ភ្នំពេញ: បេសកជន​ចិន​ប្រមា​ណ​ជាង ២ ពាន់​នាក់ បាននិងកំពុង​ធ្វើដំណើ​រ​មកកាន់​ប្រទេស​កម្ពុ​ជា​ជា​បន្ដបន្ទាប់​ចាប់ពី​ថ្ងៃ​ទី ២ ដ​ល់​ថ្ងៃទី ៨ ខែ​ មិថុនា ដើម្បី​​មកចូល​​រួម​ពិធី​​អបអរសាទរ «ឆ្នាំ​នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា-ចិន ២០១៩» ដែល​រៀប​ចំ​ឡើង​​រួម​គ្នា​ជា​លើកដំបូងនៅ​រាជ​ធានី​ភ្នំពេញ ព្រ​ម​ទាំង​មានដំណើរ​ទស្សនកិច្ច​តាម​រមណី​យ​ដ្ឋា​ន​នានា ខណៈ​មន្ត្រី​កម្ពុជា​រំពឹង​ទទួលផល​ប្រយោជន៍​ច្រើន​ពី​កម្មវិធី​នេះ។

​លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍ និង​ផលិ​តផល​ទេសចរណ៍​ នៃ​ក្រសួងទេស​ចរណ៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ​ថា គណៈ​ប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ នៃ​សា​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិនដឹកនាំ​ដោ​យ​​លោក ចាង ស៊ុ អនុរដ្ឋ​មន្ត្រី​ក្រសួ​​ង​វប្បធម៌ និង​ទេសចរណ៍ រួមជាមួយ​បេសកជន​ចិន​ប្រមា​ណ​​ជាង ២ ពាន់​នាក់ បាន​នឹង​កំពុ​ង​ធ្វើដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃ​ទី​ ៨ ខែ មិថុនា ដើម្បី​អបអរសា​ទរ «ឆ្នាំ​នៃ​វប្បធម៌ និង​ទេស​ចរណ៍​កម្ពុជា-ចិន ២០១៩» ដែល​ធ្វើ​ឡើង​រួម​គ្នា​ជា​លើកដំបូង ព្រមទាំង​មាន​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍ និង​កម្មវិធី​នានា​ជាច្រើន​ទៀត។

លោក​បន្តថា បេសកជន​ចិន​មួយចំនួន​ បានធ្វើ​ដំណើរ​មក​ដ​ល់​ក​ម្ពុ​ជា​ជា​បណ្ដើរៗ​ហើយ តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ និង​សៀមរាប ដើម្បី​ចាប់ផ្ដើម​ដំណើរ​ទស្សន​កិ​ច្ច​ នៅតាម​តំបន់​ទេសចរណ៍​នានា​របស់​កម្ពុជា ដូចជា​រមណីយដ្ឋាន​អង្គរ និង​រាជធានី​ភ្នំពេញ។

លោក​បន្ត​ថា នៅ​យប់​ថ្ងៃទី ៤ ខែ មិថុនា​ គណៈប្រតិភូ​​ចិន​ទាំងនោះ​នឹង​ជួបពិភាក្សា​ជាមួ​យ​​​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួ​ង​​​ទេស​ចរណ៍ និង​លោក អ៊ុក សុជា​តិ រដ្ឋលេ​ខា​​ធិការ​ក្រសួង​វប្បធម៌ តំណាង​លោកស្រី​រដ្ឋមន្ត្រី ភឿង ស​កុ​ណា នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍។

លោក​បន្តថា លុះដល់​ល្ងាច​ថ្ងៃទី ៥ ខែ មិថុនា ក្រសួង​ទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា សហការ​​ជាមួយ​ភាគី​ចិន នឹង​រៀបចំ​ការសម្ដែង​សិល្បៈ​រួមគ្នា​កម្ពុជា-ចិន នៅ​សាល​មហោស្រព​កោះ​ពេជ្រ ដែល​មានការ​អ​ញ្ជើ​ញ​លោ​ក ប៊ិន ឈិន ឧបនាយ​ក​​រដ្ឋមន្ត្រី​ប្រចាំការ និង​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រីតំណាង​លោកនាយ​ករ​ដ្ឋ​​ម​ន្ត្រី​ ហ៊ុន សែន និង​មាន​ពិធី​លៀង​សាយ​ភោជន៍​ ស្វាគមន៍​ជូន​បេសកជន​ចិន​ទាំង​អស់​នា​ល្ងាច​ដដែល​នោះ។

