កំពង់ចាមៈ នគរបាល​ខេត្តកំពង់ចាម​បន្ត​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​សម្លាប់​ស្ត្រី​ម្នាក់​នៅក្នុង​ចម្ការ​ស្វាយចន្ទី​របស់​ជនរងគ្រោះ​ក្នុង​ភូមិ​តាម៉ៅ ឃុំ​ស្រក ស្រុក​កំពង់សៀម​កាលពី​ថ្ងៃទី​ ១៦ ខែ​ មករា ឆ្នាំ ២០២០ ដែល​សមត្ថកិច្ច​អះអាង​ថា មិនមែន​ជា​ករណី​រំលោភ​ទេ​។

លោក ហេង ប៊ុនធី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ប្រាប់​ពី​ម្សិលមិញ​ថា ករណី​ស្ត្រី​ម្នាក់​ដែល​ស្លាប់​នោះ​តាម​ការពិនិត្យ​ និង​ធ្វើ​កោសល្យ​វិច័យ​របស់​សមត្ថកិច្ច​ជំនាញ​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ គិន យ៉េន អាយុ​ ២៧ ​ឆ្នាំ​ត្រូវ​ឃាតករ​វាយ​សម្លាប់​។ ​រហូត​ដល់​ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនល្មើស​។ «​គាត់​មិនមែន​ស្លាប់​ដោយ​គេ​រំលោភ​​សេពសន្ថវៈ​ទេ​»​។

លោក ចាន់ ហោ អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ដែរ​ថា អំពើ​ឃាតកម្ម​នេះ សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនល្មើស ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិនទាន់​កំណត់​អត្តសញ្ញាណ​របស់គេ​បាន​នៅឡើយ​ទេ​។

រីឯ​ការស្លាប់​របស់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​សន្និដ្ឋាន​បឋម​ថា​មិនមែន​ត្រូវគេ​រំលោភ​សម្លាប់​ទេ​ ប៉ុន្តែ​ការសម្លាប់​នេះ​ដោយសារ​គំនុំ​។ ដោយសារ​ចំណុច​កើតហេតុ​នៅ​កណ្តាល​ព្រៃ​ស្វាយចន្ទី​ដូច្នេះ​កម្លាំង​សមត្ថកិច្ច​កំពុងតែ​រុករក​ក្នុងព្រៃ​នោះ​។

ការកំណត់​ទីតាំង​របស់​ជនល្មើស​វិញ​ក៏​សមត្ថកិច្ច​មិន​ទាន់​កំណត់​បានដែរ​ព្រោះថា ទីកន្លែង​កើតហេតុ​នោះ​ស្ថិតនៅ​ក្នុង​ព្រៃ ចម្ការ​ស្វាយចន្ទី​ហើយ​ក៏​គ្មាន​ភូមិ​នៅ​ជិត​កន្លែង​កើតហេតុ​នោះដែរ​។ «​ចាប់តាំងពី​ថ្ងៃ​កើតហេតុ​ថ្ងៃទី​ ១៦ មករា​មក​សមត្ថកិច្ច​របស់​ខ្ញុំ​តាម​រុករក​ជនល្មើស​រហូត​គឺ​មក​ដល់​ថ្ងៃនេះ​ (​ថ្ងៃទី​ ២៣ មករា​) ​មាន​រយៈពេល​ ៧ ​ថ្ងៃ​ហើយ​»​។

លោក​ប្រាប់ថា តាម​ការ​សួរ​ព័ត៌មាន​ពី​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ គិន យ៉េន រូបនេះ​ជា​ស្ត្រី​ក្រមុំចាស់​ហើយ​គាត់​មាន​ចម្ការ​ស្វាយចន្ទី​ផ្ទាល់ខ្លួន​ហើយ​គាត់​ត្រូវគេ​សម្លាប់​ក្នុង​ចម្ការ​របស់គាត់​។ តាម​ការធ្វើ​កោសល្យវិច័យ​នៅ​កន្លែង​កើតហេតុ​លើ​សាកសព​ឃើញថា ស្ត្រី​រងគ្រោះ​ត្រូវបាន​ជនល្មើស​យក​ព្រនង់​កំណាត់ឈើ​ស្វាយចន្ទី​វាយ​បែកក្បាល​ស្លាប់​ និង​បន្សល់ទុក​នៅ​ទីនោះ ហើយ​សម្ភារៈ​មាន​កងជើង​ប្លាទីន និង​ម៉ូតូ​សង់​ផលិត​នៅ​ឆ្នាំ​ ២០១០ ​ក៏​ឃើញ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាកសព​ដែរ​។ ដូច្នេះ​សមត្ថកិច្ច​សន្និដ្ឋានថា អំពើ​ឃាតកម្ម​នេះ​អាច​បណ្តាល​មកពី​រឿង​គំនុំ​មិនមែន​ជា​អំពើ​រំលោភ​សម្លាប់​ទេ​។

