
កសិករប្រមូលទិន្នផលស្រូវនៅខេត្តបាត់ដំបងដែលច្រូតកាត់ដោយម៉ាស៊ីន កាលពីខែកញ្ញា។ រូបថត សហការី
បាត់ដំបងៈ តម្លៃស្រូវនៅខេត្តបាត់ដំបងបានធ្លាក់ចុះរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារពលរដ្ឋនៃខេត្តនេះសម្រុកច្រូតព្រមគ្នា ដែលអាចមិនទាន់ដល់ពេលកំណត់ត្រូវច្រូត នាំឱ្យខូចគុណភាព ខណៈការវិនិយោគរបស់វិស័យឯកជនដែលមានរោងម៉ាស៊ីនកិនស្រូវមួយចំនួននៅក្នុងខេត្តក៏មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូលទិញស្រូវ។
អភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា តម្លៃស្រូវធ្លាក់ថ្លៃនៅពេលនេះគឺស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន ដោយប្រភេទស្រូវផ្ការំដួលមានតម្លៃប្រមាណ ១ លានរៀលក្នុង ១ តោន។ ប៉ុន្តែទោះយ៉ាងណាក៏មានបញ្ហាពាក់ព័ន្ធនឹងស្រូវដែលគ្មានគុណភាពផងដែរ ។
លោកថ្លែងថា៖ «សម្រាប់ការធ្លាក់ថ្លៃស្រូវនេះក៏ដោយសារតែគុណភាព វាមិនទាន់ដល់កម្រិតដែលអាចទទួលយកបាន ព្រោះក្រោយពីគ្រោះទឹកជំនន់កន្លងមកនេះ ស្រូវមួយចំនួនបានឱនទៅរកទឹក វាប្រែក្លាយទៅជាខ្មៅ។ អ៊ីចឹងទេ យើងនិយាយថាតម្លៃធ្លាក់ថ្លៃ យើងភ្លេចគិតពីគុណភាពក៏វាប៉ះពាល់ដែរ»។
លោក ងួន រតនៈ បន្ថែមថា៖ «ស្រូវក្រោយពីទឹកជំនន់មកមានខ្យល់បក់មក បានធ្វើឱ្យផ្លែស្រូវដួលទៅក្នុងទឹក។ យើងក្រច្រូត យើងច្រូតហើយលក់ក៏មិនបានថ្លៃ យើងមិនអាចវាយតម្លៃជារួមនោះទេ»។
លោកអភិបាលខេត្តក៏បានអំពាវនាវដល់ពលរដ្ឋកុំទាន់ច្រូត នៅពេលដែលស្រូវមិនទាន់ដល់ពេលច្រូត ព្រោះកាលណាច្រូតហើយថ្លឹងលក់វាមិនទាន់ វានឹងប៉ះពាល់ដល់ការខូចគុណភាពស្រូវ ហើយលក់បានក្នុងតម្លៃទាប។
ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់វិស័យឯកជន បន្តចូលរួមវិនិយោគលើវិស័យស្រូវអង្ករនៅខេត្តបាត់ដំបង ដោយបង្កើតរោងម៉ាស៊ីនកិនស្រូវ និងឡសម្ងួតបន្ថែមទៀតដើម្បីប្រមូលទិញស្រូវពីកសិករ។ ព្រោះបច្ចុប្បន្នរោងម៉ាស៊ីនមានច្រើន ប៉ុន្តែឡសម្ងួតមានចំនួនតិច ដែលគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រមូលទិញស្រូវពីកសិករបានច្រើននោះទេ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង លោក ឈឹម វជិរា ទទួលស្គាល់ដែរថា តម្លៃស្រូវនៅខេត្តបានចាប់ផ្តើមធ្លាក់ ដោយធ្លាក់ពីជាង ១ លាន ២ សែនរៀល ក្នុង ១ តោន មកនៅ ៩៥ ម៉ឺនទៅ ៩៧ ម៉ឺនរៀលក្នុង ១ តោនអាស្រ័យលើកត្តាគុណភាពស្រូវ។
