The Phnom Penh Post Search

Search form

ប្ដឹង​គ្នា​ទៅ​តុលាការ​ ករណី​លួច​លក់​ដី​សហគមន៍

Content image - Phnom Penh Post
ទីតាំង​ដី​សហគមន៍​ដែល​ថា​មាន​គេ​លួច​លក់​។ រូបថត សហគមន៍

ប្ដឹង​គ្នា​ទៅ​តុលាការ​ ករណី​លួច​លក់​ដី​សហគមន៍

មណ្ឌលគិរីៈ ដីព្រៃ​អាស្រ័យ​ផល​ប្រមាណ​ជាង​ ៨០ ​ហិកតា​នៅ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ក្នុង​ក្រុង​សែនមនោរម្យ​ ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​គេ​លួច​លក់​បង្ក​ឲ្យ​កើត​ជម្លោះ​ប្តឹង​គ្នា​ទៅ​តុលាការ​រវាង​ពលរដ្ឋ មន្ត្រី​អាជ្ញាធរ និង​អ្នក​ទិញ​ដី​។

ឈើ​គ្រឿង​ផ្ទះ​ និង​ដើមឈើ​របស់​ជនជាតិ​ព្នង​ត្រូវ​បាន​កម្មករ​ ៣ ​នាក់​រើ​ និង​កាប់​បំផ្លាញ​ចោល​ពី​ម្សិលមិញ​តាម​បញ្ជា​របស់​ស្ត្រី​ម្នាក់ ព្រម​ទាំង​មាន​នគរបាល​ ៨ ​នាក់​មាន​កាំភ្លើងខ្លី​ ១ ​ដើម និង​អាកា​ ១ ​ដើម​ចាំ​ការពារ​ និង​បាន​គំរាម​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ផង ប្រសិន​បើ​ហ៊ាន​រារាំង​។ នេះ​បើ​តាម​ពលរដ្ឋ និង​តំណាង​ពួកគាត់ អ្នកស្រី ថ្លឹក ភារម្យ​។

អ្នកស្រី ភារម្យ ថ្លែង​ថា​សហគមន៍​ភូមិ​ឡៅការ សង្កាត់​សុខដុម បាន​អាស្រ័យ​ផល​អនុផល​ព្រៃឈើ​ និង​ធ្វើ​ចម្ការ​វិលជុំ​លើ​ដី​នោះ​តាំងពី​ដូនតា​មក​។ ​ប៉ុន្តែ​ដី​នោះ​ត្រូវ​បាន​គេ​លួច​លក់ និង​មាន​ស្ត្រី​ម្នាក់​បាន​បញ្ជា​ឲ្យ​កម្មករ​កាប់ឆ្ការ​ និង​រើ​ឈើ​គ្រឿង​ផ្ទះ​​ពលរដ្ឋ​បោះចោល​ដោយ​មាន​មន្ត្រី​អាជ្ញាធរ​ និង​នគរបាល​ថ្នាក់​សង្កាត់​ និង​ខេត្ត​ចាំ​ការពារ​។

អ្នកស្រី​ថា​៖ «​ស្រី​ជា​ថៅកែ​ម្នាក់​ហ្នឹង​ថា​ជា​ម្ចាស់​ដី​ជាង​ ៥០ ​ហិកតា​។ ​គេ​បាន​ទិញ​ដី​ហ្នឹង តែ​ពលរដ្ឋ​អត់​មាន​ផ្តិត​មេដៃ​លក់​ដី​ហ្នឹង​ទេ​។ ​ដី​ហ្នឹង​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​ពលរដ្ឋ​រក​អនុផល​ព្រៃឈើ​។ ​គេ​កាប់​ដើម​ជ័រទឹក​របស់​គាត់​ចោល​ទៀត​»​។

អ្នកស្រី​បន្ត​ថា​ពលរដ្ឋ​ភាគច្រើន​ក្នុង​ចំណោម​ប្រមាណ​ជា​ ៤០ ​គ្រួសារ​បាន​សង់​ផ្ទះ​ និង​ខ្ទម​លើ​ដី​នោះ​រួច​ហើយ ឯ​ខ្លះទៀត​កំពុង​សង់​។ ឈើ​ដែល​កម្មករ​​រើ​បោះចោល​នោះ​មាន​សសរ​ ៩ ​ដើម ឈើ​ក្ដារ​ ៤០ ​សន្លឹក និង​ឈើ​គ្រឿង​ផ្ទះ​ ៣០ ​ដុំ​ទៀត​។

