ភ្នំពេញៈ លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បង្ហាញ​បេក្ខភាព​សំខាន់ៗ​ ៣ ​រូប​ដែល​អាច​នឹង​ចូល​មក​ជំនួស​តំណែង​របស់​លោកស្រី​ដែល​នឹងត្រូវ​ចប់​អាណត្តិ​នាពេល​ខាងមុខ​។ មន្ត្រី​រដ្ឋាភិបាល​មើលឃើញ​ថា លោកស្រី ស្ម៊ីត បំពេញ​កិច្ចការ​តាម​វិជ្ជាជីវៈ​ច្រើន និង​រំពឹងថា អ្នក​បន្ត​តំណែង​នេះ​ និង​ធ្វើ​កិច្ចការ​របស់ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ​។

លោកស្រី ស្ម៊ីត បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ២៩ មករា ថា ​ក្រុម​ពិគ្រោះ​យោបល់​ដែល​រួមមាន​តំណាង​នៃ​រដ្ឋ​ជា​សមាជិក​នានា​បានបញ្ចប់​កិច្ចសម្ភាសន៍ និង​បានផ្តល់​អនុសាសន៍​ឈ្មោះ​បេក្ខជន​ចំនួន​ ៣ ​រូប​ដើម្បី​តែងតាំង​ជា​អ្នក​រាយការណ៍​ពិសេស​ថ្មី​ប្រចាំ​កម្ពុជា​។ អ្នក​ទាំង​ ៣ រួមមាន លោក វិទិត ម៉ុនតារបន ជនជាតិ​ថៃ លោកស្រី អ៊ួរមីឡា ប៊ុលឡា សញ្ជាតិ​អាហ្វ្រិក​ខាងត្បូង និង​លោកស្រី ខាធឺរីន មួររីស សញ្ជាតិ​កាណាដា​។

បើតាម​លោកស្រី ស្ម៊ីត បច្ចុប្បន្ននេះ​ក្រុម​រដ្ឋ​ក្នុង​តំបន់​កំពុង​ពិភាក្សា​លើ​អនុសាសន៍​នេះ​ដើម្បី​ស្វែងរក​មតិ​គាំទ្រ​ជា​ឯកច្ឆន្ទ​។ នៅ​ចុងខែ​មីនា​ខាងមុខ​នេះ ក្រុមប្រឹក្សា​នឹង​សម្រេច​ប្រកាស​ឈ្មោះ​អ្នក​ដែល​ត្រូវបាន​តែងតាំង ហើយ​បុគ្គល​នោះ​នឹង​ត្រូវ​ចូលកាន់​មុខតំណែង​នៅ​ថ្ងៃទី​ ១ ខែឧសភា ឆ្នាំ​ ២០២១​។ យោងតាម​គេហទំព័រ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បេក្ខភាព​ទាំង​ ៣ ​នេះ​ត្រូវ​បាន​ជ្រើសរើស​យក​ពី​អ្នកដាក់ពាក្យ​សរុប​ចំនួន ៩ ​រូប​។

បើតាម​ទម្រង់​ពាក្យស្នើសុំ លោក វិទិត ម៉ុនតារបន មាន​ប្រវត្តិ​សិក្សា និង​ការបំពេញ​ការងារ​ជាច្រើន​ផ្នែក​ច្បាប់ និង​សិទ្ធិមនុស្ស​ទាំង​ក្នុង​យន្តការ​របស់​អង្គការសហប្រជាជាតិ និង​ក្នុង​នាម​អង្គការ​អន្តរជាតិ​នានា​។ លោក​ក៏​ធ្លាប់ជា​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កូរ៉េខាងជើង​។

លោក​បាន​សរសេរ​នៅក្នុង​ប្រវត្តិ​ការងារ​របស់លោក​ថា​៖ «​ខ្ញុំ​មាន​បទពិសោធ​ប្រហែល​ ៣០ ​ឆ្នាំ​នៅ​កម្រិត​អន្តរជាតិ ហើយ​ខ្ញុំ​យល់ដឹង​ច្រើន​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ១៩៧៩ នៅពេល​ដែល​ខ្ញុំ​បាន​ជួប​ជាមួយ​ជនភៀសខ្លួន​កម្ពុជា​ជាច្រើន​»​។

