ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រកាស​ពន្យារពេល ឬ​ប្តូរ​ការប្រឡង​បាក់ឌុប​នៅតាម​គ្រឹះស្ថាន​សិក្សា​ឯកជន​ពីថ្ងៃ​ទី​ ១៧-១៨ ខែ​សីហា ប្តូរ​ទៅ​ប្រឡង​នៅ​ថ្ងៃទី​ ២៧-២៨ សីហា ឆ្នាំនេះ​វិញ ដើម្បី​អនុវត្ដ​តាម​សេចក្ដី​ណែនាំ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​កំណត់​ឲ្យ​ឈប់​សម្រាក​រយៈពេល​ ៥ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៧ ដល់ ថ្ងៃទី​ ២១ សីហា ដែល​រដ្ឋាភិបាល​សង​ជំនួស​ថ្ងៃ​សម្រាក​ចូលឆ្នាំថ្មី​។

បើ​យោង​តាម​សេចក្ដី​ណែនាំ​បន្ថែម​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន​សម្រាប់​ឆ្នាំ​សិក្សា​ ២០១៩-២០២០ របស់​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រាប់​ទៅ​នាយក នាយិកា គ្រឹះស្ថានសិក្សា​ឯកជន និង​លោក លោកស្រី​ប្រធាន​មន្ទីរ អប់រំ យុវជន និង​កីឡា រាជធានី​ខេត្ដ ត្រូវ​អនុវត្ដ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក​រដ្ឋមន្ដ្រី​លើកឡើង​តាមរយៈ​សេចក្ដី​ណែនាំ​នេះ​ថា កន្លង​មក​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ចេញ​សេចក្តី​ណែនាំ​លិខិត​លេខ​ ៣៣ ​ស្តីពី​ការប្រឡង​បាក់ឌុប​នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន​ឆ្នាំ​សិក្សា​ ២០១៩-២០២០​។ សេចក្ដីណែនាំ​នេះ​បាន​កំណត់​យក​ថ្ងៃទី​ ១៧ សីហា ឆ្នាំ​ ២០២០ ជា​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។

លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា​៖ «​ដោយសារ​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ​ ១០១ អនក្រ.បក ចុះ​ថ្ងៃទី​ ១៥ ​កក្កដា ឆ្នាំ​ ២០២០ ស្ដីពី​ការអនុញ្ញាត​ឲ្យ​មន្ដ្រីរាជការ និយោជិត កម្មករ ឈប់​សម្រាក​ការងារ​នៅ​ថ្ងៃទី​ ១៧ ដល់ ២១ ខែសីហា ឆ្នាំ​ ២០២០ ចំ​ថ្ងៃ​ប្រឡង ក្រសួង​សូម​កែសម្រួល​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន​សម្រាប់​ឆ្នាំ​សិក្សា ២០១៩-២០២០ ​ទៅ​ថ្ងៃទី​ ២៧ ខែ សីហា​ ឆ្នាំ​ ២០២០ វិញ​»​។

លោក​ រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែង​ថា ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ​១៩ ក្រសួង​អប់រំ​បាន​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​រៀបចំ​ការប្រឡង​បាក់ឌុប​តាម​គ្រឹះស្ថាន​រៀងៗ​ខ្លួន​ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ទីរអប់រំ យុវជន និង​កីឡា​តាម​ការចាំបាច់​។

មូលហេតុ​ប្តូរ​សម័យ​ប្រឡង ដោយសារ​តែ​ការកំណត់​កាលបរិច្ឆេទ​ក្នុង​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​ ១៤ ខែ​កក្កដា​បាន​កំណត់​យក​ថ្ងៃទី​ ១៧-១៨ ខែសីហា ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​រយៈពេល ៥ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៧ ដល់ ២១ ​ខែ​សីហា​ឆ្នាំ​ ២០២០ សង​ថ្ងៃ​សម្រាក​ថ្ងៃ​ចូលឆ្នាំ​ថ្មី​។

