បាត់ដំបងៈ អតីតមន្ត្រីឃុំព្រែកជីករបស់អតីតគណបក្សសង្គ្រោះជាតិម្នាក់បានចូលទៅឆ្លើយបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុករុក្ខគិរីកាលពីថ្ងៃម្សិលមិញពីបទបានបង្ហោះនៅតាមហ្វេសប៊ុកអំពីស្ដ្រីវ័យចំណាស់ម្នាក់ដែលមានបណ្ណក្រីក្រ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។
លោក សំ បូរី អតីតជំទប់ទី ១ នៃឃុំព្រែកជីកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា មន្ត្រីប៉ូលិសនៅអធិការដ្ឋានស្រុករុក្ខគិរីបានសាកសួរលោកអស់រយៈពេលជាច្រើនម៉ោងអំពីមូលហេតុដែលលោកបានបង្ហោះហ្វេសប៊ុកកាលពីថ្ងៃទី ១០ ខែកក្កដាកន្លងទៅដែលបានសរសេរថា ពលរដ្ឋដែលមានបណ្ណក្រីក្រ ប៉ុន្តែពុំទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលពីឃុំ។
លោកថ្លែងថា៖ «នៅព្រឹកមិញ (២៣ កក្កដា) គេឱ្យខ្ញុំបំភ្លឺពីបទបរិហារកេរ្ដិ៍មេឃុំ។ ប៉ុន្តែខ្ញុំបញ្ជាក់ប្រាប់អធិការស្រុកថា ខ្ញុំអត់មានបរិហារកេរ្តិ៍អ្នកណាទេ ហើយបំណងពិតរបស់ខ្ញុំគឺចង់ឱ្យថ្នាក់ដឹកនាំរបស់យើងបានដឹងឮខ្លះៗ ថាគាត់ដែលមានបណ្ណក្រីក្រហ្នឹងគឺចាស់ជរា ហើយនិងមានអាយុរហូតដល់ ៨៣ ឆ្នាំ»។
លោក បូរី បន្ថែមថាស្ដ្រីវ័យ ៨៣ ឆ្នាំរូបនេះ គឺរស់នៅក្នុងផ្ទះប្រក់ស័ង្កសីជាមួយកូនដែលជាស្ដ្រីមេម៉ាយអាយុ ៦០ ឆ្នាំ ខណៈចៅៗធ្វើការនៅក្នុងប្រទេសថៃ ហើយខ្លះបានវិលត្រឡប់មកស្រុកកំណើតវិញដោយសារអត់មានការងារធ្វើ និងមានជំងឺ ហើយបន្ទាប់ពីព្យាបាលជំងឺជាសះស្បើយក៏មិនអាចវិលត្រឡប់ទៅរកការងារធ្វើវិញបានដែរដោយសារប្រទេសថៃបានបិទព្រំដែន។
លោកបញ្ជាក់ថា ស្ដ្រីវ័យចំណាស់រូបនេះ បានមករកលោកដល់ផ្ទះ ដើម្បីពឹងលោកឱ្យជួយបង្ហោះនៅលើហ្វេសប៊ុក ដោយសារគាត់ត្រូវបានឃុំបដិសេធ មិនបើកប្រាក់ឧបត្ថម្ភដែលជាប្រាក់របស់រដ្ឋាភិបាលជួយទៅដល់ពលរដ្ឋក្រីក្រ ដោយខាងឃុំអះអាងថា បណ្ណក្រីក្ររបស់គាត់បានហួសសុពលភាព។ លោកបញ្ជាក់ទៀតថា មុនចូលទៅបំភ្លឺនៅអធិការស្រុកនេះ គឺលោកបានចូលទៅបំភ្លឺនៅសាលាឃុំចំនួន ២ ដងរួចហើយ គឺនៅថ្ងៃទី ១៥ និងថ្ងៃទី ២០ ខែកក្កដា។
លោកថា៖ «ខ្ញុំគិតថា ជាអំពើល្អក៏បានជួយគាត់ទៅ។ គាត់ចាស់ឡើងញញីញញ័រ និងយំអីផង ខ្ញុំអាណិតពេកក៏បង្ហោះតាមហ្វេសប៊ុកទៅ ដើម្បីឱ្យគេជួយ។ រាល់ថ្ងៃហ្នឹង គាត់ពិបាកចិត្តដោយសារអត់លុយ ហើយនៅពេលគេហៅខ្ញុំទៅបំភ្លឺម្ដងហើយម្ដងទៀត គាត់កាន់តែព្រួយបារម្ភ។ គាត់ថា ក្មួយឯងជួយខ្ញុំ ប៉ុន្តែបែរជាមានទុក្ខខ្លួនឯង»។
