បន្ទាយមានជ័យៈ ​មន្ត្រីប៉ូលិស​កំពុង​បន្ត​តាមដាន​ករណី​បាត់ខ្លួន​នារី​ម្នាក់ ដែលមាន​តួនាទី​ជា​ជំនួយការ​ស្មៀនឃុំ​អូរបីជាន់ ក្នុង​ស្រុក​អូរជ្រៅ ដែល​ត្រូវបាន​ជនសង្ស័យ​មិន​ស្គាល់មុខ​ ២ ​នាក់​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​ ១៣ ខែមីនា​ ខណៈ​សមត្ថកិច្ច​ដាក់​ការសង្ស័យ​ជំហាន​ដំបូង​ថា​អាច​ត្រូវ​អតីត​សង្សារ​ចាស់​របស់​នារី​រងគ្រោះ​ចាប់ពង្រត់ ខណៈ​នាង​ជិត​ចូល​រោងការ​ជាមួយ​បុរស​ម្នាក់​ផ្សេងទៀត​។

លោក ណង សំរ៉ាំង នាយប៉ុស្តិ៍​អូរបីជាន់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នារី​រងគ្រោះ​មាន​ឈ្មោះ អ.ស.ន អាយុ​ ២៤ ​ឆ្នាំ ​ជា​កូនកំព្រា បច្ចុប្បន្ន​រស់នៅ​ជាមួយ​ម្តាយមីង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់​មាន​តួនាទី​ជា​ជំនួយការ​ស្មៀនឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ​។ បើតាម​លោក សំរ៉ាំង ក្រោយពី​មាន​ករណី​ចាប់​នារី​រងគ្រោះ​កម្លាំង​នគរបាល​ស្រុក​អូរជ្រៅ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរបីជាន់​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ទៅ​ដល់​ផ្ទះ​ជនសង្ស័យ​ម្នាក់​ក្នុង​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​ដែល​គេ​ស្គាល់​ថា​ជា​អតីត​សង្សារ​របស់​នារី​រងគ្រោះ​។

លោក​បញ្ជាក់ថា​៖ «​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​បាន​និយាយ​តៗ​គ្នា​ថា អាច​ជា​ការទៅ​តាម​គ្នា​។ ប៉ុន្តែ​សមត្ថកិច្ច​យើង មិនទាន់​ហ៊ាន​សនិ្នដ្ឋាន​នោះទេ ព្រោះ​រឿង​ជាក់ស្តែង​នារី​រងគ្រោះ​មាន​គេ​ស្រឡាញ់​គាត់​ច្រើន​កន្លង​មក ហើយ​យើង​មិនទាន់​ដឹង​ខាង​អ្នកណា​ចាប់​នោះទេ​។ គ្រាន់តែ​យើង​កំពុងតែ​ប្រមូល​ព័ត៌មាន ហើយ​អ្នក​ដែល​សង្ស័យ​ខ្លាំង​នោះ​គឺ​បុគ្គល​ឈ្មោះ ផាន ដែល​រស់នៅ​សំពៅលូន ប៉ុន្តែ​មិនទាន់​រកឃើញ​នៅឡើយ​ទេ​»​។

លោក តុល សារិន មេឃុំ​អូរបីជាន់​ថ្លែង​ពី​ម្សិលមិញ​ថា ក្នុង​អំឡុងពេល​កើតហេតុ​ថ្ងៃទី​ ១៣ ខែមីនា នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ជាមួយ​ក្មេងស្រី​ដែល​មាន​ឈ្មោះ​ លាង សុគន្ធា អាយុ​ ១០ ​ឆ្នាំ​ យក​ឡេ​ទៅ​ឲ្យ​គេ​នៅ​អូរបីជាន់​។

លោក​បន្តថា ពេល​ត្រឡប់​មក​វិញ​ជិត​ដល់ផ្ទះ ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន ២ ​នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​រថយន្ត​កាម៉ារី​ពណ៌​ខ្មៅ​ដែល​មិន​ស្គាល់​ស្លាក​លេខ​បាន​ហៅ​ម៉ូតូ​ឲ្យ​ឈប់ ដើម្បី​និយាយ​គ្នា​។

មេឃុំ​រូបនេះ​បន្ថែម​ថា៖ «​រឿងនេះ​ពិបាក​ធ្វើការ​សន្និដ្ឋាន​ថា ជា​ករណី​ចាប់ពង្រត់ ឬ​ក៏​រត់តាម​គ្នា​ណាស់ ព្រោះ​តាម​ការសាកសួរ​មក​ជនសង្ស័យ និង​នារី​រងគ្រោះ​មាន​មាឌ​ប៉ុនៗ​គ្នា ហើយ​ចាប់​ដាក់​ឡាន​ក៏​មិន​ប្រាកដថា ធ្វើ​ឡើង​ស្រួលៗ​នោះទេ​។ មិនដឹងថា​ក្នុង​ពេល​នោះ​គាត់​ព្រម​ឡើង​ឡើង​តាម​គេ​អត់​?»​។

