ភ្នំពេញៈ ផ្ទាំង​រូបភាព និង​បណ្ណ​ព័ត៌មាន​អប់រំ​អំពី​បញ្ហា​គ្រឿងញៀន​រហូត​ដល់​ប្រមាណ​ជិត​ ១ ​សែន​សន្លឹក ​ត្រូវបាន​ផ្សព្វផ្សាយ និង​ចែកជូន​ប្រជាពលរដ្ឋ​ទូទៅ នៅក្នុង​យុទ្ធនាការ​រយៈពេល​ ៣ ​ថ្ងៃ​ ក្នុង​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប​អកអំបុក និង​សំពះ​ព្រះខែ​ក្រោម​ប្រធានបទ​ «​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​»​។

លោក លឹម តុងហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ថា យុទ្ធនាការ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​បំផុស​ចលនា​សហគមន៍ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ឲ្យ​ចូលរួម​បង្ការ​ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​នូវ​រាល់​បញ្ហា​ដែល​មាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​ដើម្បី​ចូលរួម​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។

លោក តុងហួត បាន​ថ្លែងថា​៖ «​សារ​អប់រំ​របស់​យើង​សម្រាប់​យុទ្ធនាការ​នេះ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ប្រធានបទ​នៃ​ការចូលរួម​ទាំងអស់​គ្នា ដើម្បី​ជីវិត និង សហគមន៍​យើង​គ្មាន​គ្រឿងញៀន​»​។ លោក​បន្តថា​៖ «​ក្នុង​យុទ្ធនាការ​នេះ ក្រុម​ការងារ​យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ និង​ចែកជូន​ផ្ទាំង​រូបភាព និង​បណ្ណ​ព័ត៌មាន​អប់រំ​ពី​បញ្ហា​គ្រឿងញៀន​សរុប​ ៨ ​ម៉ឺន​ផ្ទាំង និង​ខិត្តប័ណ្ណ​ដល់​ប្រជាពលរដ្ឋ ដែល​មក​ទស្សនា​ក្នុង​ពិធីបុណ្យ​អុំទូក​។ ភាគច្រើន​នៃ​ពលរដ្ឋ​ទាំងនោះ​បាន​ជឿថា គ្រឿងញៀន​ពិតជា​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ​យើង​ទាំងមូល​»​។

បើ​តាម​លោក តុងហួត យុទ្ធនាការ​នេះ​មាន​ការចូលរួម​សហការ​ពី​បណ្តា​ក្រសួង​ស្ថាប័ន​ជា​សមាជិក​នៃ​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន រាជធានី​ខេត្ត យុវជន​កាកបាតក្រហម កាយរឹទ្ធិ និង​វិស័យ​ឯកជន ព្រមទាំង​តំណាង​ប្រទេស​ទាំង​ ៦ ​នៃ​តំបន់​ទន្លេមេគង្គ​សរុប​ចំនួន ៣០០ ​នាក់​។

ជាមួយ​គ្នា​នេះ​លោកស្រី មុំ ចាន់ដានី ​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ​ដែល​បាន​ចូលរួម​នៅក្នុង​យុទ្ធនាការ​ខាងលើនេះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​អំឡុងពេល​នៃ​យុទ្ធនាការ​នេះ​ក្រុម​ការងារ​សង្គមកិច្ច​បាន​ធ្វើការ​ចែកជា​ ៣ ​ក្រុម​គោលដៅ​ដែល​ក្នុង​ ១ ​ក្រុម​មាន ២៥ ​នាក់​ក្នុង​នោះ​ក្រុមទី​ ១ មាន​តួនាទី​ផ្សព្វផ្សាយ​សារ​អប់រំ​ស្ដីពី​ការបង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ឬ​បញ្ជូន​សមាជិក​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​គ្រឿងញៀន ឲ្យ​ទទួល​យក​សេវា​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​នៅ​តាម​សហគមន៍​។ ក្រុមទី​ ២ ​មាន​តួនាទី​ចុះជួយ​ប្រមូល​ជន​ងាយ​រងគ្រោះ​នៅ​តាម​ទីសាធារណៈ​នានា និង​ផ្តល់​អាហារ​ហូបចុក​ដល់​ពួកគេ និង​ក្រុមទី​ ៣ មាន​តួនាទី​ក្នុង​ការបំពេញ​សំណុំ​ឯកសារ​ស្វែងរក​គ្រួសារ​ជន​ងាយ​រងគ្រោះ ដើម្បី​បញ្ជូន​ពួកគាត់​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

លោកស្រី​បញ្ជាក់ថា​៖ «​បុគ្គលិក និង​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​នៃ​មណ្ឌល​ឱកាស​ខ្ញុំ​បាន​មក​ចូលរួម​ចែករំលែក​ពី​បទ​ពិសោធ​របស់​ពួកគេ​ក្នុង​ការ​ថែទាំ និង​ផ្ដល់​សេវា​ព្យាបាល​អ្នកញៀន​ថ្នាំ និង​ផលវិបាក​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មក​ចូលរួម​នៅក្នុង​ពិធី​បុណ្យ​អុំទូក​នេះ​ផង​ដែរ តាមរយៈ​ការសម្ដែង​រឿង​ខ្លីៗ​នៃ​វេទិកា​ប្រគំ​តន្ត្រី​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​»​។

លោកស្រី​បន្តថា ក្រុមការងារ​ក៏បាន​ស្នើឲ្យ​ពិធីករ ពិធីការិនី​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ទាំង​រដ្ឋ និង​ឯកជន ព្រមទាំង​សិល្បករ សិល្បការិនី​ទាំងអស់​ជួយ​បញ្ជ្រាប​សារ​អប់រំ​អំពី​បញ្ហា​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ​ផងដែរ​តាមរយៈ​ការផ្សព្វផ្សាយ តាម​វិទ្យុ ទូរទស្សន៍ និង​វេទិកា​ប្រគំ​តន្ត្រី​។

យោងតាម​របាយការណ៍​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាលជាតិ​នៅ​ថ្ងៃទី​ ១២ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ក្រុម​សមត្ថកិច្ច​បាន​បង្ក្រាប​ចាប់​ជនសង្ស័យ​ក្នុង​អំពើ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន ១៧ នាក់ និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​អៃស៍ម៉េតំហ្វេតាមីន ២,៨១ ​ក្រាម​។ ក្នុងចំណោម​ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង​ ១៧ ​នាក់​ មាន​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ ១១ ​នាក់ និង​ប្រើប្រាស់​ ៦ ​នាក់​៕