ស្ទឹងត្រែងៈ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​ប្រកាស​បើក​យុទ្ធនាការ​ត្រួតពិនិត្យ ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ជលផល​ជា​ទ្រង់ទ្រាយ​ធំ​សម្រាប់​រដូវកាល​បិទ​នេសាទ​ឆ្នាំ​ ២០២០ ដែល​នឹង​ចូលមក​ដល់​នា​ថ្ងៃទី​ ១ ខែ​ឧសភា ដើម្បី​ធានា​ឲ្យ​បាន​នូវ​និរន្តរភាព​ធនធាន​ជលផល​ទឹកសាប​នៅ​កម្ពុជា​។

លោក​ ទុំ នីរ៉ូ ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២១ មេសា ថា​ជាទូទៅ​រដូវ​បិទ​នេសាទ​ចាប់ផ្ដើម​ពី​ដើម​ខែ​មិថុនា​ដល់​ដំណាច់​ខែកញ្ញា ឬ​ពី​ដើមខែ​កក្កដា​ដល់​ដំណាច់​ខែតុលា​។ លើកលែង​ខេត្ត​ស្ទឹងត្រែង​តែមួយគត់​ដែល​ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រេច​អនុម័ត​ឲ្យ​ប្រកាស​បិទ​នេសាទ​ចាប់ពី​ដើមខែ​ឧសភា​ដល់​ដំណាច់​ខែកញ្ញា ដោយសារ​តែ​ពិនិត្យឃើញ​ថា ត្រី​មេពូជ​មួយ​ចំនួន​ក្នុង​ទន្លេមេគង្គ​នៃ​ខេត្ត​នេះ​បាន​ចាប់ផ្ដើម​ពង​កូន​ជា​បណ្ដើរៗ​នៅ​តាម​តំបន់​ដែល​មាន​អន្លង់​ទឹក​ជ្រៅ​។

លោក​ នីរ៉ូ និយាយ​ថា​នៅក្នុង​រដូវ​បិទនេសាទ​នេះ​ក្រៅពី​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចជា​គ្រឿងផ្ទុះ ឧបករណ៍​ឆក់ត្រី ថ្នាំ​បំពុល លប​កន្ទុយ​កណ្ដុរ ណរ៉ាវ សម្រាស់ ឧបករណ៍​នេសាទ​មួយចំនួន​ទៀត​ដែល​រួមមាន មង អួន អញ្ចង និង​សន្ទូចរនង​ក៏​ត្រូវ​បាន​ហាមឃាត់​ធ្វើការ​ប្រើប្រាស់​ក្នុង​ការចាប់​ត្រី​ជា​លក្ខណៈ​គ្រួសារ​ផងដែរ​។

លោក​ ទុំ នីរ៉ូ បញ្ជាក់ថា​៖ «​រដូវ​បិទនេសាទ​ឆ្នាំនេះ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​យើង​នឹង​បើក​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ធនធាន​ជលផល​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច​កាលពី​ឆ្នាំ​មុន ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​រួមទាំង​សហគមន៍​នេសាទ​តាម​មូលដ្ឋាន​ផងដែរ​»​។

បើ​តាម​លោក​ នីរ៉ូ កាលពី​រដូវ​បិទ​នេសាទ​ឆ្នាំមុន (​ឆ្នាំ​ ២០១៩) សមត្ថកិច្ច​ជលផល​ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប​ចាប់ និង​ដុត​កម្ទេចចោល​នៅនឹង​កន្លែង​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​រួមមាន អួន មង ណរ៉ាវ សរុប ៤១៣ ​ត្បូង ដែលមាន​ប្រវែង​សរុប​ ១០៣២៥០ ​ម៉ែត្រ ឬ​ជាង​ ១០៣ ​គីឡូម៉ែត្រ​។

រឹបអូស​ទុកជា​សម្បត្តិ​រដ្ឋ​នូវ​វត្ថុតាង​មួយចំនួន​រួមមាន កាណូត​ស្មាច់​ ៧ ​គ្រឿង ឧបករណ៍​ឆក់ ប្រភេទ​អាំងឌុចទ័រ​ ១០ ​គ្រឿង អាគុយ​ ៦ ​គ្រឿង​។ មិនតែ​ប៉ុណ្ណោះ​បាន​ចាប់ និង​កសាង​សំណុំរឿង​បញ្ជូន​ជន​ប្រព្រឹត្ត​បទល្មើស​ ៧ ​នាក់​ទៅ​តុលាការ ដោយ​ចោទប្រកាន់​ពី​បទ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ឆក់​។ រីឯ​ ២១៤ ​នាក់​ទៀត​ត្រូវ​បាន​ព្រមាន​ដោយ​ការចាប់​ផាក​ពិន័យ​អន្តរកាល និង​បង្ខំ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការនេសាទ​ត្រី​បែប​ពាណិជ្ជកម្ម​ក្នុង​រដូវ​ហាមឃាត់ ។

លោក​ នីរ៉ូ ក៏បាន​ចែករំលែក​នូវ​ក្ដីកង្វល់​របស់គាត់​អំពី​ការធ្លាក់ចុះ​យ៉ាងគំហុក​នូវ​បរិមាណ​ផលត្រី ដោយសារ​តែ​សកម្មភាព នេសាទ​ខុសច្បាប់​នៅតាម​ចំណុច​អន្លង់​ទឹក​ជ្រៅ​នៃ​ប៉ែក​ខាងលើ​នៃ​ទន្លេមេគង្គ​ក្នុង​រដូវប្រាំង​។ លោក​ថ្លែងថា​៖ «​អន្លង់​ទឹក​ជ្រៅៗ​នៅក្នុង​ទន្លេ គឺជា​កន្លែង​ត្រី​ពង​ និង​ភ្ញាស់​កូន​រួមទាំង​ត្រីផ្សោត​ផងដែរ ដែល​ចាំបាច់​ត្រូវមាន​ការចូល​រួមការពារ​ និង​អភិរក្ស​ទាំងអស់​គ្នា​»​។