លោក សំ បូរី បញ្ជាក់ថានៅក្នុងបណ្ណក្រីក្ររបស់ស្ដ្រីរូបនោះគឺបានសរសេរថា មានសុពលភាពរយៈពេល ៤ ឆ្នាំចាប់ពីឆ្នាំ ២០១៦ ទៅ។ លោកអះអាងថា មកដល់ពេលនេះ ស្ដ្រីវ័យចំណាស់រូបនោះមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភនៅឡើយទេ។
ប៉ុន្តែលោក ប៊ុត បឿន មេឃុំព្រែកជីកមិនបានឆ្លើយតបចំពោះបញ្ហានេះទេ ដោយលោកអះអាងថា ជាប់រវល់ជិះម៉ូតូ ហើយពិបាកក្នុងការឆ្លើយឆ្លងតាមរយៈទូរស័ព្ទ។
ប៉ុន្តែលោក ឆាយ ម៉ាប់ អធិការស្រុករុក្ខគិរីបានបញ្ជាក់ថា ការហៅឱ្យលោក សំ បូរី មកឆ្លើយបំភ្លឺ គឺដោយសារមានបណ្ដឹងពីសាលាឃុំ។ លោកថា៖ «ខ្ញុំសួរគាត់តែពីការប្ដឹងហ្នឹង គ្មានសួរស្អីទេ។ សួរថា គាត់បានបង្ហោះហ្នឹងមែន ឬមិនមែន ហើយគាត់ក៏ទទួលស្គាល់ដែរ។ វាគ្មានរឿងអីទេ គ្រាន់តែរឿងបណ្ណក្រីក្រហ្នឹងហួសសុពលភាពបើកលុយអត់បាន ប៉ុន្តែបានតែទៅព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព។ មានតែប៉ុណ្ណឹងទេ»។
យ៉ាងណាក្តីលោក យិន ម៉េងលី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបាត់ដំបងដែលចុះស្រាវជ្រាវរឿងនេះបានលើកឡើងថា ការកោះហៅឱ្យលោក បូរី ចូលទៅឆ្លើយបំភ្លឺនៅអធិការស្រុកនេះ គឺបន្ទាប់ពីខាងសាលាឃុំបានព្យាយាមដាក់សម្ពាធឱ្យលោក បូរី ចេញមុខសុំទោសជាសាធារណៈនៅលើហ្វេសប៊ុកនូវអ្វីដែលបង្ហោះនៅតាមហ្វេសប៊ុកកាលពីថ្ងៃទី ១០ ខែកក្កដា ប៉ុន្តែលោក បូរី បានប្រកាន់ជំហរថា ខ្លួនមិនបានធ្វើអ្វីខុស។
លោកបន្តថា៖ «ការកោះហៅឱ្យចូលខ្លួននៅអធិការនេះ គឺហាក់ដូចជាសកម្មភាពគំរាមកំហែង និងរឹតត្បិតសិទ្ធិបញ្ចេញមតិតែម្ដង។ យើងអះអាងថា ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យ។ អ៊ីចឹងយើងមើលឃើញថា ប្រទេសប្រជាធិបតេយ្យគឺព័ត៌មានមានសារៈសំខាន់ណាស់ ហើយបើសិនអាជ្ញាធរ ឬរដ្ឋាភិបាលចេះយកព័ត៌មានទៅប្រើប្រាស់គឺនឹងក្លាយជាប្រយោជន៍។ នៅពេលបូរីបង្ហោះពីបញ្ហានេះអ៊ីចឹង អាជ្ញាធរគួរចុះស្រាវជ្រាវ ថាតើអ៊ំហ្នឹងពិតជាក្រមែនឬយ៉ាងណា»។
កាលពីពេលថ្មីៗនេះក្រសួងផែនការបានដកពលរដ្ឋជាង ៦ ពាន់គ្រួសារ ដែលមានជីវភាពធូរធាចេញពីក្នុងចំណោមពលរដ្ឋក្រីក្រ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ ការដកពលរដ្ឋទាំងនេះបានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានព្រមានមិនលើកលែង ចំពោះអាជ្ញាធរមូលដ្ឋានដែលលួចបន្លំយកសាច់ញាតិ ឬបងប្អូនរបស់ខ្លួនធ្វើជាជនក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនៅក្នុងពេលមានជំងឺកូវីដ ១៩៕