លោក ឯក ប៉ាន់ដន អធិការ​ស្រុក កំពង់សៀម​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន​បាន​ចុះផ្សាយ​ដោយ​សរសេរថា ស្ត្រី​រងគ្រោះ​ត្រូវបាន​គេ​រំលោភ​សេពសន្ថវៈ​ហើយ​សម្លាប់ចោល​។ ប៉ុន្តែ​ការចុះផ្សាយ​នោះ​គឺ​ខុសពី​ការពិត​ទាំងស្រុង​ដែល​មិនមែន​ជា​អំពើ​រំលោភ​សម្លាប់​ទេ​តែ​ជា​អំពើ​ឃាតកម្ម​។

សារព័ត៌មាន​នោះបាន​យក​រូបថត​ខោ​ក្នុង​ និង​ខោ​ជើងវែង​របស់​ស្ត្រី​រងគ្រោះ​ដាក់​អម​នឹង​អត្ថបទ​សរសេរ​របស់​គាត់​ដែល​ករណីនេះ​ធ្វើឲ្យ​មហាជន​យល់ច្រឡំ​។ ព្រោះ​ធម្មតា​ពេល​ធ្វើ​កោសល្យវិច័យ​គឺ​សមត្ថកិច្ច​ត្រូវតែ​ត្រួតពិនិត្យ​លើ​សម្លៀកបំពាក់ និង​សម្ភារ​របស់​ជនរងគ្រោះ​។ ដូច្នេះ​រូបថត​ខោ​ក្នុង​របស់​ជនរងគ្រោះ​នោះ​មិនមែន​បញ្ជាក់ថា​ជា​វត្ថុតាង​នៃ​ការធ្វើ​កោសល្យ​វិច័យ​នៃ​អំពើ​រំលោភ​សេពសន្ថវៈ​ទេ​។ «​អ្នក​ចុះផ្សាយ​នោះ​ចេះតែ​ចុះផ្សាយ​ផ្តេសផ្តាស​មិន​សួរ​សមត្ថកិច្ច​មូលដ្ឋាន​ទេ​»​។

តាម​សម្តី​ម្តាយមីង​ស្ត្រី​រងគ្រោះ​មុន​កើតហេតុ ស្ត្រី​ឈ្មោះ​ ឃួន ឃឿន អាយុ ៤៩ ​ឆ្នាំ និង​ក្មួយ​ស្រី​បង្កើត​របស់​គាត់​ឈ្មោះ គិន យ៉េន អាយុ​ ២៧ ​ឆ្នាំ​បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា សេ​ ១២៥ ស៊េរី​ឆ្នាំ​ ២០១០ ​ពណ៌​ខ្មៅ​ចេញពី​ភូមិ​ដូនទ ឃុំ​សូភាស ស្រុក​ស្ទឹងត្រង់​ទៅ​ចម្ការ​ស្វាយចន្ទី​របស់​ក្មួយ​គាត់​នៅ​ភ្នំ​ក្រហម​ស្ថិត​ក្នុង​ភូមិ​តាម៉ៅ ឃុំ​ស្រក ស្រុក​កំពង់សៀម​។

ពេល​ទៅ​ដល់​ចម្ការ ក្មួយ​ស្រី​របស់គាត់​ក៏​នៅ​ប្រមូល​ស្លឹក​ស្វាយចន្ទី ចំណែក​គាត់​បាន​ទៅ​ចម្ការ​ស្វាយចន្ទី​របស់​គាត់ ដែល​ជាប់​នឹង​ព្រំប្រទល់​ចម្ការ​ស្វាយចន្ទី ក្មួយស្រី​ចម្ងាយ​ប្រហែល ៣០០ ម៉ែត្រ​។ រហូត​ដល់​ម៉ោង​ ២ ​រសៀល​ថ្ងៃទី​ ១៦ ​មករា ក្រោយពី​គាត់​ត្រឡប់​មកផ្ទះ​រក​ក្មួយ​មិន​ឃើញ គាត់​បាន​ដើរទៅ​ចម្ការ​របស់​ក្មួយ​ស្រី​គាត់​ម្តង​ទៀត​ក៏​ឃើញ​ឈាម​លើ​ដី និង​ឃើញ​ក្មួយ​ស្រី​ដេក​ស្លាប់​ក្នុង​ចម្ការ​ហើយ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង​៕