លោក ព្រើន គូយ អាយុ​ ៦៧ ​ឆ្នាំ​ជា​ម្ចាស់​ដី​បាន​ឲ្យ​ដឹង​ថា លោក​មិន​ហ៊ាន​រារាំង​គេ​ទេ ព្រោះ​មាន​ប៉ូលិស​ការពារ ហើយ​ស្ត្រី​ជា​ថៅកែ​នោះ​បាន​គំរាម​ចាប់​លោក​ដាក់​ខ្នោះ​ទៀត​ផង​។

លោក​ថ្លែង​ពេល​កម្មករ​កំពុង​កាប់​រំលំ​ដើមឈើ​ថា​៖ «​គេ​គំរាម​ចាប់​ខ្ញុំ​ដាក់​គុក ដាក់​ខ្នោះ​។ ​គេ​ថា​ដី​គេ ហើយ​ដេញ​ពួក​ខ្ញុំ​ឲ្យ​ចេញ​ ២-៣ ​សា​មក​ហើយ​។ ​លើក​មុន​គេ​កាប់​ដើម​ចេក និង​សសរ​​ផ្ទះ​ចោល ឥឡូវ​រើ​ឈើ​ចោល​ទៀត​។ ​គេ​ធ្វើ​បំផ្លាញ​ខ្ញុំ​តែ​ម្តង​»​។

សហគមន៍​ និង​ពលរដ្ឋ​ថា ដី​នោះ​ត្រូវ​បាន​គេ​កាប់​ឆ្ការ​ច្រើន​ដង​តាំងពី​ឆ្នាំ​ ២០០៨ ​មក​ហើយ​ពលរដ្ឋ​ក៏​បាន​ទប់ស្កាត់​រហូត​ដល់​ពួកគាត់​ ៣ ​នាក់​ត្រូវ​បាន​គេ​ប្តឹង​ពាក់ព័ន្ធ​នឹង​ «​ការ​គំរាម​កំហែង​កម្មករ​»​។ ក្នុង​នោះ​មាន​អ្នកស្រី ថ្លឹក ភារម្យ អាយុ​ ៣៧ ​ឆ្នាំ​,​ប្អូនស្រី​អ្នកស្រី ឈ្មោះ​ថ្លឹក ណាវី អាយុ​ ៣៣ ​ឆ្នាំ រួម​នឹង​ប្តី​ឈ្មោះ​ លេន បេវ អាយុ ៣៣ ​ឆ្នាំ​។

តាម​ឯកសារ​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អ្នក​ប្តឹង​នោះ​ឈ្មោះ ជឿន គឹមឡេង​។ កាលពី​ឆ្នាំ ​២០០៨ ​និង​ ២០០៩ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លួច​ឆ្ការព្រៃ​នោះ ហើយ​ក្នុង​ឆ្នាំ​ ២០១៦ សហគមន៍​បាន​ឃាត់​មិន​ឲ្យ​គ្រឿងចក្រ​កាយ​ប្រឡាយ​ ៥ ​ខ្សែ​ដើម្បី​ហ៊ុមព័ទ្ធ​ធ្វើ​ព្រំដី​។ ក្រោយមក​ទៀត​កាលពី​ខែ​មករា​កន្លង​មក​នេះ​ស្រាប់តែ​មាន​កម្មករ​ពី​ ២ ​ទៅ​ ៣ ​នាក់​ចូល​ទៅ​កាប់​ឆ្ការ​ព្រៃ​ក្នុង​តំបន់​នោះ​ទៀត ហើយ​ក៏​ត្រូវ​សហគមន៍​រារាំង​។ នៅ​ថ្ងៃ​ទី​ ២៤ ​ខែ​មករា​ដដែល​នោះ​មាន​កម្មករ​ ៤ ​នាក់ មេការ​ម្នាក់​ដែល​មាន​មន្ត្រីនគរបាល​ ៣ ​នាក់​ការពារ​ផង​បាន​ទៅ​ឆ្ការព្រៃ​នោះ​ម្តង​ទៀត​ហើយ​សហគមន៍​ ៣០ ​នាក់​បាន​ឃាត់​ និង​ដេញ​ពួកគេ​ចេញ​វិញ​ដោយ​ព្រមាន​ពី​ហិង្សា​។ ប៉ុន្តែ​ពួកគេ​មិន​ព្រម​ចាកចេញ​។ អ្នកស្រី ថ្លឹក ភារម្យ ក៏​បាន​សម្រប​សម្រួល​ជាមួយ​មន្ត្រី​នគរបាល​ដោយ​សុំ​ឲ្យ​ពួកគេ​ចាកចេញ​សិន​ និង​បាន​ស្នើសុំ​ឲ្យ​ជួបប្រជុំ​គ្នា​ដោះស្រាយ​រវាង​អាជ្ញាធរ​មូលដ្ឋាន សហគមន៍ អ្នកលក់ និង​អ្នកទិញ​ដី​។

