ភ្នំពេញៈ អាជ្ញាធរ​ជំនាញ​ខាង​បង្ក្រាប និង​ប្រឆាំង​ការជួញដូរ​មនុស្ស​គ្រោង​បញ្ជូន​ស្ត្រី​ចំនួន​ ១៣ ​នាក់ និង​បុរស​ ២ ​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយពី​ចាប់​ខ្លួន​ពួកគេ​បាន​នៅក្នុង​ខណ្ឌ​សែនសុខ​កាលពី​ថ្ងៃទី​ ៨ ខែ​វិច្ឆិកា​។ យោងតាម​លោក ទូច សារ៉េន នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​កាសែត​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​។

លោក សារ៉េន ថ្លែង​ថា​៖ «​យើង​ឃាត់​ខ្លួន​បាន​ ១៥ ​នាក់​ក្នុង​នោះ​មាន​ស្ត្រី​កំពុង​ពពោះ​ ១១ ​នាក់​។ ​យើង​កំពុង​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ទៅ​តុលាការ​។ យើង​កំពុង​ធ្វើ​នីតិវិធី​នៅ​មិន​ទាន់​ចប់​ទេ​។ យើង​បញ្ជូន​គាត់​ទៅ​ឆាប់ៗ​ហ្នឹង ពេល​ដែល​យើង​រៀបចំ​ឯកសារ​ហើយ​យើង​បញ្ជូន​ទៅ​ហើយ​។ យើង​ធ្វើ​មិន​ទាន់​ទេ​ដូច្នេះ​ហើយ​យើង​សុំ​តុលាការ​ពន្យារពេល​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ថ្ងៃ​ចន្ទ​យើង​បញ្ជូន​ទៅ​ហើយ​»​។

លោក សារ៉េន ឲ្យ​ដឹង​ផង​ដែរ​ថា​ក្នុង​ប្រតិបត្តិការ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឃាត់​ខ្លួន​មនុស្ស​ ១៥ ​នាក់​ក្នុង​នោះ​មាន​ប្រុស​ ២ ​នាក់ និង​ស្រី​ ១៣ ​នាក់​ដែល​ក្នុង​នោះ​មាន​ស្ត្រី​ ១១ ​នាក់​បាន​និង​កំពុង​មាន​ផ្ទៃពោះ​។ មនុស្ស​ទាំងអស់​កំពុង​តែ​ស្ថិតក្រោម​ការ​សួរនាំ​របស់​សមត្ថកិច្ច​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​បាន​ឲ្យ​ដឹងថា​កម្លាំង​អាជ្ញាធរ​បាន​កំពុង​ស្វែងរក​មេខ្លោង​ដែល​ពាក់ព័ន្ធ​ករណី​ស៊ីឈ្នួល​ពពោះ​។

លោកស្រី​បញ្ជាក់​ថា ទោះបី​ជា​មាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ និង​ការអប់រំ​តាម​សហគមន៍​ និង​តាម​ខេត្ត​ផ្សេងៗ តែ​នៅ​តែ​មាន​អ្នកប្រព្រឹត្ត​ផ្គើន​នឹង​ច្បាប់ ដូច្នេះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ស៊ីឈ្នួល​ពពោះ​ជំនួស​នឹង​ប្រឈមមុខ​នឹង​ច្បាប់​ពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស និង​កេងប្រវ័ញ្ច​ផ្លូវភេទ​ និង​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​។