ចំណែក​លោកស្រី អ៊ួរមីឡា ប៊ុលឡា គឺជា​មេធាវី​សិទ្ធិមនុស្ស​មាន​បទពិសោធ​ប្រមាណ​ ៣០ ​ឆ្នាំ និង​ជា​ចៅក្រម​ស្ដីទី​នៅ​តុលាការ​ជាន់​ខ្ពស់​ប្រទេស​អាហ្វ្រិក​។ លោកស្រី​ធ្លាប់​ធ្វើការ​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា សិទ្ធិ​កម្មករ និង​ការតស៊ូ​មតិ​ដោះលែង​អ្នកស្រី យោម បុប្ផា សកម្មជន​ដីធ្លី​តំបន់​បឹងកក់ និង​បញ្ហា​សិទ្ធិមនុស្ស​ជាច្រើន​ទៀត​។

ដោយឡែក​លោកស្រី ខាធឺរីន មួររីស មាន​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ការដោះស្រាយ​ជម្លោះ​។ លោកស្រី​ធ្លាប់​សរសេរ​សារណា​អំពី​ជម្លោះ និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ចាប់ពី​ឆ្នាំ​ ១៩៩៩ លោកស្រី​បាន​បង្រៀន​វគ្គ​ និង​បើក​សិក្ខា​សាលា​ជាច្រើន​អំពី​ការចរចា ដំណោះស្រាយ​ក្រៅពី​ជម្លោះ ការគ្រប់គ្រង​ជម្លោះ ការកសាង​សន្តិភាព នៅក្នុង​ប្រទេស​ផ្សេងៗ រួមទាំង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។ លោកស្រី​ក៏​ធ្លាប់​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ ១៩៩៥ ​ផងដែរ​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​ព្យាយាម​រក្សា​ការយកចិត្ត​ទុកដាក់​ដោយ​ឥត​លម្អៀង​លើ​ការបង្កើត​ទំនាក់ទំនង​ប្រកបដោយ​វិជ្ជមាន​ជាមួយ​មនុស្ស​គ្រប់​វិស័យ​ដើម្បី​ឆ្ពោះទៅកាន់​ការលើកទឹកចិត្ត​ក្នុង​ការអនុវត្ត​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ គោលការណ៍ និង​ស្តង់ដា​ដែល​មាន​សម្រាប់​កម្ពុជា​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​រំពឹង​ថា អ្នក​រាយការណ៍​ពិសេស​ថ្មី​នឹងមាន​កិច្ចសហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការធ្វើ​របាយការណ៍ និង​វិភាគ និង​ការធ្វើ​របាយការណ៍​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដូចជា​ធ្វើការ​ជាមួយ​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​។

លោក​បន្តថា​៖ «​យើង​ក៏​រំពឹងទុក​ថា ការធ្វើ​ស្រាវជ្រាវ ការវិភាគ និង​ធ្វើ​របាយការណ៍​របស់​គាត់​បង្ហាញ​ពី​ស្ថានភាព​ជាក់ស្ដែង និង​បរិបទ​របស់​កម្ពុជា ជាជាង​ផ្អែក​ទៅ​លើ​តែ​ទ្រឹស្ដី​លើ​គោលការណ៍​។ អ៊ីចឹង​ទេ អ្នករាយការណ៍​ពិសេស​គួរតែ​សិក្សា​ស្វែងយល់​ពី​បរិបទ និង​ស្ថានការណ៍​របស់​កម្ពុជា​ឱ្យ​បាន​ច្បាស់​។ ធ្វើ​ដូច្នេះ​ធ្វើឱ្យ​សេចក្ដី​រាយការណ៍ និង​អនុសាសន៍​របស់​គាត់​ឆ្លើយតប​នឹង​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ និង​ប្រជាជាតិ​កម្ពុជា​ទាំងមូល​»​។ បរិបទ​កម្ពុជា លោក​សំដៅ​ដល់​កត្តា​ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច សង្គម​វប្បធម៌ និង​នយោបាយ​។

