កំពង់ធំ: សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​បុរស​ម្នាក់​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​ក្នុង​ខេត្ត​កំពង់ធំ​ក្រោយពី​បើក​រថយន្ត​បុក​យុវជន​ ២ ​នាក់​ស្លាប់​កាលពី​ថ្ងៃទី​ ២៥ ខែ​សីហា ហើយ​បាន​គេច​ខ្លួន​ពី​ការទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​។

មន្ដ្រី​អាវុធហត្ថ​មាន​តួនាទី​ជា​ប្រធាន​សន្តិសុខ​ស្នាក់ការ ៦០១ មាន​លំនៅ​ស្ថិត​ក្នុង​ភូមិ​កំពង់ធំ សង្កាត់​រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​ដែល​ជាប់​ចោទ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​ទឹកវិល ស្រុក​សន្ទុក ខេត្ដ​កំពង់ធំ បង្ក​ឲ្យ​យុវជន​ ២ ​នាក់​ស្លាប់​បាត់បង់​ជីវិត​កាលពី​ថ្ងៃទី​ ២៥ ខែ​សីហា ឆ្នាំ​ ២០១៨ កំពុង​រត់គេច​ខ្លួន ខណៈ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​រួចរាល់​។

លោក រុំ សុវិជ្ជា ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្ដ​កំពង់ធំ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា សមត្ថកិច្ច​កំពុង​តាម​ឃ្លាំមើល​តាម​គោលដៅ​នានា​ដើម្បី​ចាប់​ជនសង្ស័យ​កំពុង​រត់គេច​។

លោក​បន្ដ​៖ «​ជនសង្ស័យ​នេះ​ជា​មន្រី​អាវុធហត្ថ ប្រធាន​សន្ដិសុខ ៦០១​។ ប៉ុន្មាន​ថ្ងៃ​នេះ​យើង​កំពុង​ញាប់ដៃ​ដាក់​កម្លាំង​តាម​ជនសង្ស័យ​នេះ​នៅ​គ្រប់​គោលដៅ​ទាំងអស់​ដែល​មាន​ការសង្ស័យ​ថា ជនល្មើស​កំពុង​គេច​ខ្លួន ប៉ុន្ដែ​នៅ​មិន​ទាន់​ជួប​ជនសង្ស័យ​សោះ​»​។

លោក សុវិជ្ជា ថ្លែង​ឲ្យ​ដឹង​ថា​តំណាង​ជនបង្ក​គ្រោះថ្នាក់​បាន​ចូល​ខ្លួន​មក​ដោះស្រាយ​ចំពោះ​ករណី​នេះ​ជាមួយ​គ្រួសារ​ជនរងគ្រោះ​ហើយ ប៉ុន្ដែ​នីតិវិធី​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃទី ២៥ ខែ​សីហា ឆ្នាំ​ ២០១៨ ស្ថិត​នៅ​ចំណុច​ទឹកវិល ភូមិ​ផ្លុង ឃុំ​ពោធិ៍ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត ឡិចស៊ីស ៤៧០ ​មួយ​គ្រឿង​បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២ ​នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ដែល​បើកបរ​ដោយ​មនុស្ស ២ ​នាក់​នោះ​ដួល​នៅ​លើ​ទ្រូងផ្លូវ ដោយសារ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ផង​ក៏​បាន​កិន​ពី​លើ បណ្តាល​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ទាំង​ ២​ ​នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​តែ​ម្តង​។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​បង្ក​ហេតុ​ត្រូវ​បាន​គេ​ដឹង​ថា ធ្វើការ​បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ សួស សុវណ្ណា ភេទ​ប្រុស អាយុ ៤៩ ​ឆ្នាំ​ជា​ប្រធាន​សន្តិសុខ​ស្នាក់ការ ៦០១ មាន​ទីលំនៅ​ស្ថិត​នៅ​ភូមិ​កំពង់ធំ សង្កាត់​រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។

សមត្ថកិច្ច​ដដែល​នេះ​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ចំណែក​អ្នក​បើកបរ​ម៉ូតូ​វិញ​មាន​ឈ្មោះ គង់ មករា ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ និង​ម្នាក់​ទៀត​មាន​ឈ្មោះ ហេង គឹមហាន ភេទ​ប្រុស អាយុ​ ១៩ ​ឆ្នាំ​។ អ្នក​ទាំង ២ ​មាន​លំនៅ​ក្នុង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​៕