ព្រះសីហនុៈ បុរស​ម្នាក់​របួសធ្ងន់​ដោយ​គ្រាប់​កាំភ្លើង​ដឹក​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ និង​ម្នាក់ទៀត​ជា​ក្មេង​ប្រុស​រង​របួស​ស្រាល ខណៈ​ពលរដ្ឋ ៤ នាក់​ផ្សេង​ទៀត ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​ម្សិលមិញ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជិត ៣០០ នាក់ ជាមួយ​សមត្ថកិច្ច​ចម្រុះ​ប្រមាណ ២០០ នាក់ ក្នុងពេល​ចុះ​អនុវត្ត​តាម​ដីកា​របស់​តុលាការ​កំពូល។

ហេតុការណ៍​ប៉ះទង្គិច​គ្នា រហូតមានការ​ចាប់ខ្លួន និង​របួសធ្ងន់​នេះ​បានកើត​ឡើង​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ពលរដ្ឋ​ជិត ៣០០ នាក់ បាន​នាំគ្នា​តវ៉ា​ដោយ​ដុត​កង់​ឡាន​និង​បិទ​ផ្លូវ ជំទាស់​នឹង​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​រុះរើ​ផ្ទះ​ពួកគេ​តាម​សាល​ដីកា​តុលាការ​កំពូល។ នេះ​បើ​តាម​លោកស្រី ជាប សុធារី មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ។

លោកស្រី ជាប សុធា​រី អះអាងថា សមត្ថកិច្ច​ប្រមាណ ២០០ នាក់​ប្រដាប់​ដោយ​កាំភ្លើង ខែល​និង​គ្រឿង​ចក្រ ៤ គ្រឿង ឡាន​ទឹក​និង​សម្ភារ​ជាច្រើន​ទៀត​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​ដី​ទំនាស់ ខណៈ​ពលរដ្ឋ​រារាំង​ដោយ​ការ​ដុត​កង់​ឡាន និង​គប់​ដុំថ្ម​តបត​វិញ។

លោកស្រី​ថា៖ «គេ​អនុវត្ត​ហ្នឹងប្រហែលជា​ម៉ោង ១០ ព្រឹក ពេលហ្នឹង​កម្លាំង​គេ​ចូល​អត់​បាន​ទេ ប្រជាពលរដ្ឋ​បាន​គប់​ដុំថ្ម ដប​សាំង រារាំង​មិន​ឲ្យ​ចូល​ទេ​ព្រោះ​ពួក​គាត់​ចង់​ជជែក​គ្នា​សិន។ ដល់​ពេល​គេ​បំបែក​កម្លាំង​តាម​យុទ្ធសាស្ត្រ​គេ​ទៅ​រហូត​ដល់​ម៉ោង​ប្រហែល ១២ (ថ្ងៃត្រង់) មាន​ការ​ផ្ទុះ​អាវុធ​ដូច​ក្នុង​សមរភូមិ​អ៊ឹចឹង។ ពេល​ចូល​បាន​ក៏មាន​ការ​ឃាត់​ខ្លួន​ពលរដ្ឋ ៦ នាក់​ប្រុស​ទាំង​អស់ ក្នុង​ហ្នឹង​របួស ២ នាក់​ម្នាក់​របួស​ធ្ងន់​ត្រូវ​គ្រាប់​កាំភ្លើង​ចូល​ពី​ស្មា​ឆ្វេង​មក​ខាង​ស្តាំ​មក​នៅ​នឹង​សន្ទះ​ទ្រូង​ក្បែរ​សួត​ហើយ​ម្នាក់​ទៀត​កូន​ក្មេង​អាយុ​ប្រហែល​ជាង ១០ ឆ្នាំ ត្រូវ​របួស​ដោយសារ​វ៉ៃ»។

មន្ត្រី​សម្របសម្រួល​ដែល​នៅ​មិន​ឆ្ងាយ​ពី​ហេតុការណ៍​នេះ បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ចាប់ខ្លួន និង​ផ្ទុះ​អាវុធ ពលរដ្ឋ​ទាំង​អស់​បាន​គេច​ខ្លួន​ដោយ​ភ័យ​ខ្លាច​ចាប់​ខ្លួន ខណៈ​សមត្ថកិច្ច​ចម្រុះ​បាន​ចូល​ដល់​ដី​ទំនាស់ វាស់​វែង និង​បោះ​បង្គោល​ព្រំ ព័ទ្ធ​ដី​ទំហំ ៧១ ហិកតា។

