ភ្នំពេញៈ អយ្យការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នៅថ្ងៃ​ទី​១១ ខែ​មករា​នេះ បាន​សម្រេច​ចោទ​ប្រកាន់​ លោក​ប៉ូលិសសក្តិបួន ប្រើ​ហិង្សា​ ដោយធាក់​លើ​មន្ត្រី​នគរបាល​ចរាចរ ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​ ដែល​អាច​ប្រឈម​ដល់ដាក់​ពន្ធនាគារពី​២ដល់​៥​ឆ្នាំ។

លោក លី សុផាណា អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធា​នី​ភ្នំពេញ ឲ្យ​ដឹង​ថា ​ក្រោយ​ពី​បាន​សាក​សួរ​ចម្លើយ​លើ​ឈ្មោះ​ សៅ បញ្ញា និង​ពិនិត្យ​ឯកសារ​សំណុំ​រឿង​តាម​នីតិ​វិធី​ តំណាង​អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើប​សួរ​ដោយ​ចោទ​ប្រកាន់​ពី «​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សំគាល់​ដែល​កំណត់​ដោយ​អាជ្ញាធរ​សាធារណៈ​ តាម​មាត្រា​ ២១៨​ និង​មាត្រា​ ៦១៤​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ហើយ​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ដើម្បី​ចាត់​ការ​បន្ត​»។

ហេតុ​ការណ៍​នៃការ​បង្ក​ហិង្សា​នេះ កើតឡើង​នៅ​ម្តុំ​ស្តុប​ត្រឡោក​បែក នៅថ្ងៃ​ទី​ ៩ ខែ​មករា​ នៅ​ពេល​ដែល​ជនរង​គ្រោះ ឈ្មោះ អឿន​ ចំណាន ជា​មន្ត្រី​នគរបាល​ចរាចរណ៍​ ជាប់​កិច្ច​សន្យា​ បាន​បញ្ឈប់រថយន្ត​ជន​សង្ស័យជា មន្ត្រី​នគរបាល​សក្តិ​បួនឈ្មោះ សៅ​ បញ្ញា ធ្វើការ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​ នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ។ នេះ​បើ​យោង​តាម​ វីដេអូឃ្លីប ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ពួកគេ បាន​ការ​ជជែក​គ្នា​ទៅវិញទៅមក និង​ក្រោយ​មក ក៏ឃើញ​ជន​រងគ្រោះ លុតជង្គង់​សុំ​ទោស ហើយក៏ឃើញ​ជន​សង្ស័យ​ដើ​រមក​ធាក់​​ជន​រងគ្រោះ​មួយជើងផ្ងារ​ក្រោយ និង​បន្ទាប់​មក​ជន​រងគ្រោះ ក៏បាន​ងើប​ឈរឡើង​ យក​ដៃ​គោរព​ជន​​សង្ស័យ​ថែម​ទៀត។

មកទល់រសៀលនេះ ​ចៅក្រម​ស៊ើបអង្កេត​ កំពុង​ធ្វើការ​សាកសួរ​ជន​សង្ស័យ​ជា​បន្ត​ទៀត​។

ចំណែក​ជន​រងគ្រោះ ឃើញមា​នការ​ឧបត្ថម្ភថវិកា ១ លាន​រៀល ពី​លោក​ ហ៊ុន ជា​ ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី និង​ថវិកាមួយ​ចំនួន​​ពីលោក ​ស សុខា ជា​តំណាងរាស្ត្រ​ផងដែរ​ខេត្តព្រៃ​វែង៕