញាសាប្រឡងមានការពិបាកនៅថ្ងៃចុងក្រោយគឺវិញ្ញាសាគណិតវិទ្យា និងរូបវិទ្យា។
ស្រីមាលានិការ បានថ្លែងថា៖ «និយាយទៅលំហាត់ធ្វើភាគច្រើនអត់ទាន់។ វាច្រើនដែរ»។
បើតាមក្រសួងអប់រំលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាលនៅរសៀលថ្ងៃទី ១០ ខែ កញ្ញា និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀតនៅថ្ងៃទី ១១ ខែ កញ្ញា។ លទ្ធផលក៏នឹងត្រូវផ្សព្វផ្សាយតាមហ្វេសប៊ុករបស់ក្រសួងអប់រំផងដែរតាមរយៈអាសយដ្ឋាន facebook.com/moeys.gov.kh។
បេក្ខជនប្រឡងឆ្នាំនេះមានចំនួន ១១៧ ០៤៣ នាក់ (ស្រី ៦០៤២៧ នាក់) មាន ២០២ មណ្ឌល និង ៤ ៧២៥ បន្ទប់ទូទាំងប្រទេស។ ថ្នាក់វិទ្យាសាស្ត្រមាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១២៧ មណ្ឌល។
លោក យង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា ដំណើរការប្រឡងបាក់ឌុបដូចជាមិនឃើញមានលេចឮព័ត៌មានភាពមិនប្រក្រតីធំដុំកើតឡើងនោះទេ។
លោកថាក្រសួងទំនងនឹងត្រូវបន្ថែមពិន្ទុ ដើម្បីឱ្យសិស្សបានប្រឡងជាប់បានភាគរយច្រើនដូចកាលពីលើកមុន ពីព្រោះប្រសិនបើយកតាមកំណត់សម្រាប់ឱ្យសិស្សប្រឡងជាប់ ប្រហែលជាមិនអាចទទួលបានភាគរយខ្ពស់ទេ។
លោក យង់ គិមអេង បញ្ជាក់ថា៖ «ព្រោះដោយសារយើងរឹតបន្តឹងតែពេលប្រឡង ប៉ុន្តែនៅក្នុងថ្នាក់ (ពេលរៀន) យើងមិនដែលបានរឹតបន្តឹងផង។ យើងនៅមានការធូររលុង។ យើងឃើញថាមានស្តង់ដាខុសគ្នាទៅទៀតរវាងគេហៅថា សិស្សជំនាន់ថ្មី និងសិស្សមិនជំនាន់ថ្មីនៅក្នុងការរៀនថ្នាក់ធម្មតា ហើយនិងសិស្សជំនាន់ថ្មីហ្នឹងខុសគ្នារបៀបរៀន ខុសគ្នាទៅទៀត ទោះបីយើងស្ថិតនៅក្រោមប្រព័ន្ធអប់រំតែមួយក៏ដោយ»៕