តាកែវៈ សមត្ថកិច្ច​ជំនាញ​ខេត្តតាកែវ​បាននិង​កំពុង​ស្រាវជ្រាវ​រក​ជន​ដែល​លួច​ដាំ​ដំណាំ​កញ្ឆា​ស្ថិតនៅក្នុង​ឃុំ​ព្រះបាទជាន់ជុំ ឃុំ​សោម និង​ឃុំ​តាអូរ ស្រុក​គិរីវង់ ខេត្តតាកែវ បន្ទាប់ពី​ដំណាំ​កញ្ឆា​ចំនួន​ ១៤ ​ទីតាំង​ដាំដុះ​លើ​ផ្ទៃដី​សរុប ៩៩៧១ ​ម៉ែត្រការ៉េ ត្រូវ​បាន​បង្ក្រាប និង​កាប់​ដុត​បំផ្លាញចោល​នៅនឹង​កន្លែង ខណៈ​ម្ចាស់​កញ្ឆា​កំពុង​រត់គេចខ្លួន​។

លោក​ សៅ សារុន ស្នងការរង​នគរបាល​ខេត្តតាកែវ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នា​ថ្ងៃទី​ ២៥ មីនា ថា​កាលពី​ថ្ងៃទី​ ២៤ ខែ​មីនា​សមត្ថកិច្ច​បាន​បង្ក្រាប និង​កាប់​កម្ទេច​ដុតបំផ្លាញ​ចោល​ដំណាំ​កញ្ឆា​នៅនឹង​កន្លែង​ត្រង់ចំណុច​ខ្នងភ្នំ​បាយ៉ងកោ​ស្ថិត​ក្នុង​ភូមិសាស្ត្រ ឃុំ​ព្រះបាទ​ជាន់ជុំ ឃុំ​សោម និង​ឃុំ​តាអូរ ស្រុក​គិរីវង់​ចំនួន​ ១៤ ​ទីតាំង​។ ដាំ​លើ​ផ្ទៃដី​ដាំដុះ​សរុប​ ៩៩៧១ ​ម៉ែត្រការ៉េ​ដោយ​បាន​បំផ្លាញ​អាងទឹក​ចំនួន​ ១០ ​អាង​បំផ្លាញ​ទុយោ​ទឹក​សម្រាប់​ស្រោចស្រព​កញ្ឆា​ចំនួន​ ១៥០០ ម៉ែត្រ និង​ដុតបំផ្លាញ​កញ្ឆា​ក្រៀម​ចំនួន​ ៨ ​គីឡូក្រាម​ផងដែរ​។

លោក​ឲ្យ​ដឹងថា​ក្នុង​ប្រតិបត្តិការ​នេះ​មាន​កម្លាំង​នគរបាល​ខេត្ត​សហការ​ជាមួយ​នគរបាល​ស្រុក​ និង​ទាហាន​វរសេនា​តូច​លេខ​ ៦០៣ សរុប​ចំនួន​ ១៥០ ​នាក់​។

លោក​បញ្ជាក់ថា​៖ «​ប្រតិបត្តិការ​នេះ​យើង​អត់​បានរាប់​ចំនួន​ដើម​កញ្ឆា​ទាំងអស់​ហ្នឹង​ទេ ព្រោះ​វា​មាន​ចំនួន​ច្រើនពេក​ដោយ​យើង​គ្រាន់តែ​ទៅដល់​ទីតាំង​ដំណាំ​ហ្នឹង យើង​ចាប់ផ្ដើម​ដក កាប់​ជា​កំណាត់ៗ ហើយ​ដុត​បំផ្លាញ​ចោល​នៅនឹង​កន្លែង​តែម្ដង​។ ប៉ុន្ដែ​ចំពោះ​កញ្ឆា​ក្រៀម​យើង​បាន​ថ្លឹង​វា​ឃើញ​ចំនួន​ ៨ ​គីឡូក្រាម​ហើយ​យើង​ក៏​ដុតចោល​នៅពេល​ហ្នឹង​ដែរ​។ រីឯ​ម្ចាស់​ដំណាំ​បាន​រត់​គេច​ខ្លួន​បាត់​អស់ ហើយ​សមត្ថកិច្ច​យើង​ក៏​កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​ដែរ​»​។

បើតាម​មន្ត្រីនគរបាល​រូបនេះ​ថា សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ផ្សព្វផ្សាយ អប់រំ ណែនាំ​ដល់​លោក​មេភូមិ មេឃុំ ជា​អាជ្ញាធរ​នៅ​មូលដ្ឋាន​ឲ្យ​ជួយ​ពន្យល់​ទៅដល់​ប្រជាពលរដ្ឋ​កុំឲ្យ​ដាំ​ដំណាំ​កញ្ឆា​បន្តទៀត​។ ព្រោះ​វា​ជា​ដំណាំ​ខុសច្បាប់ និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​ដែល​លួច​ដាំ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។