តាម​របាយការណ៍​របស់​អធិការនគរបាល​ស្រុក​អូរជ្រៅ​ដែល​ដកស្រង់​ដោយ​អគ្គស្នងការ​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា តាម​សម្តី​របស់​ក្មេងស្រី លាង សុគន្ធា អាយុ​ ១០ ​ឆ្នាំ​ ដែល​នៅ​កន្លែង​កើតហេតុ​និយាយ​ថា​៖ «​ពេលនោះ​នារី​រងគ្រោះ​និយាយ​ថា យើង​មិនដែល​ស្គាល់​គ្នា​ផង ហើយ​ជនសង្ស័យ​ម្នាក់​បាន​ចុះ​ពីលើ​រថយន្ត​ចាប់​នារី​រងគ្រោះ​ដោយ​និយាយ​ថា អូន​ឯង​ធ្វើ​បាប​ចិត្ត​បង​ណាស់​រួច​ទាញ​ចូល​ក្នុង​រថយន្ត​បើក​ចេញ​ទៅ​បាត់​»​។

ចំណែក​អតីត​មេឃុំ​អូរបីជាន់​លោក​ សួង មឿន ដែល​ជា​ចាស់ទុំ​នៅក្នុង​ភូមិ បាន​ប្រាប់ថា នារី​រងគ្រោះ​ជា​មនុស្ស​ដែល​សុភាពរាបសា និង​មាន​សម្រស់​ស្អាត​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​អ្នកស្រឡាញ់​ច្រើន​។ លោក​បន្តថា ហើយ​កាលពី​ថ្ងៃទី​ ២១ ខែ តុលា​ ឆ្នាំ​ ២០១៩ នារី​រងគ្រោះ​បាន​ភ្ជាប់ពាក្យ និង​ត្រៀម​ចូល​រោងការ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​ គុណ សារ៉ាក អាយុ​ ២៤ ​ឆ្នាំ​ នៅ​ភូមិ​និមិត្ត​ ១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​ដែល​នឹង​ចូល​រោងការ​នៅ​ថ្ងៃទី​ ៨ ​ខែ​មេសា​ខាងមុខ​។

លោក​បន្តថា​៖ «​ករណីនេះ​អាច​ជា​ករណី​ប្រចណ្ឌ ឬ​ជា​ករណី​ដែល​ស្រឡាញ់​មិនបាន បាន​ចាប់​នារី​រងគ្រោះ​ហើយ​មើល​ទៅ ព្រោះ​នារី​រងគ្រោះ​ស្អាត​ហើយ​មាន​អ្នក​ស្រឡាញ់​ច្រើន​។ អ្នក​ស្រឡាញ់​នាង​មិនបាន​ប្រាកដ​ជា​មិន​សុខចិត្ត​ទេ ព្រោះ​នាង​ជិត​ចូល​រោងការ​»​។

លោក គុណ សារ៉ាក ដែលជា​គូ​ដណ្តឹង​របស់​នារី​រងគ្រោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ ពួកគេ​ទាំង​ ២​ នាក់​ មាន​បញ្ហា​រកាំរកូស​បន្តិចបន្តួច​គឺ​គ្រាន់តែ​នារី​រងគ្រោះ​មិន​ពេញចិត្ត​នៅពេល​ដែល​រូបលោក​ជួបជុំ​មិត្តភក្តិ​។ «​ខ្ញុំ​យំ​ឡើង​ខ្សោះ​ខ្លួន​ហើយ​គ្រាន់តែ​ឮថា បាត់​គាត់​ភ្លាម ខ្ញុំ​ទៅ​ដល់​ផ្ទះ​គាត់​ភ្លាម​។ ​ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំង មិន​ដែល​ហ៊ាន​សម្តី​ធ្ងន់​ដាក់​គាត់​ទេ​។ ពួកយើង​ឈ្លោះ​គ្នា​តិចតួចៗ ឈ្លោះ​គ្នា​ព្រឹក ល្ងាច​ត្រូវ​គ្នា​ជាធម្មតា​តាំងពី​ស្គាល់គ្នា ១ ​ឆ្នាំ​នេះ​មក​។ ខ្ញុំ​សុំ​ឲ្យ​រក​គាត់​ឲ្យ​ឃើញ​ឆាប់ៗ និង​កុំ​ឲ្យ​គាត់​មានរឿង​អី​ឲ្យ​សោះ​»៕