ភ្នំពេញៈ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនបង្កហេតុជិះរថយន្ត Lexus RX330 ពាក់ស្លាកលេខ ខម 2-6882 ដែលបានបាញ់កាំភ្លើងមួយគ្រាប់នៅតាមផ្លូវសាធារណៈនៅពេលមានគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចជាមួយអ្នកបើកបរម៉ូតូ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលោក អេង ហ៊ី បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាហេតុការណ៍ផ្ទុះអាវុធកើតឡើងនៅវេលាម៉ោង ៩ យប់ថ្ងៃសៅរ៍ខណៈអ្នកបើករថយន្តពាក់ស្លាកលេខ ខម មានគ្រោះថ្នាក់ចរាចរណ៍ជាមួយអ្នកបើកម៉ូតូនៅជិតផ្សារស្ទឹងមានជ័យចាស់ ផ្លូវមុនីរ៉េត។
លោកបន្តថា បើតាមរបាយការណ៍ក្រោយកើតហេតុជនបង្កនោះបានបើករថយន្តរត់គេចរួចទុករថយនុ្តចោលហើយរត់គេចខ្លួនបាត់។
លោកបញ្ជាក់ថា៖ «គាត់បាញ់ហើយបើកឡានរត់ហើយកម្លាំងរបស់យើងបានដេញតាមរហូតទៅដល់មុខផ្សារហេង លី ផ្លូវ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខឃើញរថយន្តទុកចោលនៅមុខផ្សារហើយយើងយករថយន្តមកទុកនៅកងរាជអាវុធហត្ថដើម្បីស្រាវជ្រាវបន្ត»។
បើតាមលោក ហ៊ី គ្រាប់កាំភ្លើងដែលបានបាញ់ជាប្រភេទ ៥៤ តែមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សនៅជុំវិញនោះទេ។
បើតាមសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថាជនបង្កហេតុជាយោធាផ្កាយ ១ នៅក្រសួងការពារជាតិ។ យ៉ាងណាក៏ដោយលោក អេង ហ៊ី ចាត់ទុកថាជាពាក្យចចាមអារ៉ាមហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកប្រភពនៃស្លាកលេខ ខម និងតួនាទីរបស់ជននោះ។
លោកថា៖ «គ្រាន់តែពាក្យចចាមអារ៉ាមយើងមិនទាន់ដឹងទេគ្រាន់តែដឹងថារថយន្តពាក់ស្លាកលេខ ខម ហើយកម្លាំងយើងស្រាវជ្រាវទៅតាមស្លាកលេខហ្នឹងថាតើបុគ្គលណាជាម្ចាស់ស្លាកលេខហ្នឹងហើយអ្នកណាដែលបង្កហេតុយើងស្រាវជ្រាវអ៊ីចឹងបានច្បាស់កាលណាយើងវាយតម្លៃឱ្យតែ ខម ជាកងយោធពលខេមរភូមិន្ទគឺអត់បានទេ»។
លោក អេង ហ៊ី សង្កត់ធ្ងន់ថាប្រសិនបើរកឃើញជនបង្កហេតុប្រើអាវុធខុសច្បាប់ជននេះអាចប្រឈមមុខច្បាប់ពាក់ព័ន្ធនឹងការកាន់អាវុធដោយមិនមានការអនុញ្ញាត។
លោកបញ្ជាក់ថា៖ «ផ្ទុយទៅវិញប្រសិនបើគាត់ជាកងកម្លាងប្រដាប់អាវុធហើយបាញ់កាំភ្លើងនៅទីសាធារណៈគឺប៉ះពាល់ដល់បទវិន័យទូទៅរបស់កងទ័ព ឬ មួយក៏ជាកងកម្លាំងអ្វីមួយដែលមានលក្ខន្តិកៈរបស់គេ»។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក ម៉ា សេងហួត ថ្លែងថាក្រសួងសាធារណការពុំមានសមត្ថកិច្ចឆែករកស្លាកលេខរថយន្តលេខ ខេមរភូមិន្ទបានទេព្រោះជាសមត្ថកិច្ចរបស់ក្រសួងសាមី។
លោកបញ្ជាក់ថា៖ «ក្រសួងសាធារណការមិនបានចេញស្លាកលេខឱ្យ ខេមរភូមិន្ទទេក្រសួងចេញតែលេខរដ្ឋគឺសំដៅគ្រប់ក្រសួងមន្ទីរ មន្ត្រីរាជការទាំងអស់ប៉ុន្តែលេខ ខេមរភូមិន្ទ (ខម) និង នគរបាល (នប) គឺជាក្រសួងសាមីចេញឱ្យផ្ទាល់ខ្លួន។
អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បានថ្លែងកាលពីម្សិលមិញថាលោកពុំទាន់ដឹងថាជនបង្កហេតុនោះមានឈ្មោះអ្វី និងតួនាទីអ្វីនោះទេដោយលោកថា៖ «ថ្ងៃអាទិត្យគេបិទការិយាល័យហើយចាំថ្ងៃចន្ទយើងនឹងឆែករកមើលតែយើងនឹងធ្វើតាមច្បាប់ព្រោះយើងអត់គាំទ្រទេយោធាណាក៏ដោយត្រូវធ្វើទៅតាមច្បាប់»។
ប្រធានអង្គការវេទិកាអនាគតលោក អ៊ូ វីរៈ សង្កេតឃើញថាភាគច្រើនអ្នកជិះរថយន្តពាក់ស្លាកលេខ ខម ឬនគរបាលតែងតែប្រើអំណាចនៅពេលមានបញ្ហាម្តងៗ។
លោកថា មូលហេតុចម្បងនៃបញ្ហានេះដោយសារសមត្ថកិច្ចថ្នាក់លើពុំមានវិធានការដោះស្រាយជាក់លាក់ណាមួយជាពិសេសនិទ្ទណ្ឌភាពនៅតែកើតមានជាប្រព័ន្ធ។
លោកថា៖ «ដោយសារអត់មានការបង្ក្រាបនៅមាននិទ្ទណ្ឌភាពកាលណាយើងធ្វើស្អីមួយដែលអត់មានពិន័យហើយរត់រួចខ្លួនគ្រប់ពេលអ៊ីចឹងមនុស្សអត់មានរាងចាលទេដោយសារចឹងគាត់ចង់អឿដើរអួតគ្នានឹងការបាញ់បោះរបស់គាត់ហើយអត់មានអ្នកចាប់»។
លោកសង្កត់ធ្ងន់ថាសមត្ថកិច្ចគួរដាក់ទោសទណ្ឌធ្ងន់ធ្ងរទៅមន្ត្រីមានសមត្ថកិច្ច ឬកងកម្លាំងយោធាដែលដឹងច្បាប់តែល្មើសច្បាប់ដើម្បីជាគំរូដល់អ្នកដទៃ។
បច្ចុប្បន្នក្រៅពីរថយន្តទំនើបពាក់ស្លាកលេខ ខម គេក៏ឃើញរថយន្តពាក់ស្លាកលេខ ខ.ម ជាច្រើនមានដឹកឈើ ដឹកដី នៅតាមផ្លូវសាធារណៈផងដែរធ្វើឲ្យសាធារណជនមានចម្ងល់ថាតើរថយន្តពាក់ស្លាកលេខ ខម ទាំងនោះរកប្រាក់ចំណូលជូនក្រសួងការពារជាតិឬយ៉ាងណា?៕