លោក អ៊ី ធា​រិ​ន ប្រធាន​ចាត់ចែង​អន្តរ​វិស័យ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ដែរ​ថា​ការ​ប៉ះ​ទង្គិច​នោះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ពលរដ្ឋ ៤ នាក់​បញ្ជូន​ទៅ​ស្នងកា​រដ្ឋាន​នគរបាល​ខេត្ត រីឯ​អ្នក​រង​របួស​ធ្ងន់​ម្នាក់​ត្រូវ​បាន​បញ្ចូន​មក​មន្ទីរពេទ្យ​ភ្នំពេញ​ដើម្បី​សង្គ្រោះ ខណៈ​អ្នក​របួស​ស្រាល​ម្នាក់​ទៀត ត្រូវ​បាន​ដោះ​លែង​វិញ​ក្រោយ​ព្យាបាល ហើយ​មាន​លក្ខណៈ​ធូរស្រាល​វិញ។

លោក​ថា៖«តាម​ដឹង ដូចជា​រងរបួស​ស្រាល​ម្នាក់​របួសធ្ងន់ម្នាក់ ហើយ​ស្រាល​ហ្នឹង​ចេញ​ពី​មន្ទីរពេទ្យ​បាត់​ហើយ របួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ។ ៤ នាក់ (ចាប់​ខ្លួន) ហ្នឹង​នៅ​ប៉ូលិស ខ្ញុំ​មិន​ច្បាស់​រឿង​ហ្នឹង​ដែរ តែ​អាច​ទាក់​ទង​ទៅ​ព្រះរាជ​អាជ្ញា​ចុះ​អនុវត្ត​នោះ​ផ្ទាល់​ទៅ»។

លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​ថា ការ​ដែល​សមត្ថកិច្ច​ចុះ​ទៅ​គឺ​ដើម្បី​អនុវត្ត​សាល​ដីការ​តុលាការ​កំពូល ដែល​ចូល​ជា​ស្ថាពរ តែ​លោក​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ ជុំវិញ​សាល​ដីកា​នេះ ដោយ​គ្រាន់​តែ​ថា ការ​រារាំង​ដំណើរ​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​សាល​ដីកា​នេះ គឺ​ត្រូវ​តែ​មាន​ការ​ឃាត់​ខ្លួន​ហើយ។

លោក​បញ្ជាក់ថា៖ «ការអនុវត្ត​ខាងក្នុង​ហ្នឹង​អត់​មាន​អ្នក​ប្រឆាំង​ទេ​តែ​ពួក​ប្រជាជន​នាំ​គ្នា​ដុត​កង់ឡាន គប់​ដប​សាំង លើ​សមត្ថកិច្ច​ហ្នឹង ពួកគាត់​អត់​ដឹង​មក​ពី​ណា​ផង អត់​មាន​នៅ​លើដី​ហ្នឹង​ផង អត់​ដឹងថា អ្នក​ណា​គេ​បំផុស​ឲ្យ​ពួកគាត់​មក​យល់​ច្រឡំ​មក​លើ​ពួក​ខ្ញុំ​ហ្នឹង។ជាក់ស្តែង​រហូត​មក​ទល់​ពេល​នេះ​ដី​វា​វាល​ច្រើន វា​អត់​មាន​ឃើញ​សំណង់​រឹងមាំ​ច្រើន​ខ្ញុំ​ឆ្ងល់​ដែរ ស្មាន​តែ​ទីតាំង​ដី​អនុវត្ត​ហ្នឹង​មាន​ផ្ទះ​ពលរដ្ឋ​ច្រើន មាន​តែ​ប៉ុន្មាន ១០ ខ្នង​ប៉ុន្តែ​ពួកគាត់​ព្យាយាម​រារាំង​សមត្ថកិច្ច»។

បើតាម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ដែល​បញ្ជាក់ប្រាប់​មន្ត្រី​សង្គមស៊ីវិល​បាន​ឲ្យ​ដឹងថា ដី​ដែល​មាន​ជម្លោះ​នោះ​គឺ​អ្នក​ខ្លះ​បាន​រស់​នៅ​យូរ​ឆ្នាំ​មក​ហើយ ចំណែក​អ្នក​ខ្លះ​ទៀត​ថា បាន​ទិញ​ដី​នោះ​ពី​គេ​ក្នុង​តម្លៃ ៤ ទៅ ៥ ពាន់​ដុល្លារ។

យ៉ាងណាក្ដី លោកស្រី ជាប សុធា​រី មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​ដែល​ឃ្លាំមើល​ករណី​នេះ​សោក​ស្តាយ​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​បណ្តោយ​ឲ្យ​មាន​ការ​ប៉ះទង្គិច និង​ធ្វើ​ឲ្យ​ពលរដ្ឋរង​គ្រោះ ខណៈ​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​សន្តិភាព៕