ភ្នំពេញ៖ ជន​ជាតិ​អា​មេរិ​កាំង​​ ២​ នាក់ ​ដែល​ធ្លាប់​រិះ​គន់​​វិធាន​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​សណ្ឋ​គារ​មេគង្គ​​ ខេត្ត​កំពង់​ចាម​ គឺ​ជា​អ្នក​ដែល​ត្រូវបា​នម​ន្ត្រី​សុខា​ភិ​បា​លក​ម្ពុ​ជារក​ឃើ​ញមា​ន​ផ្ទុក​កូវីដ​ ១៩ ​ថ្មី​ កាល​ពី​ថ្ងៃ​ទី​ ២៤ ​មីនា​។

កាល​ពី​ព្រឹក​មិញ ​លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប​ញ្ជាក់​ថា ជន​ជាតិ​អា​មេរិ​កាំង​មួយ​គូ​ដែល​មក​កម្ពុជា​​តាម​កប៉ាល់ Viking Cruise Journey ​ដែល​ធ្លាប់​រិះ​គន់​កម្ពុជា​ពី​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​ខេត្ត​​កំពង់​ចាម គឺ​ជា​អ្នក​ដែល​ត្រូវ​បានរក​ឃើញ​វិជ្ជ​មាន​កូវីដ ១៩ ក្នុង​ចំ​ណោម​អ្នក​ផ្ទុក​ ៤​ នាក់​ថ្មី។

លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ឥឡូវ​នាវា​នេះ ក្រៅ​ពី​ ៣ ​នាក់ ​ដែល​បាន​ឆ្លង​ ហើយ​ម្នាក់​បាន​ជា​ហើយ ជន​ជាតិ​អង់​គ្លេស​បាន​ជា​ហើយ​នៅ​សល់​អង់​គ្លេស ​២​ នាក់​ទៀត​នៅ​ពេទ្យ​រុស្ស៊ី ហើយ​នឹង​​ ៤​ នាក់​ទើប​តែ​ឆ្លង​ថ្មី។ ៤ នាក់​ឆ្លង​ថ្មី​ទៀត ២ គូ​ប្ដី​ប្រពន្ធ»។

លោក​បន្ត​ថា៖ «ជន​ជាតិ​អាមេរិក​ ២​ នាក់​ ជន​ជាតិ​អា​មេរិក​នោះ​ហើយ​ដែល​និយាយ​ថា​ ជីង​ចក់ ​ដែល​ថា​យើង​យក​ទៅ​ដាក់​នៅ​កន្លែង​ជីង​ចក់​នោះ ​ព្រោះ​អាង​គាត់​អ្នក​មាន គាត់​ចង់​នៅ​អា​សណ្ឋា​គារ​ផ្កាយ ​៥ គាត់​ចង់​មក​សម្រាក​នៅ​សណ្ឋា​គារ​ផ្កាយ​ ៥។ ប៉ុន្តែ​បើ​សិន​ជា​យើង​ទៅ​តាម​គាត់​ប្រ​ហែល​ជា​សណ្ឋា​គារ​ផ្កាយ​៥នឹង​រលាយ​ហើយ។ ​ឥឡូវ​នេះ​ជន​ជាតិ​អង់​គ្លេស​២​នាក់​ប្ដី​ប្រ​ពន្ធ និង​អា​មេ​រិក​ ២ នាក់​ប្ដី​ប្រពន្ធ ៤​ នាក់​ផ្សេង​ទៀត។ អា​ហ្នឹង​ជា​ការ​ធ្លុះ​ធ្លាយ​ទី ​២»។

កាល​ពីថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​គូ​ស្រ​ករ​ជន​ជាតិ​អាមេរិក​ ២ នាក់ គឺ​លោក Ryan Knapp និង​ភរិយា​អ្នក​ស្រី Theresa Gordon ​បាន​រិះ​គន់​ការ​ដាក់​ពួក​គាត់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល ១៤​ ថ្ងៃ​ នៅ​ខេត្ត​កំពង់​ចាម​នោះ​ថា ​ជា «ការ​ឃុំ​ឃាំង»។ ពួក​គេ​រិះ​គន់​ថា​នៅ​​សណ្ឋា​គារ​នោះ​មាន​ជីង​ចក់​ ហើយ​បន្ទប់​ទឹក​លិច​មាន​ការ​ធ្លាយ​ទឹក។ នេះ​បើ​​តាម​ការ​ស្រង់​សម្ដី​ដោយ​កាសែត​ The USA Today៕