លោក​ ហៀម ស្រ៊ីម អធិការរង​នគរបាល​ស្រុក​គិរីវង់​ទទួល​បន្ទុក​ផ្នែក​គ្រឿងញៀន​ថ្លែង​ថា ករណី​លួច​ដាំ​កញ្ឆា​នេះ​សមត្ថកិច្ច​ជំនាញ​បាននិង​កំពុង​តាមដាន​រក​មុខ​សញ្ញា​ដែល​លួច​ដាំ ដោយ​បានដាក់​ការសង្ស័យ​លើ​ពលរដ្ឋ​មួយចំនួន​ក្នុង​មូលដ្ឋាន​នោះ​។

លោក​បាន​បន្តថា ដំណាំ​កញ្ឆា​ប្រើពេល​ដាំ​ត្រឹមតែ​ ២ ឬ ៣ ​ខែ​ប៉ុណ្ណោះ ហើយ​ដោយសារ​លក់​បាន​ថ្លៃ​ផង​នោះ​ទើប​មាន​ជនខិលខូច​ឆក់​ឱកាស​លួច​ដាំ​ទាំង​ដឹងថា វា​ជា​ដំណាំ​ខុសច្បាប់​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ចុះបង្ក្រាប​ជា​ហូរហែ ព្រមទាំង​ធ្លាប់បាន​ឃាត់ខ្លួន​អ្នក​ដាំ​ដំណាំ​កញ្ឆា​នេះ​ទៀតផង​។

លោក​អធិការរង​បញ្ជាក់ថា​៖ «​ពលរដ្ឋ​យើង​មួយចំនួន​បង្ខំចិត្ត​លួច​ដាំ បើទោះបី​ដឹងថា​ច្បាប់​បានហាម​ក៏ដោយ ព្រោះ​លក់​ទៅបាន​ថ្លៃ​។ យើង​នៅតែ​បន្ត​ចុះបង្ក្រាប​ដោយ​ដក និង​ដុត​បំផ្លាញចោល​។ រីឯ​មនុស្ស​គឺ​យើង​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដែរ​»​។

នាយប៉ុស្ដិ៍​នគរបាល​ឃុំ​ព្រះបាទ​ជាន់ជុំ​លោក​ អិន វុធ ថ្លែង​កាលពី​ថ្ងៃទី​ ២៥ មីនា​ថា សមត្ថកិច្ច​លោក​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ស្រុក​គិរីវង់ និង​មន្ត្រីខេត្ត​ក្នុង​ការបង្ក្រាប ប៉ុន្ដែ​លោក​មិនមាន​របាយការណ៍​ទាក់ទង​នឹង​ការងារ​នេះ​ទេ​។ លោក​ថា​កន្លង​មក​សមត្ថកិច្ច​លោក​តែងតែ​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ស្វែងរក​ជនសង្ស័យ​ដែល​ដាំ​ដំណាំ​កញ្ឆា​នេះ​។

លោក​បន្តថា ទីតាំង​ភូមិសាស្ត្រ​នៅ​ចំណុច​ខ្នងភ្នំ​បាយ៉ងកោ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ​នេះ​ជា​កន្លែង​មាន​អំណោយផល​ល្អ​ក្នុង​ការលួច​ដាំ​កញ្ឆា ព្រោះ​មាន​ព្រៃស្រោង​ក្រាស់ៗ ហើយ​មិនសូវ​មាន​ថ្ម​ធំៗ​ដែល​ជា​ឧបសគ្គ​ក្នុង​ការកាប់​គាស់​ដី​ដាំ​កញ្ឆា​ទេ​។

លោក​ អិន វុធ បានបញ្ជាក់​ថា​៖ «​ជនល្មើស​តែងតែ​លួច​ដាំ​កញ្ឆា​នេះ យើង​បង្ក្រាប​ជា​ហូរហែ គឺ​សមត្ថកិច្ច​ដក​ចោល​ផង និង​ដុតចោល​ផង ហើយ​ខែ​មុន​នោះ​ចាប់​បាន​អ្នក​ដាំ​ម្នាក់​។ ប៉ុន្ដែ​អ្នក​ផ្សេងទៀត​នៅតែ​មិន​ព្រម​រាងចាល​សោះ ព្រោះ​ដាំដំណាំ​កញ្ឆា​នេះ គឺ​លក់​ទៅ​បាន​តម្លៃ​ថ្លៃ​ជាង​ស្រូវប្រាំង​គាត់​។ អ៊ីចឹង​បើទោះបី​ជា​ខុសច្បាប់​ក៏​គាត់​នៅតែ​លួច​ដាំ​ដែរ​»៕