ភ្នំពេញៈ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បេក្ខជន ៣ រូប ត្រូវបានសម្រេចឱ្យធ្លាក់ដោយស្វ័យប្រវត្តិដែលម្នាក់ជាបេក្ខនារី ដោយសារនាងមកយឺតជាងកន្លះម៉ោង និងបេក្ខជន ២ រូបទៀតមានសំណៅឯកសារ និងទូរស័ព្ទដែលនេះជាលទ្ធផលបឋមកើតឡើងក្នុងថ្ងៃប្រឡងបាក់ឌុប ថ្ងៃទីមួយនេះ។
លោក រស់ សុវាចា ថ្លែងថា ការប្រឡងចាប់ផ្តើមនៅម៉ោង ៧.៣០ នាទី ហើយបេក្ខនារីរូបនេះបានមកដល់មណ្ឌលប្រឡងនៅម៉ោងប្រមាណ ៨.១០ នាទី ក្រោយការវាយជួងទី២។ តាមបទប្បញ្ញត្តិរបស់ក្រសួងអប់រំ បើបេក្ខជនណាមកយឺត ១៥ នាទី បេក្ខជននោះមានសិទ្ធិបំពេញសំណុំឯកសារដើម្បីស្នើទៅដល់ប្រធានមណ្ឌល និងគណៈកម្មការទូទាំងប្រទេសនៅតាមខេត្តនីមួយៗដើម្បីស្នើសុំសិទ្ធិចូលប្រឡង។ បើសិនបេក្ខជននោះមិនទទួលបានសិទ្ធិសុំប្រឡងគឺបេក្ខជននោះនឹងទទួលបានពិន្ទុសូន្យ។
លោកបញ្ជាក់ថា៖ «អ៊ីចឹង ជាក់ស្តែងទៅលើបេក្ខនារីនេះផ្ទាល់។ គាត់មិនបានសិទ្ធិក្នុងការចូល (ប្រឡង) ទេ ដោយសារគាត់មកយឺតកន្លះម៉ោង។ អ៊ីចឹងម៉ោងទី ២ ក៏គាត់អត់បានចូលដែរ។ គឺគាត់ធ្លាក់ដោយស្វ័យប្រវត្តិ»។ លោក រស់ សុវាចា បញ្ជាក់ថាការប្រឡងបាក់ឌុបនៅថ្ងៃទី ១ មិនមានភាពមិនប្រក្រតីអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។
លោក វាចា បន្តថាការយកសំណៅឯកសារចូលក្នុងមណ្ឌលក្នុងឆ្នាំនេះស្ទើរតែមិនមានតែម្តង។ ប្រសិនបើបេក្ខជនរកឃើញថាមានសំណៅឯកសារ ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិកផ្សេងៗនៅក្នុងបន្ទប់ប្រឡងផ្ទាល់ បេក្ខជនរូបនោះនឹងទទួលលទ្ធផលធ្លាក់ជាស្វ័យប្រវត្តិ។ មានបេក្ខជនតែ ១ រូបប៉ុណ្ណោះដែលបានយកឯកសារចូលបន្ទប់ប្រឡង និងបេក្ខជន ១ រូបទៀតបានយកទូរស័ព្ទដៃចូលក្នុងបន្ទប់ប្រឡង។
លោកថ្លែងថា៖ «ដូច្នេះក្រសួងនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញតិ និងកម្រិតវិន័យចំពោះបេក្ខជនទាំង ២ រូបនេះដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ»។
