ក្រចេះ: បុរស​ជា​ប្តី​វ័យ​ក្មេង ដែល​បាន​ប្រើ​អង្រែ​បុក​គ្រឿង​ និង​ដង​ចប ​វាយ​សម្លាប់​ប្រពន្ធ​វ័យ​ចំណាស់ កាល​ពី​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ នៅ​ភូមិ​​សំភិន ​ឃុំ​កំពង់ចាម ​​ស្រុក​សំបូរ​​ ដោយ​សារ​តែ​ភ្លើង​ប្រចណ្ឌ ត្រូវ​បាន​​​សាលា​ដំបូង​ខេត្ត​ក្រចេះ ​​ចោទ​ប្រកាន់​​ពី​បទ​ឃាតកម្ម​​ និង​​បាន​បញ្ជូនទៅ​ឃុំ​​​ខ្លួន​​ក្នុង​ពន្ធនាគារ​​ខេត្ត​ កាល​ពី​ម្សិលមិញ ​​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​សមត្ថកិច្ច​​ចាប់​​បញ្ជូន​ដល់​តុលាការ។

លោក​ ជា​ សុភ័ក្ត្រ ​ព្រះរាជអាជ្ញារង​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​​សាលា​​ដំបូង​ខេត្ត​ក្រចេះ ​បានឲ្យ​ដឹង​កាល​ពី​ម្សិល​​មិញ​ថា ​ជន​ត្រូវ​ចោទ​ឈ្មោះ​ ឈិន​ សុ​​ឃាប​ អាយុ​ ៣៣​ ឆ្នាំ​ ដែល​បាន​​វាយ​សម្លាប់​ប្រពន្ធ​នោះ ​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​​​ឃាតកម្ម​ ​។ បទ​​ឃាតកម្ម​​ត្រង់​មាត្រា ​១​៩​៩ ​នៃ​​ក្រម​ព្រហ្មទណ្ឌ​នេះ ​ប្រសិន​បើ​​តុលាការ​រក​ឃើញ​ថា​ ជន​ត្រូវ​ចោទ​ពិត​ជា​ប្រព្រឹត្ត​បទ​ល្មើស​មែន​នោះ​ នឹង​ត្រូវ​ផ្តន្ទាទោស​ ដាក់​ពន្ធនាគារ​ពី​ ១០​ ឆ្នាំ​ ទៅ​ ១​៥ ​ឆ្នាំ។

លោក​ ហួត​ លឹម​ហ៊ាង​​ នាយ​កា​រិយា​​ល័យព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​ នៃ​​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បាន​​ប្រាប់​​តាម​សម្តី​ជន​ត្រូវ​ចោទ​​ថា​ មូល​​ហេតុ​ដែល​នាំ​ឲ្យ​គាត់​សម្លាប់​ប្រពន្ធ​​ ព្រោះ​តែមាន​ការ​សង្ស័យ​​ប្រពន្ធ​របស់​​ខ្លួន​ មាន​ទំនាក់​​ទំនង​ស្នេហា​​ជា​​មួយ​បុរ​​ស​ម្នាក់​ដែល​រស់​នៅ​​ក្បែរ​​ផ្ទះ​​របស់​គាត់​​ ទើប​​បាន​ជា​គាត់​​កើត​រឿង​ប្រចណ្ឌ​​ហើយ​វាយ​សម្លាប់​ប្រពន្ធ​គាត់​ទៅ។​

លោក​បន្ត​ថា​​៖​ «​ជន​សង្ស័យ​ប្រាប់​​ថា​ គាត់​​ឈ្លោះ​​គ្នា​ជា​មួយ​​ប្រពន្ធ​​របស់​គាត់​ព្រោះ​ប្រពន្ធ​​និយាយ​ថា​ នាង​មា​ន​​​កូន​ជាមួយ​បុរស​​ម្នាក់​ ហើយ​សុំ​​គាត់​​លែង​លះ​គ្នា​។ ដោយ​​សារ​តែ​គាត់​ឮ​សម្តី​​បែប​​នេះហើយ​ទើប​ធ្វើ​ឲ្យ​គាត់​ខឹ​ង​ខ្លាំង​ក៏​វាយ​សម្លាប់​ប្រពន្ធ​គាត់​ទៅ»។