លោកស្រី ប៊ុនអេង ថ្លែង​ថា​៖ «​យើង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ដោយសារ​ពេល​ដែល​យើង​បង្ក្រាប​នោះ​គឺ​យើង​អត់​បាន​ឃើញ​មេខ្លោង​នៅ​ទីតាំង​នោះ​ទេ​។ យើង​កំពុង​តែ​តាមដាន​ និង​ស៊ើបអង្កេត​រក​ប្រភព ហើយ​ខ្ញុំ​គិត​ថា​ករណី​នេះ​មិន​ខុស​គ្នា​ពី​ករណី​មុនៗ​ទេ រឿង​នេះ​គឺ​ទើប​តែ​កើត​ពេល​ថ្មីៗ​នេះ​ហាក់​ដូចជា​វា​ផ្គើន​ជាមួយ​នឹង​ការអនុវត្ត​ច្បាប់​។ មក​ដល់​ពេល​នេះ​ហើយ​គាត់ (​អង្គការ​សង្គម​ស៊ីវិល​) នៅ​តែ​គិត​ថា គាត់​(​អ្នក​ត្រូវ​ឃាត់​ខ្លួន​) ​ជា​ជនរងគ្រោះ​ទៀត​នោះ​គឺ​វា​មិន​ស័ក្តិសម​នោះ​ទេ ដោយសារ​គាត់​មាន​ចេតនា បើ​សិន​ជា​យើង​សួរ​គាត់​មួយ​ណា​ក៏​គាត់​ដឹង​យ៉ាង​ច្បាស់​ថា កូន​ហ្នឹង​ត្រូវ​បាន​ដោះដូរ​ជាមួយ​នឹង​លុយ​តម្លៃ​ប៉ុន្មាន ដូច្នេះ​គាត់​មាន​ចេតនា​ក្នុង​ការ​ឃុបឃិត​ជាមួយ​ជនដៃដល់​»​។

កាលពី​ថ្ងៃទី​ ២២ ខែ​មិថុនា ឆ្នាំ​ ២០១៨ កន្លង​ទៅ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ពពោះ​ជំនួស​ចំនួន ៣២ ​នាក់​ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​នាម​ជា​ជនរងគ្រោះ ប៉ុន្តែ​នៅ​ទីបំផុត​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់ និង​ឃុំខ្លួន​មុន​ការជំនុំជម្រះ​ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​កក្កដា​ក្រោម​ការចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​លក់ ទិញ ឬ​ដោះដូរ​មនុស្ស​សម្រាប់​ការផ្ទេរ​ឆ្លង​ព្រំដែន និង​ប្រព្រឹត្ត​ជា​អន្តរការី​រវាង​ឪពុក ម្តាយ​ស្មុំ​កូន និង​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​តាម​មាត្រា ១៦ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស និង​កេងប្រវ័ញ្ច​ផ្លូវភេទ និង​មាត្រា ៣៣២ នៃ​ក្រមព្រហ្មទណ្ឌ​។

កាលពី​ចុង​ខែ​តុលា​ឆ្នាំ​ ២០១៨ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​បាន​ឲ្យ​ដឹង​ថា មេធាវី​ការពារ​ឲ្យ​ស្ត្រី​ពពោះ​ទាំង ៣២ នាក់​បាន​រៀបចំ​ឯកសារ​ដាក់​ទៅ​តុលាការ​ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ធ្វើការ​ពិចារណា​ដោះលែង​ពួកគេ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដើម្បី​ឲ្យ​ពួកគេ​បាន​ចិញ្ចឹម​កូនៗ​ដែល​ពួកគេ​ស៊ីឈ្នួល​បង្កើត​ឲ្យ​អ្នក​ផ្សេង​នោះ ដោយ​ពួកគេ​មិន​បញ្ជូន​កូន​ទាំងនោះ​ទៅ​ឲ្យ​អ្នក​ដែល​ជួល​ពួកគេ​ឡើយ​។

មន្ត្រី​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ធ្លាប់​ឲ្យ​ដឹងថា ស្ត្រី​ខ្មែរ​ត្រូវ​បាន​ជួល​ឲ្យ​ពពោះ​ជំនួស​ក្នុង​តម្លៃ​ ១ ​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់​ដោយ​ពួកគេ​ទទួល​បាន​ប្រាក់​កក់​ដំបូង​ពេល​មាន​ផ្ទៃពោះ​ ៥០០ ​ដុល្លារ ហើយ​ពេល​កូន​កើត​មក​ពួកគេ​ទទួល​បាន ៣០០ ដុល្លារ​ក្នុង​ ១ ​ខែ​រហូត​គ្រប់​ចំនួន​៕