តាមក្រសួងអប់រំនៅថ្ងៃទី ១ នេះបេក្ខជនប្រឡងសរុបមានចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ និងបេក្ខជនអវត្តមានចំនួន ១៧៤៥ នាក់ (១.៤៩%)ស្រី ៦៧៨ នាក់។ បេក្ខជនមានបញ្ហាសុខភាពមានចំនួន ៤៣ ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបានបន្ទាប់ពីទទួលបានការសង្គ្រោះបឋម។ មានតែបេក្ខជន ១ រូបប៉ុណ្ណោះដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលមិនអាចបន្តការប្រឡងបាន។ មណ្ឌលប្រឡងមាន ២០២ មណ្ឌលថ្នាក់វិទ្យាសាស្ត្រមាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១២៧ មណ្ឌល ខណៈដែលបន្ទប់ប្រឡងមានចំនួន ៤ ៧២៥។
លោក វាចា បញ្ជាក់ទៀតថា មិនមានបញ្ហាសុខភាពធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះទេ។ ប៉ុន្តែមាន ១៩ ករណីដែលបេក្ខជនមានបញ្ហាក្អួតចង្អោរ ឬខ្យល់គរ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ប្រាប់អ្នកកាសែត ក្រោយបើកហិបវិញ្ញាសានៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិកាលពីព្រឹកថ្ងៃចន្ទថា សិស្សបានខិតខំរៀនសូត្រដោយពិន្ទុជាមធ្យមភាគកាន់តែកើនឡើងប្រចាំឆ្នាំ ហើយលោករំពឹងថាសិស្សនឹងទទួលបានលទ្ធផលប្រឡងល្អប្រសើរ។
ដើម្បីចៀសវាងកំហុសទាក់ទងនឹងលទ្ធផលប្រឡងរបស់សិស្ស លោក ហង់ជួន ណារ៉ុន បញ្ជាក់ថាក្រសួងបានបង្កើតអនុគណៈកម្មការបច្ចេកវិទ្យាមួយ និងបានរៀបចំកម្មវិធីថ្មីសម្រាប់ការបូកស្រង់ពិន្ទុ។ ក្រសួងបានរៀបចំធ្វើតេស្តរៀបចំជាមជ្ឈមណ្ឌលកុំព្យូទ័រ ២ ដែលមានប្រព័ន្ធ ២ ទាំងប្រព័ន្ធចាស់ និងប្រព័ន្ធថ្មី។ ប្រសិនបើកុំព្យូទ័រមួយមានបញ្ហា ក្រសួងនឹងសាកលើកុំព្យូទ័រមួយទៀត។
លោក ណារ៉ុន ថ្លែងថា៖ «យើងមាននីតិវិធីត្រួតពិនិត្យមើលថាតើលទ្ធផលហ្នឹងវាយ៉ាងម៉េចដែរ? យកលទ្ធផលមកវិភាគមួយរយៈសិន និងមិនផ្សព្វផ្សាយលទ្ធផលភ្លាមៗទេ។ គឺយើងវិភាគហើយ ទើបយើងឱ្យអ្នកបច្ចេកទេសបញ្ចូលទៅក្នុងប្រព័ន្ធកម្មវិធីទៀតត្រូវមើលថា តើលទ្ធផលហ្នឹងវាត្រឹមត្រូវឬក៏អត់? ទើបយើងនៅប្រជុំសម្រេចប្រកាសលទ្ធផល»។
បើតាមលោក ណារ៉ុន ក្រសួងនឹងអនុវត្តទៅតាមបទប្បញ្ញត្តិដែលបានដាក់ចេញ។ នៅពេលបេក្ខជនត្រូវបានរកឃើញថាមានសញ្ញាសម្គាល់ណាមួយនៅលើសន្លឹកកិច្ចការដែលបញ្ជាក់ថាមានភាពមិនប្រក្រតី សន្លឹកកិច្ចការនេះនឹងត្រូវបានដកហូតយកចេញមកភ្លាម និងយកមកវិភាគ។ លោកបន្ថែមថា៖ «ប្រសិនបើជាសញ្ញាដើម្បីបញ្ជូនសារហ្នឹងទៅគ្រូកែ គឺយើងនឹងឱ្យពិន្ទុសូន្យតាមបទប្បញ្ញត្តិ»។
