The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប៉ា សុជាតិវង្ស៖ ការ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ប្រើ​យន្តការ​បី

ប៉ា សុជាតិវង្ស៖ ការ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ប្រើ​យន្តការ​បី

លោក ប៉ា សុជាតិវង្ស និង​លោក អេង ឆៃអ៊ាង ជួប​ផ្តល់​ព័ត៌មាន​ដល់​អ្នក​កាសែត​នៅ​រដ្ឋសភា។
លោក ប៉ា សុជាតិវង្ស និង​លោក អេង ឆៃអ៊ាង ជួប​ផ្តល់​ព័ត៌មាន​ដល់​អ្នក​កាសែត​នៅ​រដ្ឋសភា។ ផា លីណា

ប៉ា សុជាតិវង្ស៖ ការ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ប្រើ​យន្តការ​បី

ភ្នំពេញៈ លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ កាល​ពី​ម្សិល​មិញ​នេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​បាន​កំពុង​ប្រើ​ប្រាស់​យន្តការ​បី​ផ្សេង​គ្នា​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន ក្រោយ​ជំនួប​ឆ្លើយ​បំភ្លឺ​ទៅ​កាន់​គណៈកម្មការ ទី១ នៃ​រដ្ឋសភា អស់​រយៈ​ពេល​ជាង ៣ ម៉ោង​អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិវង្ស បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​រដ្ឋសភា​ថា ការ​ឆ្លើយ​បំភ្លឺ​ជុំវិញ​អង្គ​ទំនាស់​ពាក់​ព័ន្ធ​នឹង​បញ្ហា​ដីធ្លី រួម​នឹង​ការ​តវ៉ា​របស់​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ គឺ​អាជ្ញាធរ​មូលដ្ឋាន​បាន​និង​កំពុង​ប្រឹង​ប្រែង​ដោះ​ស្រាយ តាម​រយៈ​យន្តការ​បី គឺ​យន្តការ​ដោះ​ស្រាយ​តាម​ប្រព័ន្ធ​តុលាការ យន្តការ​រដ្ឋបាល​នៅ​នឹង​កន្លែង និង​យន្តការ​ដោះ​ស្រាយ​ដោយ​គណៈ​កម្មការ​សុរិយោ​ដី​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ។

លោក​បន្ត​ថា៖ «មាន​ករណី​ទំនាស់​ដីធ្លី​ខ្លះ បាន​រំលង​ពី​ការ​ដោះ​ស្រាយ​ពី​អាជ្ញាធរ​ដែន​ដី​រហូត​ទៅ​ដល់​តុលាការ ហើយ​ករណី​នោះ អាជ្ញាធរ​បាន​ព្យាយាម​ចូល​រួម​សម្រប​សម្រួល​ហើយ ហើយ​ក៏​មាន​ករណី​ខ្លះ​ទៀត​ត្រូវ​តែ​បញ្ចូន​ទៅ​តុលាការ​តែ​ម្តង​ដើម្បី​ដោះ​ស្រាយ»។

លោក ប៉ា សុជាតិវង្ស បាន​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​និង​កំពុង​ពន្លឿន​ដំណោះ​ស្រាយ​លើ​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ដែល​នៅ​សេស​សល់ តាម​រយៈ​ការ​សម្រប​សម្រួល និង​ការ​ផ្សះ​ផ្សា។

លោក ប៉ា សុជាតិវង្ស ថ្លែង​បន្ត​ថា៖ «ជាក់​ស្តែង​នៅ​សល់​តែ ១០០ គ្រួសារ​តែ​ប៉ុណ្ណោះ ក្នុង​សហគមន៍​បុរីកីឡា​ដែល​យើង​កំពុង​ពិនិត្យ​លក្ខណ​សម្បត្តិ​ដើម្បី​ផ្តល់​ដំណោះ​ស្រាយ បឹងកក់​សល់​តែ ២៦ គ្រួសារ​ដែល​យើង​នឹង​បន្ត​ដោះ​ស្រាយ​ដោយ​ការ​ផ្តល់​ដី​ឡូត៍​នៅ​ក្នុង​តំបន់​បឹងកក់​សម្រាប់​សាង​សង់​លំនៅឋាន និង​នៅ​តំបន់​ជម្លោះ​ផ្សេងៗ​ទៀត»។

កាល​ពី​ថ្ងៃ ទី១០ និង ទី១១ ខែ​វិច្ឆិកា សកម្ម​ជន​ស្រ្តី​មាន​ជម្លោះ​ដីធ្លី ១០ នាក់​ដែល​ជា​ញឹក​ញាប់​បាន​ចេញ​មុខ​តវ៉ា​ទាមទារ​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី ត្រូវ​បាន​តុលាការ​កាត់​ទោស​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ ២ លាន​រៀល បន្ទាប់​ពី​ពួក​គេ​បាន​តវ៉ា​បិទ​មហា​វិថី​ព្រះមុនីវង្ស រក​អន្តរាគមន៍​រំដោះ​ទឹក​ស្អុយ ដែល​ជន់​លិច​ផ្ទះ​នៅ​បឹងកក់។ ចំណែក​ព្រះ​សង្ឃ ១ អង្គ​ក៏​ត្រូវ​បាន​ផ្សឹក​និង​កាត់​ទោស​ដូច​គ្នា ខណៈ​និមន្ត​មក​មើល​ការ​តវ៉ា​នៅ​មុខ​តុលាការ​រាជធានី។