លោក ជំនោរ​ បញ្ជា​ក់ថា៖ ​«កិច្ច​សហប្រតិ​បត្តិការ​រវាង​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន និង​ក្រសួងទេសចរណ៍​កម្ពុជា ស្រប​នឹង​ការកំណត់​យក​ឆ្នាំ ២០១៩ ជា​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា-ចិន ដើម្បី​​ជំរុញ​ការផ្លាស់​ប្ដូរ​វប្បធម៌ និង​ទេ​ស​ចរ​ណ៍​រវាង​ប្រជាជាតិ​ទាំង ២ កាន់តែខ្លាំង​ថែម​មួយ​កម្រិត​ទៀត»។

លោក ហូ វណ្ឌី ទីប្រឹក្សា​សភា​ពាណិជ្ជ​កម្មកម្ពុជា និង​​ជា​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែងថា វា​ជា​ការ​​ឆ្លើ​យ​តប​រវាង​ទំនាក់​ទំនង​ការទូត​រដ្ឋាភិបាល​កម្ពុ​ជា និង​ចិន ដើម្បី​ទាញយក​ផលប្រយោជន៍រៀងៗខ្លួន។ ចំពោះ​ភ្ញៀវ​ចិន​ជាង ២​ ពា​ន់​នាក់​នេះ គឺ​ជា​ការ​រៀបចំ​ដ៏ធំ​មួយ​ប្រចាំ​ឆ្នាំ។

លោក​បន្តថា ព្រឹ​តិ្ត​ការណ៍​នេះ នឹង​ផ្ដល់​ការ​ចំណេញ​ដល់​កម្ពុជា​​ច្រើន ​ចំពោះ​ទំនាក់ទំនង​ការទូត ការផ្លាស់ប្ដូរ​វិស័យ​វប្បធម៌ សិល្បៈ និង​ការវិ​និយោ​គ​លើ​វិស័យ​ទេសចរណ៍។

លោក​បញ្ជាក់​ថា​៖ «យើង​ទទួល​បានការ​ចំណេញ​ច្រើន​ជាង​​ផលប៉ះពាល់ បើ​មាន​ប៉ះពា​ល់​គឺ តិច​តួច​ទេ ខ្ញុំ​ឧទាហរ​ណ៍​មួយ​ថាបើ​យើង​ទៅលេង​សមុ​ទ្រ គឺ​ចំណេញ​អ្នកលក់ដូរ​រកស៊ី​នៅ​តំបន់​ហ្នឹង ប៉ុន្ដែ​មាន​ភ្ញៀវ​ខ្លះ​ក៏​បន្ទោ​​បង់​ចូល​សមុទ្រ ឬ​គាត់​ចោ​ល​សំរាម​នៅ​ទីកន្លែង​នានា​។ អ៊ីចឹងគឺ​វា​ប៉ះពាល់​តែ​ប៉ុណ្ណឹង​ទេ»។

គួររំឭក​ថា កម្មវិធី «ឆ្នាំ​នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា-ចិន» នេះត្រូវបាន​ផ្តួច​ផ្តើម​ឡើ​ង​ ដោយ​ក្រសួង​វប្បធម៌ និង​ទេ​ស​ច​រ​ណ៍​ចិនសហការ​ជាមួយ​ក្រសួ​​ង​ទេសចរណ៍​កម្ពុជា ដើ​ម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​លើ​ផ្នែក​ទេ​ស​​ចរ​ណ៍ និង​វប្បធម៌​រវាង​ប្រទេ​ស​ទាំង ២ បន្ថែមទៀត ​មានដូចជា ការជំរុញ​ការផ្សព្វ​ផ្សាយ​ទេស​ចរណ៍​រួមគ្នា ការផ្លាស់ប្ដូរ​ទ​ស្ស​នកិច្ច​សិក្សា ការ​បណ្ដុះ​បណ្ដា​ល​ធនធាន​មនុស្ស និង​ការ​សម្ដែង​សិល្បៈ​រួមគ្នា​ជាដើម៕