ភ្នំពេញៈ នគរបាលចរាចរណ៍ផ្លូវគោកនឹងបើកយុទ្ធនាការត្រួតពិនិត្យ និងផាកពិន័យនៅទូទាំងប្រទេសចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦ តទៅខណៈដែលចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចេះតែបន្តកើនឡើងឥតឈប់។
តាមសេចក្តីជូនដំណឹងស្តីពីការពង្រឹងវិធានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចុះថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៥ អគ្គស្នងការនគរបាលជាតិលោក នេត សារឿន បានឲ្យដឹងថារយៈពេលនៃការផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងពីខ្លឹមសារច្បាប់ និងបទដ្ឋានគតិយុត្តិនានាដែលពាក់ព័ន្ធនឹងការធ្វើចរាចរណ៍ផ្លូវគោកសមល្មមឈានដល់ពេលវេលាមួយតម្រូវឲ្យអនុវត្តច្បាប់សំដៅធ្វើឲ្យសភាពការណ៍សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់មានការវិវត្តប្រែប្រួលថ្មីជាពិសេសការកាត់បន្ថយគ្រោះថ្នាក់ និងភាពកកស្ទះចរាចរណ៍។
បើតាមសេចក្តីជូនដំណឹងនេះចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងបើកយុទ្ធនាការត្រួតពិនិត្យព្រមៗគ្នានៅគ្រប់ទីកន្លែងទូទាំងប្រទេសជាអាទិ៍តាមគោលដៅដើមទីចំណតយានយន្ត កំពង់ផែ ផែស្ងួត កំពង់ចម្លង ស្ថានីយជញ្ជីង សាលាបង្រៀនបើកបរ យានដ្ឋានជួសជុលកែច្នៃ និងតាមដងផ្លូវនានា។
សម្រាប់ការផាកពិន័យនឹងត្រូវធ្វើឡើងយ៉ាងម៉ឺងម៉ាត់ចំពោះការបើកបរដោយគ្មានប័ណ្ណបើកបរ ការបើកបរលើសល្បឿនកំណត់ ការមិនគោរពស្លាកសញ្ញាចរាចរណ៍ ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង មិនពាក់មួកសុវត្ថិភាព ខ្សែក្រវាត់ឡាន ការបើកបរផ្ទុកទំនិញសំពីងសំពោង និងយានយន្តមិនគ្រប់លក្ខណបច្ចេកទេសជាដើម។
ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃលោក រុន រ័ត្នវាសនា បានឲ្យដឹងថាទន្ទឹមនឹងការចាប់ផ្តើមយុទ្ធនាការត្រួតពិនិត្យ និងការផាកពិន័យនេះប៉ូលិសចរាចរណ៍ជាច្រើនរយនាក់នឹងត្រូវដាក់ពង្រាយតាមចំណុចគោលដៅក្នុងនោះគោលដៅផ្លូវជាតិតាមបណ្តាខេត្តនីមួយៗជាមធ្យមគឺមានប៉ូលិស ១៨ នាក់សម្រាប់រាជធានីភ្នំពេញនឹងមានប៉ូលិសចរាចរណ៍ពី ២ ទៅ ៣ នាក់ដែលបញ្ឈរជើងត្រួតពិនិត្យតាមផ្លូវលំតូចៗសំដៅមើលការប្រតិបត្តិរបស់អ្នកបើកបរ។
លោកថ្លែងថា៖ «ការអប់រំផ្សព្វផ្សាយបានធ្វើឡើងច្រើនមកហើយថ្វីបើយើងសង្ឃឹមថានឹងមានលទ្ធផលល្អច្រើនតែក៏មិនអាច ១០០% ដែរ។ មកទល់ពេលនេះយើងសង្កេតឃើញអ្នកខ្លះបានត្រៀមខ្លួនតែខ្លះទៀតនៅមិនទាន់គោរពច្បាប់ចរាចរណ៍នៅឡើយ»។
លោក រុន រ័ត្នវាសនា បានឲ្យដឹងបន្ថែមទៀតថា៖ «ទោះជាការផាកពិន័យត្រូវពង្រឹងតែបើសិនជាមានកំហុសច្រើនដូចជា ៥ ករណីក្នុងពេលតែមួយគឺយើងនឹងពិនិត្យលើកំហុសដែលអាចលើកលែងបាន ឬកាត់បន្ថយមកនៅត្រឹម ៣ ករណីដើម្បីឲ្យអ្នកបើកបរល្មើសនោះអាចកែខ្លួនពេលក្រោយ»។
