ភ្នំពេញៈ ប៉ូលិស​សក្តិបួន ដែល​បាន​ទាត់​ធាក់​នគរបាល​ចរាចរ នៅ​ម្តុំ​ស្តុប​ត្រឡោក​បែក ខណ្ឌ​សែនសុខ ត្រូវ​បាន​ឃាត់​ខ្លួន ហើយ​សមត្ថកិច្ច​កំពុង​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​នេះ។

លោក អេង សោភា នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ប៉ូលិស​ឈ្មោះ សៅ​ បញ្ញា អាយុ​ ៣៣ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ល្ងាច​ម្សិល​មិញ បន្ទាប់​ពី​មាន​វីដេអូ​ឃ្លីប​ចែក​ចាយ​តាម​បណ្តាញ​សង្គម ដោយ​ឃើញ​ប៉ូលីស​រូប​នេះ បាន​ប្រើ​ហិង្សា​ទៅ​លើ​មន្ត្រី​នគរបាល​ចរាចរ​ម្នាក់​ ដែល​បាន​ចាប់​ឃាត់​រថយន្ត​របស់​គាត់។

លោក សៅ បញ្ញា ជា​ម​ន្ត្រី​នគរបាល​ផ្នែក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា​ នៃ​ក្រសួង​មហាផ្ទៃ​ ត្រូវ​បានគេ​ឃើញ​នៅ​ក្នុង​វីដេអូ ដែល​បង្ហោះ​នោះ​ថា លោក​បាន​ចុះ​ពី​លើ​រថយន្ត​ ដែល​ប៉ូលិស​ចរាចរ​ឃាត់ ហើយ​បាន​និយាយ​ជាមួយ​មន្ត្រី​នោះ។ ក្រោយ​មក​ក៏​ទាត់​ធាក់​មន្ត្រី​នោះ​ផង​ដែរ។

វីដេអូ នោះ​ត្រូវ​បាន​ចែកចាយ ហើយ​ត្រូវ​បាន​ទទួល​រង​នូវ​ការ​រិះគន់​ពី​ទង្វើ​របស់​មន្ត្រី​សក្តិបួន ដែល​ប្រើ​ហិង្សា​ទាត់​ធាក់​នគរបាល​ចរាចរ។

លោក​ អេង សោភា ថ្លែង​ថា ៖ «ឥឡូវនេះ យើង​កំពុង​រៀប​ចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ អាច​រសៀល​នេះ។ យើង​ឃាត់​ខ្លួន​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា»។

សូមរង់ចាំអានព័ត៌មានពិស្តារ