លោក​បញ្ជាក់​ថា​៖ «​គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវដាក់​ពាក្យ​ស្នើសុំ​រៀបចំ​ការប្រឡង​បាក់ឌុប​មក​ក្រសួង​អប់រំ យុវជន និង​កីឡា​តាមរយៈ​មន្ទីរអប់រំ យុវជន និង​កីឡា​ឲ្យ​បាន​មុន​ដំណាច់​ខែកក្កដា ឆ្នាំ​ ២០២០ ដើម្បី​ពិនិត្យ និង​ទទួលស្គាល់​»​។

លោក​ សុវាចា ថ្លែង​ថា​គ្រឹះស្ថាន​សិក្សា​ឯកជន​នីមួយៗ​ត្រូវ​រៀបចំ​មណ្ឌល​ប្រឡង និង​បញ្ជូន​មក​ក្រសួង​អប់រំ យុវជន និង​កីឡា​តាមរយៈ​មន្ទីរអប់រំ យុវជន និង​កីឡា ដើម្បី​ពិនិត្យ និង​សម្រេច​។ ក្នុង​ ១ ​បន្ទប់​ប្រឡង​មាន​បេក្ខជន​ពី​ ១០ ទៅ​ ១៥ ​នាក់​។ ធានា​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​។

លោក​ឱ្យដឹង​ដែរ​ថា ការប្រឡង​បាក់ឌុប​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ ក្រសួង​អប់រំ​នឹង​ជម្រាបជូន​នាពេល​ក្រោយ​។ ចំពោះមុខ​នេះ ក្រសួង​អប់រំ​ប្រាប់​សិស្សានុសិស្ស​ទាំងអស់​បន្ត​ការសិក្សា​ពី​ចម្ងាយ ដោយ​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព តាម​ការណែនាំ​របស់​​ក្រសួង​សុខាភិបាល​។

លោក​ ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា​ដែល​មាន​គ្រឹះស្ថាន​ឧត្ដមសិក្សា និង​មធ្យមសិក្សា​ប្រមាណ​ជាង ៤០ គ្រឹះស្ថាន​នៅ​កម្ពុជា​ជា​សមាជិក​ថ្លែង​ថា​៖ «​សព្វថ្ងៃនេះ​យើង​កំពុង​ពិភាក្សា​គ្នា​ថែមទៀត ថា​តើ​ត្រូវ​រៀបចំ​ការប្រឡង​នោះ​តាមរយៈ​ការចេញ​វិញ្ញាសា​តាម​សាលា​ ឬ​ក៏​ត្រូវ​ចេញ​បែបបទ​ណាមួយ​ពី​ក្រសួង​អប់រំ​វិញ​។ ​ថ្ងៃស្អែក​នេះ​យើង​នឹង​ប្រជុំ​ជជែក​គ្នា​ចំពោះ​រឿងនេះ​បន្ថែម​ទៀត ដើម្បី​ដាក់ចេញ​គោលការណ៍​រួម​តែម្ដង​»​។

លោក​ ឃឹម ផុន ប្រធាន​នាយកប្រតិបត្តិ​សាលារៀន​សុវណ្ណភូមិ​ថ្លែង​ថា ការប្រឡង​បាក់ឌុប​ត្រូវ​រង់ចាំ​ប្រឡង​ជាមួយ​សាលា​របស់​រដ្ឋ​ដែល​ក្រសួង​អប់រំ​រៀបចំ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​សាលារៀន​សុវណ្ណភូមិ​មាន​សិស្ស​ថ្នាក់​ទី​ ៩ [​ចំនួន​] ១ ១៤៦ ​នាក់ និង ថ្នាក់​ទី​ ១២ [​ចំនួន​] ៩១៦ ​នាក់​ ដែល​ត្រូវ​ប្រឡង​ក្នុងឆ្នាំនេះ​។ យើង​ជ្រើសរើស​យក​ការប្រឡង​សម្រាប់​សិស្ស​ថ្នាក់​ទី​ ៩ ​ដោយ​ខ្លួនឯង​នៅ​ថ្ងៃទី​ ៣ ខែ​សីហា​ខាងមុខ​។ ចំណែក​ថ្នាក់​ទី​ ១២ យើង​រង់ចាំ​ការប្រឡង​ជាមួយ​សាលា​សាធារណៈ​របស់​រដ្ឋ​ថ្នាក់​ជាតិ​»៕