ស្របនឹងការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកកាលពីខែកក្កដាឆ្នាំ ២០១៥ រដ្ឋាភិបាលក៏បានចេញអនុក្រឹត្យថ្មីមួយសម្រេចផាកពិន័យចំពោះអ្នកជិះម៉ូតូដែលមិនឲ្យអ្នករួមដំណើរពីខាងក្រោយពាក់មួកសុវត្ថិភាពអ្នកបើកបរនិយាយទូរស័ព្ទ និងអ្នកបង្កការរំខាននៅតាមផ្លូវ។
អនុក្រឹត្យនោះបានបញ្ជាក់ថា អ្នករួមដំណើរដែលតម្រូវឲ្យពាក់មួកសុវត្ថិភាព និងមានគន្លឹះខ្សែក្រវាត់គឺរួមបញ្ចូលទាំងក្មេងដែលមានអាយុចាប់ពី ៣ ឆ្នាំឡើងទៅផងដែរ។
លោក ជា សាន អ្នករត់ម៉ូតូឌុបនៅម្តុំផ្សារកណ្តាលបានឲ្យដឹងថាលោកពេញចិត្តទៅនឹងការពង្រឹងច្បាប់ចរាចរណ៍ថ្មីនេះដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តែលោកបានត្អូញត្អែរចំពោះការទាមទារឲ្យអ្នករួមដំណើរត្រូវតែពាក់មួកសុវត្ថិភាព។
លោកថា៖ «រត់ម៉ូតូឌុបមួយថ្ងៃបានត្រឹមពី ១ ទៅ ២ ម៉ឺនរៀលបើទិញមួកសុវត្ថិភាពថែមត្រូវចំណាយលុយហើយភ្ញៀវខ្លះគាត់មិនព្រមពាក់ទេព្រោះគិតថាពាក់ជាន់គ្នាច្រើននាក់ពេកមិនមានអនាម័យ»។
យ៉ាងណាក៏ដោយលោក រុន រ័ត្នវាសនា បានបញ្ជាក់ថាកត្តានេះគឺអាជ្ញាធរមិនអាចអធ្យាស្រ័យបានឡើយព្រោះការទាមទារឲ្យអ្នករួមដំណើរពាក់មួកសុវត្ថិភាពគឺផ្នែកមួយដែលខានមិនបានសម្រាប់បង្ការគ្រោះថ្នាក់ជាយថាហេតុ។
លោក អ៊ា ចរិយា ទីប្រឹក្សាឯករាជ្យផ្នែកសុវត្ថិភាពចរាចរណ៍បានឲ្យដឹងតាមការសង្កេតរបស់លោកថាបច្ចុប្បន្ននេះការផ្សព្វផ្សាយច្បាប់ និងការអប់រំពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍គឺមានលក្ខណៈទូលំទូលាយក្នុងរាជធានីភ្នំពេញប៉ុន្តែនៅតាមជនបទហាក់នៅខ្វះខាតច្រើន។
លោកថា៖ «ខ្ញុំឃើញការផ្សព្វផ្សាយតាមថ្នាក់ខេត្ត និងស្រុកគឺមានតែតាមសហគមន៍តូចៗហាក់មិនមានសោះអ៊ីចឹងហើយពួកគាត់នៅតែមិនទាន់យល់ច្បាស់...ខ្ញុំគិតថារដ្ឋាភិបាលក៏គប្បីពិចារណាលើការកាត់បន្ថយការផ្សព្វផ្សាយស្រាបៀរតាមដងផ្លូវ និងប្តូរមកជារូបភាពអប់រំសុវត្ថិភាពចរាចរណ៍វិញដើម្បីជំរុញឲ្យអ្នកបើកបរគោរពតាមមិនមែនបង្ហាញនូវភាពអស្ចារ្យនៃស្រាបៀរទេ«។
តាមរបាយការណ៍ក្រសួងមហាផ្ទៃរយៈពេល ៩ ខែក្នុងឆ្នាំ ២០១៥ នេះអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួន ១៨៣០ នាក់ខណៈដែលរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៤ មាន ១៧៣៤ នាក់ ចំណែកករណីគ្រោះថ្នាក់បានថយចុះមកត្រឹម ៣៥០៥ លើកធៀបនឹងឆ្នាំមុនមាន ៣៦៣៨ លើក។ របាយការណ៍នេះបានបង្ហាញថា ៩៣% នៃគ្រោះថ្នាក់គឺបណ្តាលមកពីកត្តាមនុស្សរួមមានការមិនគោរពល្បឿន ការបើកបរមិនគោរពសិទ្ធិ និងការប្រើគ្រឿងស្រវឹង។
ទន្ទឹមនឹងការចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ថ្មីនៅខែមករាខាងមុខនេះរាជរដ្ឋាភិបាលសង្ឃឹមថានឹងអាចទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងអាចកាត់បន្ថយការស្លាប់ដែលកើតឡើងនៅលើដងផ្លូវក្នុងប្រទេសកម្ពុជាដែលជាមធ្យមមនុស្ស ៧ នាក់បានស្លាប់ជារៀងរាល់ថ្ងៃ៕