បាត់ដំបងៈ បុរស​ម្នាក់​គាំងបេះដូង​ស្លាប់ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ស្រុក​សង្កែ កាលពី​ថ្ងៃទី​ ៣ មេសា បន្ទាប់ពី​រាយ​ខ្សែភ្លើង​ឆក់​ប្រពន្ធ​ខ្លួនឯង​ស្លាប់​នៅក្នុង​ផ្ទះ​បាន​ប៉ុន្មាន​ម៉ោង​ក្នុង​រឿង​ប្រចណ្ឌ​ប្រព្រឹត្ត​នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរដំបង​១ ស្រុក​សង្កែ​ខេត្តបាត់ដំបង​។

លោក លឹម ពុទ្ធីឡា ស្នងការរង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ ពេជ្រ ធារ៉េត អាយុ​ ៣១ ​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ​ ជា ច័ន្ទរចនា អាយុ​ ៣០ ​ឆ្នាំ​រស់នៅ​ភូមិ​បោះពោធិ៍ ឃុំ​អូរដំបង​ ១ ស្រុក​សង្កែ ខេត្តបាត់ដំបង និង​មានកូន​ចំនួន​ ២ ​នាក់​ក្នុងបន្ទុក​។

លោក​ថ្លែងថា​៖ «​ជនសង្ស័យ​គាត់ សម្លាប់​ប្រពន្ធ​ដោយ​វិធី​រាយ​ខ្សែភ្លើង​បណ្តាលឱ្យ​ឆក់​ស្លាប់​។ រីឯ​ជនសង្ស័យ​ក៏​ស្លាប់​ដែរ​ក្រោយពី​គាត់​សម្លាប់​ប្រពន្ធ​រួច​។ ដោយ​ជនសង្ស័យ​មិន​ស្រួល​ខ្លួន​មន្ត្រី​យើង​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​តែ​ក៏​ស្លាប់​ទៅដោយ​ជំងឺ​គាំងបេះដូង​»​។

បើតាម​លោក​ ស៊ុន សុវណ្ណ អធិការ​នគរបាល​ស្រុក​សង្កែ​ឱ្យដឹង​តាម សាក្សី​ថា​កន្លងមក​ ២ ​នាក់​ប្តី​ប្រពន្ធ​នេះ​រស់នៅ​មិនសូវ​ចុះសម្រុង​នឹង​គ្នា ហើយ​ក៏​ធ្លាប់​ប្តឹង​លែងលះគ្នា​ទៅ​អាជ្ញាធរ​ឃុំ​ផងដែរ​។ ប៉ុន្តែ​នៅពេល​អាជ្ញាធរ​ឃុំ​អូរ​ដំបង​កោះហៅ ជនសង្ស័យ​ចូលខ្លួន​ដើម្បី​សម្រុះសម្រួល​គ្នា​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ គឺ​ជនសង្ស័យ​មិន​ចូលខ្លួន​តាម​ការកោះហៅ​របស់​អាជ្ញាធរ​ទេ​។

លោក​ សុវណ្ណ រៀបរាប់​តាមចម្លើយ​របស់​ជនសង្ស័យ​កាលពី​មិនទាន់​ស្លាប់ ដែល​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​រូបគេ​ដាច់ចិត្ត​រាយ​ខ្សែភ្លើង​ឆក់​សម្លាប់​ប្រពន្ធ គឺ​ដោយសារ​តែ​រូបគេ​ប្រចណ្ឌ​នឹង​ប្រពន្ធ ព្រោះ​សង្ស័យថា ប្រពន្ធ​មាន​លួចលាក់​ស្នេហា​ជាមួយ​ប្រុស​ផ្សេង​។ ប៉ុន្តែ​រូបគេ​ក៏​មិន​បានឃើញ​ផ្ទាល់​នឹង​ភ្នែក​ថា​ប្រពន្ធ​ពិតជា​មាន​ប្រុស​ផ្សេង​ផង​ដែរ​ទេ​។ លុះ​នៅមុន​ពេល​កើតហេតុ​វេលា​ម៉ោងជាង​ ២ ​រសៀល ថ្ងៃទី​ ៣ មេសា រូបគេ​ក៏បាន​ពង្រាយ​ខ្សែភ្លើង​នៅក្នុង​ផ្ទះ​ដើម្បី​ឆក់​ប្រពន្ធ​របស់គេ​ស្លាប់​ពិតមែន​។

លោក​បញ្ជាក់ថា​៖ «​ខាង​សមត្ថកិច្ច​ខ្ញុំ​ឃាត់ខ្លួន​ជនសង្ស័យ ក្រោយ​សម្លាប់​ប្រពន្ធ​គាត់​។ ពេលនោះ​យើង​បាន​សួរចម្លើយ​ជនសង្ស័យ​ទើបតែ​បាន​ខ្លះ​ទេ​។ ពេលនោះ​គាត់ យំ​រៀបរាប់​ថា​គាត់​មាន​ការសោកស្តាយ និង​រន្ធត់ចិត្ត​មិនគួរ​សម្លាប់​ប្រពន្ធ​គាត់​ទេ​ ប៉ុន្តែ​ពេលនោះ​គាត់​ទំនាស់​គ្នា​ជាមួយ​ប្រពន្ធ​ព្រោះ​គាត់​ខឹង​ប្រពន្ធ​គាត់​ខ្លាំងពេក​»​។

បើតាម​អធិការ​រូបនេះ មុន​បង្កហេតុ​ប៉ុន្មាន​ថ្ងៃ ជនសង្ស័យ​ធ្លាប់​មាន​ជំងឺ​បេះដូង​។ ជនសង្ស័យ​ត្រូវ​ជំងឺ​បេះដូង​រើ និង​ធ្វើទុក្ខ​ក្នុង​ខ្លួន​ចំនួន​ ២ ​ដង​រួចមកហើយ​ដែរ​។ រីឯ​គ្រូពេទ្យ​នៅ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​ពី​ម្សិលមិញ ក្រោយ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជនសង្ស័យ​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ថា ការស្លាប់​របស់​ជនសង្ស័យ គឺ​បណ្តាល​មកពី​ជំងឺ​គាំងបេះដូង​។

លោក​អធិការ​ប្រាប់ថា កាលពី​ព្រឹក​ថ្ងៃទី​ ៤ មេសា កូនស្រី​ទាំង​ ២ ​នាក់​របស់​ជនសង្ស័យ​ និង​របស់​ស្ត្រី​រងគ្រោះ​ដែរនោះ​ (​កូនច្បង​អាយុ​ ៦ ​ឆ្នាំ​) ​ត្រូវបាន​កាកបាទក្រហម​ជួយ​ទំនុកបម្រុង​នូវ​អំណោយ​មួយចំនួន​មាន អង្ករ ​មី ទឹកក្រូច ​ទឹកសុទ្ធ និង​ថវិកា​ចំនួន​ ១០ ​លាន​រៀល​៕