លោក​បន្តថា​៖ «​ស្ថានភាព​សិទ្ធិមនុស្ស​គ្មាន​ប្រទេស​ណា​ល្អឥតខ្ចោះ ហើយ​គ្មាន​ប្រទេស​ណាមួយ​ដែល​យើង​អាច​យក​ជា​គំរូ​ទេ​លើ​បញ្ហា​សិទ្ធិមនុស្ស​នេះ​។ ការអនុវត្ត​វា​ប្រែប្រួល​ទៅតាម​បរិបទ​ពី​សង្គម​ ១ ​ទៅ​សង្គម​ ១»​។

លោក ម៉ាលីន កោតសរសើរ​លោកស្រី រ៉ូណា ស្ម៊ីត ថា​ ជា​អ្នករាយការណ៍​ពិសេស​ដែល​បាន​បំពេញការងារ​បាន​ល្អ​ប្រសើរ​។ ការបំពេញ​ការងារ​បាន​ល្អ​ដោយសារ​តែ​លោកស្រី ស្ម៊ីត ធ្លាប់​បំពេញការងារ​នៅ​កម្ពុជា​មុន​ពេល​ទទួល​ការងារ​ជា​អ្នក​រាយការណ៍​ពិសេស​។ ក្នុងពេល​បំពេញមុខ​តំណែង​នេះ លោកស្រី​មាន​កិច្ចសហការ​ល្អ និង​ត្រូវ​បាន​ស្វាគមន៍​ពី​ស្ទើរ​គ្រប់​ស្ថាប័ន​កំពូលៗ​នៅ​កម្ពុជា​។ របាយការណ៍​របស់​លោកស្រី​មាន​ទាំង​វិជ្ជមាន ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា និង​បញ្ហា​ប្រឈម និង​ចំណុច​អវិជ្ជមាន​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​យល់ថា លោកស្រី ស្ម៊ីត បាន​បំពេញ​កិច្ចការ​របស់​លោកស្រី​យ៉ាង​ល្អប្រសើរ​ទោះបី​ជា​លោក​មើលឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ហាក់​ដូចជា​មិនសូវ​ល្អ ចាប់តាំងពី​ឆ្នាំ ២០១៧ ​មក​។ លោកស្រី​បាន​ពិភាក្សា​​ជាមួយ​អង្គការ​សង្គម​ស៊ីវិល គណបក្ស​នយោបាយ ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​។

លោក​មើលឃើញ​ថា អ្នករាយការណ៍​ពិសេស​ដែល​នឹង​មក​នាពេល​អនាគត និង​មាន​ការងារ​កាន់តែ​លំបាក​ជាង​លោកស្រី ស្ម៊ីត ប្រសិនបើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ ឬ​ ២ ​ឆ្នាំ​មិនមាន​ដំណោះស្រាយ និង​ភាព​ធូរស្រាល​ទេនោះ​។

លោក ច័ន្ទរឿន បាន​ថ្លែង​ដូច្នេះ​ថា​៖ «​កិច្ចការ​របស់​អ្នក​រាយការណ៍​ពិសេស​នេះ​ត្រូវការ​មនុស្ស​ដែលមាន​ចំណេះ ជំនាញ ការតស៊ូ​មតិ និង​ការសម្របសម្រួល និង​ការយល់ដឹង​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យបាន​ស៊ីជម្រៅ និង​មាន​របៀប​ដោះស្រាយ តស៊ូ​មតិ យុទ្ធសាស្ត្រ និង​ការប្រឈមមុខ​បែប​វិជ្ជមាន​ទើប​ធ្វើឱ្យ​ការងារ​របស់គាត់​មាន​ប្រសិទ្ធភាព​»៕