រតនគិរីៈ បុរស​ញៀន​ថ្នាំ​ម្នាក់​ដែល​ប្រចណ្ឌ​ប្រពន្ធ និង​កាប់​នាង​ឲ្យ​របួសធ្ងន់​នៅ​ភូមិ​ធួយអំពិល ឃុំ​ចាអ៊ុង ស្រុក​អូរជុំ ខេត្តរតនគិរី​កំពុង​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្ត​សាកសួរ​ពី​ម្សិលមិញ ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១៣ មេសា ហើយ​បញ្ជូន​ទៅ​តុលាការ​។

លោក​ នួន បុល អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជុំ ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ ផយ ស៊ន អាយុ​ ៣៩ ​ឆ្នាំ ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​កំពុង​សាកសួរ​។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​របស់លោក​ចាប់​បញ្ជូន​មក​សាលាដំបូង​ខេត្តរតនគិរី បន្ទាប់ពី​បង្កហេតុ​បាន​ ១ ​ថ្ងៃ ហើយ​ជនសង្ស័យ​ក៏​ជា​មនុស្ស​ញៀន​ថ្នាំ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ជន​ម្នាក់​នោះ​ខាង​ព្រះរាជអាជ្ញា​កំពុង​សាកសួរ​គាត់ ហើយ​ខ្ញុំ​ក៏​កំពុង​រង់ចាំ​ទទួល​ព័ត៌មាន​ពី​ការចោទប្រកាន់​របស់​តុលាការ​ដែរ​»​។

តាម​ការប្រាប់​ឲ្យ​ដឹង​តាមរយៈ​សាក្សី​នៅ​កន្លែងកើតហេតុ​លោក ថា​គ្រួសារ​ខាងលើ​ដែល​មាន​ស្ត្រី​រងគ្រោះ​ឈ្មោះ​ កែង ងិ អាយុ​ ៣៣ ​ឆ្នាំ​ ជា​ជនជាតិ​គ្រឹង និង​មាន​កូន​ ៥ ​នាក់​ជា​កសិករ​។ បុរស​ជា​ប្តី​ចេះតែ​បង្ក​ហិង្សា​ដោយ​ចោទ​ប្រពន្ធ​របស់ខ្លួន​ថា​លួច​មាន​សហាយ​ស្មន់​ជាមួយ​ប្រុស​ដទៃ​។ ប៉ុន្តែ​ជនសង្ស័យ​មិនដែល​ឃើញ​ប្រុស​សហាយ​របស់​ប្រពន្ធ​ផ្ទាល់​ភ្នែក​ម្តងណា​ឡើយ​។

លោក​បន្តទៀត​ថា ជនសង្ស័យ​ជា​ប្តី​ក៏​ចេះតែ​បង្កជម្លោះ​នៅពេល​ណា​ដែល​ខ្លួន​ផឹកស្រា​ស្រវឹង​រហូតដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ឃុំ​អូរជុំ និង​អាជ្ញាធរ​មូលដ្ឋាន​ហៅ​ធ្វើ​ការអប់រំ និង​ជួយ​ពន្យល់​អំពី​គ្រោះថ្នាក់​ដែល​កើត​ពី​អំពើហិង្សា​នេះ​ទៀត​។ ប៉ុន្តែ​ជនសង្ស័យ​មិន​បាន​យកចិត្ត​ទុកដាក់​ស្តាប់​ម្តងណា​ទេ​។

លោក​បន្តថា លុះ​នៅវេលា​ម៉ោង​ប្រមាណ​ជា​ ៧ ​កន្លះ​ព្រឹក​នៅ​ថ្ងៃទី​ ១៣ ​មេសា ដែល​ជា​ថ្ងៃកើតហេតុ​ជនសង្ស័យ​បាន​ស្រែកជេរ​ស្ត្រី​រងគ្រោះ​។ ពេលនោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​អូរជុំ ហើយ​សមត្ថកិច្ច​បាន​ចុះទៅ​អន្តរាគមន៍​ដើម្បី​ទប់ស្កាត់​ក្រែង​កើត​មាន​អំពើហិង្សា​ធ្ងន់ធ្ងរ​ព្រោះ​ពលរដ្ឋ​ប្រាប់ថា ជនសង្ស័យ​មាន​កាន់​កាំបិត​ខ្វែវ​ក្នុង​ដៃ​ផង​។ ចំពោះ​ប្រវត្តិ​របស់​ជនសង្ស័យ​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ ១ ​ឆ្នាំ​កន្លះ​ផងដែរ​កាលពី​ឆ្នាំ​ ២០១៧ ​ពាក់ព័ន្ធ​ការឆបោកប្រាក់គេ​។