ដោយខេត្តបាត់ដំបងជាខេត្ត ១ ក្នុងចំណោមខេត្តមួយចំនួនដែលរងគ្រោះដោយទឹកជំនន់ដែរនោះលោកថា ក្នុងឆ្នាំនេះបានធ្វើឱ្យស្រូវមួយចំនួនមានគុណភាពថមថយ។ បន្ទាប់ពីគ្រោះទឹកជំនន់ក៏បង្កផលប៉ះពាល់ពីភ្លៀង និងខ្យល់ដែលធ្វើឱ្យស្រូវដួលចូលទៅក្នុងទឹកប្រមាណ ៣០ ភាគរយ។
លោកបញ្ជាក់ទៀតថា សម្រាប់ឆ្នាំនេះក៏មានផលលំបាកផងដែរ ដោយពលរដ្ឋខ្វះម៉ាស៊ីនច្រូត ដោយសារកាលពីគ្រោះទឹកជំនន់ ម្ចាស់ម៉ាស៊ីនបានចល័តម៉ាស៊ីនទៅកាន់ខេត្តផ្សេងៗ ដែលធ្វើឱ្យមានការប្រកួតប្រជែងលើតម្លៃច្រូត ដែលកាលពីមុនក្នុង ១ ហិកតាតម្លៃ ២៨ ម៉ឺនរៀល។ ប៉ុន្តែបច្ចុប្បន្ន ៣៥ ម៉ឺនទៅ ៤០ ម៉ឺនរៀល បើទោះបីអាជ្ញាធបានចុះណែនាំដល់ម្ចាស់ម៉ាស៊ីនច្រូតស្រូវកុំឱ្យយកថ្លៃពេក ខណៈតម្លៃស្រូវកំពុងប្រឈមទៅនឹងការចុះថោកក៏ដោយ។
លោក សឺន ធូណា កសិកររស់នៅភូមិថ្មគោលនៃខេត្តបាត់ដំបងបានឱ្យដឹងដែរថា បច្ចុប្បន្នតម្លៃស្រូវនៅខេត្តនេះធ្លាក់មកជាង ៨០ ម៉ឺនរៀល ក្នុង ១ តោន។ ខុសប្លែកកាលពីមុនកសិករលក់បានក្នុងតម្លៃជាង ១ លានរៀល ក្នុង ១ តោន។
បញ្ហានេះមិនមានអ្នកចាប់អារម្មណ៍ និងចុះមកជួយអន្តរាគមន៍នោះទេ ខណៈពេលដែលកសិករទទួលបានផលច្រើន និងមានគុណភាព។ បើបញ្ហានេះនៅតែបន្តកើតមាននឹងធ្វើឱ្យកសិករជួបបញ្ហាប្រឈមទៅលើការចំណាយច្រើនក្នុងជីវភាពប្រចាំថ្ងៃ។ ជាពិសេសត្រូវបង់លុយទៅធនាគារ ខណៈភាគច្រើនកសិករបានខ្ចីលុយពីធនាគារយកមកធ្វើការដាំដុះ។
កសិកររូបនេះនិយាយថា៖ «អ្វីដែលកសិករប្រាថ្នាចង់បាននាពេលនេះ គឺចង់ឱ្យអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ឱ្យតម្លៃស្រូវដែលអាចទទួលយកបាន គឺក្នុងតម្លៃជាង ១ លានរៀលក្នុង ១ តោន»។
លោក ថេង សារឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លើកឡើងដែរថា បញ្ហាស្រូវចុះថ្លៃនេះ ប្រសិនបើរដ្ឋាភិបាលមិនបានដោះស្រាយឱ្យទាន់ពេលវេលាទេនោះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព របស់កសិករជាច្រើនម៉ឺនគ្រួសារ ហើយកសិករមួយចំនួនអាចប្រឈមនឹងការលក់ដីស្រែយកប្រាក់សងធនាគារផងដែរ។
សម្រាប់អ្នកខ្លះទៀតនឹងចាកចេញពីជនបទទៅរកការងារធ្វើនៅតំបន់ក្រុង និងធ្វើចំណាកស្រុកទៅក្រៅប្រទេស ទាំងប្រថុយប្រថានកាន់តែច្រើនដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ និងសងថ្លៃធនាគារដែលបានខ្ចីគេធ្វើដើមទុនដាំដុះកន្លងទៅ។
លោកថ្លែងថា៖ «ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែបញ្ចេញថវិកាជាតិប្រមូលទិញស្រូវពីកសិករយកទៅស្តុកទុក ដើម្បីកិនស្រូវទៅជាអង្ករនាំចេញទៅលក់នៅក្រៅប្រទេសព្រមទាំងជួយទប់ស្កាត់កុំឱ្យក្រុមឈ្មួញកណ្ដាលបញ្ចុះតម្លៃស្រូវតាមអំពើចិត្ត»៕
វីដេអូ៖