ជាមួយ​គ្នា​នេះ​លោក​អំពាវនាវ​ឲ្យ​ប្រជាជន​ក្នុង​សហគមន៍​ទាំងអស់​សហការ​គ្នា​ឲ្យ​បាន​ល្អ​ក្នុង​ការខិតខំ​ការពារ​ត្រី​ជិត​ផុតពូជ និង​តំបន់​ត្រីពង បើ​មិន​ដូច្នោះ បរិមាណ​ត្រី​នេះ​នឹង​បន្ត​ធ្លាក់ចុះ​ជាមិនខាន​។

យោងតាម​របាយការណ៍​អង្កេត​របស់​ក្រុម​អ្នកស្រាវជ្រាវ​នៃ​នាយកដ្ឋាន​កិច្ចការ​ជលផល​ដែល​បានចេញ​ផ្សាយ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ គូសបញ្ជាក់​ថា​តាមរយៈ​ការគាំទ្រ​រឹងមាំ​ពី​សំណាក់​អាជ្ញាធរខេត្ត ឬ​មូលដ្ឋាន និង​ពី​សំណាក់​សហគមន៍​ប្រជានេសាទ​ផ្ទាល់ សកម្មភាព​នេសាទ​ខុសច្បាប់​ក្នុង​ខេត្តស្ទឹងត្រែង​នា​ឆ្នាំ​ ២០១៩ ត្រូវបាន​កាត់បន្ថយ​បាន​ជិត​ ៣០ ​ភាគរយ​។ បាន​សង្គ្រោះ​ជីវិត​ត្រី​មេពូជ​សំខាន់ៗ​គ្រប់​ប្រភេទ ដែល​ជិត​ផុតពូជ​សរុប​ជាង​ ៣០០០ ​តោន​ដែល​អាច​បង្ក​កំណើត​ពង​កូន​បាន​រាប់លាន​ក្បាល​ក្នុង​ទន្លេ និង​បឹង​ធម្មជាតិ​បន្តទៀត​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃទី​ ១៧ មេសា បាន​ណែនាំ​ប្រជា​នេសាទ​ទាំងអស់​ក្នុង​ដែន​សមត្ថកិច្ច​របស់លោក​តាមរយៈ​ចេញ​សេចក្ដី​ជូនដំណឹង​ស្ដីពី​រដូវ​បិទ​នេសាទ​ឆ្នាំនេះ​ថា ដើម្បី​ចូលរួម​អនុវត្ត​នូវ​វិធានការ​ការពារ​ត្រី​មេពូជ​នៅ​រដូវ​ពងកូន​សម្រាប់​តំបន់​ទន្លេមេគង្គ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ស្ទឹងត្រែង​នៅក្នុង​រដូវ​បិទ​នេសាទ​ដែល​នឹង​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី​ ១ ឧសភា ដល់​ថ្ងៃទី​ ៣០ កញ្ញា ការនេសាទ​នឹងត្រូវ​ហាមឃាត់​ទាំងស្រុង លើកលែង​តែ​ការនេសាទ​បែប​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។

លោក​ សារឿន បញ្ជាក់ថា​៖ «​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ​នេះ​ទៀត​សោត គឺ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​តែ​សន្ទូច​ផ្លែ​ ១ លប សំណាញ់ អង្រុត តុម ទ្រូ និង​កញ្ច្រែង ប៉ុណ្ណោះ ក្រៅពី​នោះ​ឧបករណ៍​នេសាទ​ផ្សេងទៀត​មិនត្រូវ​បាន​អនុញ្ញាត​ឡើយ​»​។

តាម​ប្រតិទិន​របស់​រដ្ឋបាល​ជលផល​ជា​រៀងរាល់ឆ្នាំ​រដូវ​បិទ​នេសាទ​ចាប់ពី​ថ្ងៃទី​ ១ មិថុនា ដល់​ថ្ងៃទី​ ៣០ កញ្ញា ចំពោះ​ដែន​នេសាទ​ទឹកសាប​ដែល​នៅ​ប៉ែក​ខាងជើង​ខ្សែស្រប​ទន្លេចតុមុខ រួមមាន ខេត្ត​ទាំងអស់​ជុំវិញ​បឹង​ទន្លេសាប និង​បណ្តា​ខេត្ត​មួយចំនួន​ទៀត​រួមមាន​ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ​។ ផ្នែក​ខ្លះ​នៃ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ដែល​នៅ​ផ្នែក​ខាងជើង​ខ្សែស្រប​ទន្លេចតុមុខ​។ បណ្ដា​ខេត្ត​មួយចំនួន​ទៀត​ស្ថិត​នៅ​ផ្នែក​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ​រួមមាន​ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ​។

ផ្នែក​ខ្លះ​នៃ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​ស្ថិត​នៅ​ផ្នែក​ខាងត្បូង​នៃ​ខ្សែស្រប ទន្លេចតុមុខ រដូវ​បិទ​នេសាទ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ១ ខែកក្កដា ដល់​ទី​ ៣១ ខែតុលា​។ ប៉ុន្តែ​សម្រាប់​ខេត្តស្ទឹងត្រែង​រដូវ​បិទ​នេសាទ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ១ ឧសភា ព្រោះ​ត្រី​មេពូជ​មួយ​ចំនួន​បានចាប់ផ្ដើម​បង្កាត់​ពូជ​ និង​ពង កូន​ជា​បណ្ដើរៗ​នៅ​តាម​អន្លង់​ទឹក​ជ្រៅ​៕