លោក​ថា​៖ «​សមត្ថកិច្ច​ខ្ញុំ​ទៅដល់​កន្លែងកើតហេតុ​ហើយ​ប្រាប់​ជនសង្ស័យ​ថា កុំ​ប្រើ​ហិង្សា​តែ​ជនសង្ស័យ​មិន​ស្តាប់ និង​កាប់​ប្រពន្ធ​នៅមុខ​ខ្ញុំ​ជា​ប៉ូលិស​តែម្តង​»​។

អធិការរង​រូបនេះ​បន្តថា​៖ «​ខ្ញុំ​សួរ​វា​ថា បើ​ចោទ​ប្រពន្ធ​ថា​មាន​ប្រុស​សហាយស្មន់​អ៊ីចឹង មាន​ឃើញ​ផ្ទាល់​ភ្នែក​ទេ វា​ថា អត់​ឃើញ​ទេ​តែ​វា​ទាក់ទង​មាន​ប្រុស​ ២-៣ ​នាក់​»​។

លោក​ប្រាប់​បន្តថា ស្ត្រី​រងគ្រោះ​ត្រូវ​ជនសង្ស័យ​កាប់​ត្រូវ​ចិញ្ចើម​ខាងឆ្វេង​ ១ ​កាំបិត កំភួនដៃ​ឆ្វេង​ ១ ​កាំបិត និង​ត្រូវ​ក្បាល​ផ្នែក​ខាង​ក្រោយ​ ១ ​កាំបិត​ផុង​លលា​ដ៏ក្បាល​ចេញ​ខួរ​ផង​។ ជនរងគ្រោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី តែ​ត្រូវ​ខាង​មន្ទីរពេទ្យ​ប្រាប់​ក្រុមគ្រួសារ​របស់​ស្ត្រី​រងគ្រោះ​ឲ្យ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​វិញ​ព្រោះ​ស្ថានភាព​របួសធ្ងន់​ពេក​។

លោក​ បុល ​ថា​៖ «​ស្ត្រី​រងគ្រោះ​ត្រូវ​ប្តី​កាប់​ចេញ​ខួរ​ទៅហើយ​។ ខ្ញុំ​គិតថា គាត់​មិន​រស់​ទេ​»​។

លោក​ អំ សំអាត នាយករង​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ថ្លែង​ថា ពាក់ព័ន្ធ​អំពើហិង្សា​ក្នុង​គ្រួសារ​រយៈពេល​ចុងក្រោយ​នេះ​លោក​មើលឃើញ​គួរ​ឲ្យ​ព្រួយបារម្ភ​។ ព្រោះថា​ជន​ប្រព្រឹត្ត​ចេះតែ​ឃោរឃៅ​ទៅៗ​ដែល​ពេលខ្លះ​ប្តី​សម្លាប់​ប្រពន្ធ ឬ​ប្រពន្ធ​សម្លាប់​ប្តី កូន​ប្រើ​ហិង្សា​កាប់​ទៅលើ​ឪពុក​ ឬ​ម្តាយបង្កើត​។ ប្រសិន​បើ​អំពើ​ហិង្សា​នេះ​កាន់តែ​កើតឡើង​វា​ជះ​ឥទ្ធិពល​មិនល្អ​ដល់​សង្គម​។

លោក​និយាយថា​៖ «​យើង​ទទួលស្គាល់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួង​កិច្ចការ​នារី​ខិតខំ​ប្រឹងប្រែង​ធ្វើការងារ​នេះ​ច្រើន​។ តែ​ទោះជា​យ៉ាងណា​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​នៅតែ​ជា​ក្តីបារម្ភ​»​។

លោក​បន្តថា ចំពោះ​មូលហេតុ​នៃ​អំពើ​ហិង្សា​ភាគច្រើន​បុរស​ចង់​ដណ្តើម​អំណាច​គ្រួសារ​ហើយ​កាលណា​ប្រពន្ធ​ ឬ​កូន​មិន​ស្តាប់​តាម​គាត់​គឺ​គាត់​ប្រើ​ឥទ្ធិពល​របស់​គាត់​។ បញ្ហា​មួយទៀត​អាច​ទាក់ទង​នឹង​ការប្រើ​គ្រឿង​ស្រវឹង​គ្រឿងញៀន​ដែល​អ្នក​ប្រើ​ហិង្សា​តែង​យក​មូលហេតុ​នេះ​មក​បង្ក​អំពើហិង្សា​ក្នុង​គ្រួសារ​៕