ទាក់​ទិន​នឹង​សំណុំ​រឿង​នេះ លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ ទី១ នៃ​រដ្ឋសភា ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្តឹង​អង្កេត និង​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធសភា បាន​ឲ្យ​ដឹង​ថា លោក​បាន​ស្នើ​ឲ្យ​លោក​អភិបាល​រាជធានី​ភ្នំពេញ ពិនិត្យ​លទ្ធភាព​និង​រក​មធ្យោបាយ​បន្ធូរ​បន្ថយ​ឲ្យ​អ្នក​ជាប់​ឃុំ​ទាំង​នោះ​និង​ផ្តល់​សេរីភាព​ឲ្យ​ពួក​គេ​ឆាប់ៗ​នេះ។ ប៉ុន្តែ លោក ប៉ា សុជាតិវង្ស បាន​ឲ្យ​ដឹង​ថា រឿង​នេះ​ជា​កិច្ចការ​របស់​តុលាការ ហើយ​លោក​មិន​អាច​លូក​លាន់​បាន​ឡើយ។

តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ អ្នក​ស្រី ប៉ូវ សោភា ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​តំបន់​បឹងកក់ យល់​ឃើញ​ថា នេះ​ជា​ការ​សន្យា​ដដែលៗ​របស់​លោក ប៉ា សុជាតិវង្ស ដែល​មិន​មាន​ការ​អនុវត្ត​នោះ​ឡើយ។

អ្នក​ស្រី​និយាយ​ថា៖ «យន្តការ​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​ឃុំ​ខ្លួន គឺ​សុទ្ធ​តែ​ជា​ការ​បញ្ជា​ពី​អាជ្ញាធរ ខណៈ​ដែល​តុលាការ​ដូច​ជា តេឡេ​បញ្ជា​របស់​ពួក​គេ។ ក្នុង​តំបន់​បឹងកក់ ករណី​ដីធ្លី​មាន ៣ ៨ គ្រួសារ​មិន​មែន ២៦ ទេ​តួលេខ​ដែល​គាត់​លើក​ក៏​ខុស​ពី​ការ​ពិត​ដែរ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រធាន​គណៈ​កម្មការ ទី១ នៃ រដ្ឋសភា លោក អេង ឆៃអ៊ាង បាន​ឲ្យ​ដឹង​ដែរ​ថា សភា​នឹង​បន្ត​ឃ្លាំ​មើល​ស្ថាប័ន​នីតិ​ប្រតិបត្តិ​មួយ​នេះ​រួម​នឹង​ដំណោះ​ស្រាយ​ដែល​នឹង​ត្រូវ​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ក៏​បាន​ស្នើ​ឲ្យ​លោក ប៉ា សុជាតិវង្ស ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដោយ​ការ​ជជែក ចៀសវាង​ការ​បណ្តេញ​ចេញ យើង​នឹង​កោះ​ហៅ​លោក​មក​បំភ្លឺ​នៅ​ថ្ងៃ​ក្រោយ​ទៀត​បើ​បញ្ហា​នៅ​តែ​បន្ត​កើត​មាន»។

តាម​រយៈ​ស្ថិតិ​វិភាគ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ដើម ខែ​វិច្ឆិកា នេះ​ឲ្យ​ដឹង​ថា ក្នុង ឆ្នាំ​២០១៣ អត្រា​វិវាទ​ដីធ្លី​ខ្ពស់​ជាង​គេ​គឺ​មាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​រហូត​ដល់​ទៅ ២៩ ករណី​ដែល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ចំនួន ១៥២៤៦ គ្រួសារ​ខណៈ ខេត្ត​រតនគិរី ឈរ​នៅ​លំដាប់​លេខ ២ មាន​វិវាទ​ដីធ្លី​ចំនួន ២៦ ករណី​ប៉ះពាល់​ទៅ​ដល់​ប្រជា​ពលរដ្ឋ ២៦៦២ គ្រួសារ​ហើយ​និង​នៅ ខេត្ត​កំពង់ចាម មាន​ចំនួន ២១ ករណី ប៉ះពាល់​ដល់​ពលរដ្ឋ ៥៩៥៣ គ្រួសារ។ មាន​កត្តា​ជាច្រើន​ដែល​បណ្តាល​ឲ្យ​មាន​វិវាទ​ដីធ្លី រួម​មាន គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំបន់​ទីប្រជុំជន​និង​ជនបទ សម្បទាន​សេដ្ឋកិច្ច និង​សម្បទាន​ផ្សេងៗ​ទៀត​ដែល​ដំណើរ​ការ​ដោយ​ក្រុម​ហ៊ុន​វិនិយោគ​ជាតិ​និង​អន្តរជាតិ៕

អត្ថបទគួរចាប់អារម្មណ៍