ឯកសារ​នោះ​ក៏​បាន​បង្ហាញ​ឈ្មោះ​អ្នកទិញ​ដី​ផ្សេង​ទៀត​ដូចជា ឈ្មោះ លី ឈុន និង​ សុខ សុខា ដែល​មាន​ដី​ជាង​ ៣០ ​ហិកតា​។ ការទិញ​លក់​នោះ​មាន​ប្រថាប់ត្រា​ និង​ស៊ីញ៉េ​ពី​អាជ្ញាធរ​ភូមិ សង្កាត់ និង​ក្រុង​ផង​ដែរ​។

អ្នកស្រី​ ភារម្យ បាន​ឲ្យ​ដឹង​ថា​ក្រោយ​គេ​ប្តឹង​មក នគរបាល​បាន​កោះ​ហៅ​ពួកគាត់​ទៅ​បំភ្លឺ ហើយ​រូបគាត់​ និង​ប្អូនថ្លៃ​បាន​ចូល​ទៅ​បំភ្លឺ​កាលពី​ដើម​ខែ​នេះ​រួច​ហើយ​។

អ្នកស្រី​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ដី​នោះ​ជា​ដីព្រៃ​របស់​រដ្ឋ តែ​អាជ្ញាធរ​មិន​បាន​ជួយ​ការពារ​ពលរដ្ឋ​ទេ បែរ​ជា​គំរាមកំហែង​ពួកគាត់​ទៅ​វិញ​។

អ្នកស្រី​ថា​៖ «...​តាម​ច្បាប់ គាត់​គួរតែ​ប្តឹង​អ្នក​កាប់​ព្រៃ​ទៅ​តុលាការ តែ​ផ្ទុយ​ទៅ​វិញ​ប្រជាជន​អ្នក​ការពារ​ព្រៃឈើ តែ​សមត្ថកិច្ច​បែរ​ជា​កាង​កម្មករ​ទៅ​វិញ​»​។

លោក អ៊ិន អៀវ អតីត​ចៅសង្កាត់​សុខដុម​ដែល​បាន​ចុះ​​ហត្ថលេខា​ទិញ-លក់​ដែរ​នោះ​​ថ្លែង​ថា លោក​មិន​ចាំ​ពី​រឿង​ដី​នោះ​ទេ​។ ប៉ុន្តែ​លោក​ថា ពលរដ្ឋ​ភូមិ​ឡៅការ​បាន​ចាត់​ទុក​ដី​នោះ​ថា​ជា​ដី​សហគមន៍​អាស្រ័យ​ផល​​ហើយ​មិន​ឲ្យ​អ្នក​ខាង​ក្រៅ​ចូល​កាន់កាប់​ទេ​។

លោក ឡុង វិបុល អភិបាលក្រុង​សែនមនោរម្យ​បាន​ឲ្យ​ដឹង​ថា លោក​បានដឹង​ពី​ករណី​នេះ​ហើយ​បាន​ណែនាំ​ឲ្យ​ភាគី​ទាំង​សង​ខាង​ជួបជុំ​គ្នា ដើម្បី​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​។

លោក​ថ្លែង​ដោយ​ខ្លី​ថា​៖ «​ទាំង​​អ្នក​ឃាត់ ទាំង​អ្នក​ថា​ម្ចាស់​ដី​អង្គុយ​ជាមួយ​គ្នា​យក​ក្រដាស​យក​មក​មើល​។ អ្នក​ឃាត់ ឃាត់​ដោយ​អង្គហេតុ​អី​? ២ ​នាក់​ហ្នឹង​អង្គុយ​ជាមួយ​គ្នា​ទៅ​»​។

លោក​ សុក រដ្ឋា មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ដែល​កំពុង​ឃ្លាំ​មើល​រឿង​នេះ​បាន​ថ្លែង​ថា ដី​តំបន់​នោះ​គឺជា​ដីព្រៃ​រដ្ឋ ហើយ​ប្រសិន​បើ​មាន​ការ​ទិញ​លក់​មែន គឺ​វា​ខុស​ច្បាប់ និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​តែ​ទទួលទោស​តាម​ផ្លូវ​ច្បាប់​។ ​លោក​ថា​បើ​ចង់​ដឹង​ច្បាស់​គឺ​មាន​តែ​ផ្ទៀងផ្ទាត់​ផែនទី​រដ្ឋបាល​ព្រៃឈើ​ឆ្នាំ​ ២០០២៕

អត្ថបទគួរចាប់អារម្មណ៍