ក្រសួងអប់រំបានធ្វើកំណែទម្រង់តាំងពីឆ្នាំ ២០១៤ ក្នុងការកាត់បន្ថយវិញ្ញាសាប្រឡងពី ១០ មុខវិជ្ជាមកនៅត្រឹម ៧ មុខវិជ្ជា តែសិស្សត្រូវរៀន ១០ មុខវិជ្ជា។ មូលហេតុនៃការកាត់បន្ថយ ៣ មុខវិជ្ជាចេញនេះលោករដ្ឋមន្ត្រីអប់រំបញ្ជាក់ថា ក្រសួងចង់ឱ្យសិស្សខិតខំរៀនសូត្រ និងមិនឱ្យសិស្សលួចចម្លងក្នុងពេលប្រឡង។ ក្នុងរយៈពេលប្រឡង ២ ថ្ងៃ បើសិស្សត្រូវប្រឡងដល់ទៅ ១០ មុខវិជ្ជា នោះវាមានចំនួនច្រើន។
លោករដ្ឋមន្ត្រីថ្លែងថា៖ «ហើយទៅតាមស្តង់ដានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្តរជាតិគឺគេមានតែ ៦ មុខវិជ្ជាផង។ វាមិនមែនមាន ៧ ទេ ហើយទី ៧ ហ្នឹងគឺភាសាបរទេសដែលជាមុខវិជ្ជាមួយគឺថាប្រសិនបើសិស្សហ្នឹងទទួលពិន្ទុទាបជាងមធ្យមភាគគឺអត់យកបូកបញ្ចូលទេ។ ប៉ុន្តែបើច្រើនជាងមធ្យមភាគទើបយកបូកបញ្ចូល»។
ក្នុងឱកាសនោះដែរលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រាជធានីភ្នំពេញ និងជារដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងប្រាប់អ្នកកាសែតក្រោយបើកហិបវិញ្ញាសានោះដែរថាសិស្សមានភាពជឿជាក់លើខ្លួនឯងច្រើនជាងមុនឆ្ងាយបើប្រៀបធៀប ៥ ឆ្នាំកន្លងមកនេះ។ កាលពីមុន សសយក បានបំប៉នចំណេះដឹងដល់និស្សិតជាច្រើន ប៉ុន្តែឥឡូវនេះមិនសូវមាននិស្សិតច្រើនដូចមុននោះទេ។
លោក សាយ សំអាល់ ថ្លែងថា៖ «នេះសបញ្ជាក់ឱ្យឃើញថាគាត់ចាប់ផ្តើមរៀនតាំងពីដើមទីទៅតែម្តង។ មើលទឹកមុខរបស់គាត់ឃើញស្រស់ស្រាយ»។
យុវជន ចិត្ត ចន្ទី ប្រឡងនៅមណ្ឌលអនុវិទ្យាល័យចតុមុខរាជធានីភ្នំពេញ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីព្រឹកថ្ងៃចន្ទថាការប្រឡងមានភាពតឹងរ៉ឹង ព្រោះអប្បមាទនៅខាងក្រៅបន្ទប់ប្រឡង និងអនុរក្ស ២ នាក់នៅក្នុងបន្ទប់ ចាំឃ្លាំមើលក្រែងលោមានសិស្សលួចចម្លង។ សំណៅឯកសារមិនអាចយកចូលបន្ទប់ប្រឡងបានទេ។
ចិត្ត ចន្ទី ថ្លែងថា៖ «និយាយរួមអត់ទាំងអស់។ នៅលើតុមានតែប៊ិច ២ បន្ទាត់ ១ ហើយក្រដាសប្រឡង»។ យុវជនរូបនេះមានសង្ឃឹមត្រឹម ៦០%។
យុវតី ប៊ុន ស្រីមាលានិការ ប្រឡងនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ ប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា នាងអាចធ្វើបានដល់ទៅ ៨០% នៃវិញ្ញាសាប្រឡង។ មិនមានបេក្ខជនណាលួចចម្លងបានទេ ហើយក៏មិនបានងាកសួរគ្នាបានដែរ។ បេក្ខជនធ្វើដោយសមត្ថភាពរៀងៗខ្លួន។
នាងថ្លែងថា៖ «បើខ្ញុំអត់យក (ប្រ៊ុយយ៉ុង) ចូលហ្មង។ ខ្ញុំគិតថា អត់មាននរណាយកចូលបាន ដោយសារគេចាប់ ២-៣ តង់»៕