លោក​ ប៊ុន​ ឈឿន​ អធិការ​​​ស្រុក​សំបូ​រ​​ឲ្យ​ដឹង​​ដែរ​ថា​ ស្ត្រី​រង​គ្រោះ ​ឈ្មោះ ​​អែប​​ ពៅ​​ អា​យុ​ ៥០ ​ឆ្នាំ​ជាស្ត្រី​​មេម៉ាយ​​ និង​​មាន​កូន​ធំ​ៗ​អស់​ហើយ​ ហើយ​​បាន​យក​គ្នា​​ជា​ប្តី​ប្រពន្ធ​​ជា​មួយ​​​​​ជន​ត្រូវចោទ​​ឈ្មោះ​ សុ​​ឃាប​ តែ​​គ្មាន​កូន​ទេ។

ប៉ុន្តែ​​នៅ​មុន​ថ្ងៃ​កើត​ហេតុ​​ ៣ ថ្ងៃ​ ជន​ជាប្តី​បាន​សង្ស័យ​​ទៅ​​លើ​ប្រពន្ធ​​របស់​ខ្លួន​ថា​ មាន​​ទំនាក់​ទំនង​ស្នេហា​ជា​​មួយ​បង​​ប្រុស​​ជី​ដូន​មួយ​​ ដែល​មាន​ផ្ទះនៅ​ក្បែរ​គ្នា​ ហើយ​បង្ក​ជម្លោះ​ជា​​មួយ​ស្រ្តី​រង​គ្រោះ​។​ ខណៈ​ដែល​កំពុង​ឈ្លោះគ្នា​នោះ​ ជន​សង្ស័យ​​បាន​យក​​អង្រែ​​បុក​​គ្រឿង​ វាយ​​ចំ​ក្បាល​​ស្រ្តី​រង​​គ្រោះ​​ដែល​កំពុង​ដេក​នៅ​ក្នុង​អង្រឹង​ចំនួន ​២ អង្រែ ​បណ្តាល​​ឲ្យ​បាក់​​​អង្រែ​ហើយ​ស្រ្តី​រងគ្រោះ​​បាន​ងើប​ពី​អង្រឹង​បំណង​​រត់​ចេញ​​ទៅ​ក្រៅ​ផ្ទះ​។ ប៉ុន្តែពេល​នោះ​ បុរស​ជា​ប្តី ​បាន​ស្ទុះ​ទៅ​យ​​ក​ដង​ចប មក​​វាយ​ចំ​កញ្ចឹង​ក​ពី​ក្រោយ​បន្ថែម​ទៀត​​ បណ្តាល​ឲ្យ​​ស្រ្តីរងគ្រោះ​​ដួល​ស្លាប់​នៅ​​នឹង​កន្លែង​កើត​ហេតុ។

លោក​ ​​ប៊ុន​ ឈឿន​ ថ្លែ​ង​ថា​ ​​​៖​ ​«​មិន​ដឹង​ជា​គិត​យ៉ាង​ម៉េច​​ទេ​​ បាន​ជា​​ជនសង្ស័យ​​ប្រចណ្ឌ​ប្រពន្ធ​​ទៅ​រួច​ ព្រោះ​ស្រ្​តីរង​គ្រោះ​​អាយុ​ ៥​០​ ឆ្នាំ​ទៅ​ហើយ ​ហើយ​វា​សម​តែ​ប្រពន្ធ​ប្រចណ្ឌ​ប្តី​ ព្រោះ​ប្តី​នៅ​ក្មេង​។ រឿង​​នេះ​​ប្រហែល​​គាត់​ចេះ​តែ​ស្មាន​​ខ្លួន​ឯង​ហើយ​ចោទ​​ថា​ ប្រព​​ន្ធ​ទៅ​ស្រឡាញ់​​ប្រុស​ផ្សេង​ទៅវិញ»៕