ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាស​ហាម​លក់​ឱសថ ឧបករណ៍ បរិក្ខារពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​វិស័យ​សុខាភិបាល​នៅលើ​ប្រព័ន្ធ​អនឡាញ​ដោយ​ក្រសួង​ចាត់ទុក​ផលិតផល​ដែល​បានប្រកាស​លក់​តាម​អនឡាញ​ទាំងនោះ ភាគច្រើន​មិនមាន​ច្បាប់​អនុញ្ញាត និង​មិនមាន​គុណភាព​ត្រឹមត្រូវ​។

ការដែល​ក្រសួង​ធ្វើការ​ហាមឃាត់​បែបនេះ ដោយសារ​កន្លងមក​ក្រសួង​ធ្លាប់បាន​ទិញ​អាល់កុល ក៏ដូចជា​សារធាតុ​សម្លាប់​មេរោគ​មួយចំនួន​ពី​អ្នកលក់​តាម​ប្រព័ន្ធ​អនឡាញ​មក​ពិនិត្យ​គុណភាព ហើយ​ឃើញថា​អាល់កុល​ ឬ​សារធាតុ​សម្លាប់​មេរោគ​ទាំងនោះ​ភាគច្រើន​ជា​ប្រភេទ​ផលិតផល​ដែល​មាន​គុណភាព​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ ឬ​ក្លែងបន្លំ​ដូចជា អាល់កុល​ខ្លះ​ជា​មេតាណុល សុទ្ធសាធ ឬ មេតាណុល​លាយ​ជាមួយ​អេតាណុល​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​ ៣១ ខែ​មីនា​ ឲ្យ​ដឹងថា ស្រប​ពេល​ដែល​ពិភពលោក​ក៏ដូចជា​កម្ពុជា​កំពុងមាន​ករណី​ជំងឺ​កូវីដ​ ១៩ ​កើនឡើង​ជា​បន្តបន្ទាប់ ធ្វើឲ្យ​ប្រជាជន​មាន​តម្រូវការ​ឱសថ ឧបករណ៍ បរិក្ខារពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ​ជា​ចាំបាច់ ដើម្បី​ប្រើប្រាស់​ក្នុង​ការការពារ​ចម្លង​វីរុស​កូរ៉ូណា​។

ទន្ទឹមនឹងនេះ​ក្រសួង​សុខាភិបាល​សង្កេត​ឃើញ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា មាន​គណនី​ជាច្រើន​កំពុង​ឆ្លៀតឱកាស​ផ្សព្វផ្សាយ​លក់​ឱសថ ឧបករណ៍ បរិក្ខារ​ពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ​យ៉ាង​អនាធិបតេយ្យ​។ ក្នុងនោះ​មាន​ដូចជា ម៉ាស់ ឧបករណ៍​វាស់​សីតុណ្ហភាព អាល់កុល ជែល និង​សារធាតុ​សម្លាប់​មេរោគ​ជាច្រើន​ប្រភេទ​ទៀត​ដែល​គ្មាន​លេខ​បញ្ជិកា ឬ​លេខ​ប្រវេទន៍​ពី​ក្រសួង​សុខាភិបាល​ឡើយ​។

អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ការលក់​ឱសថ ឧបករណ៍ បរិក្ខារ​ពេទ្យ និង​ប្រតិករ​ត្រូវ​មាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល ហើយ​តម្រូវ​ឱ្យ​លក់​នៅតាម​ឱសថស្ថាន និង​ឱសថស្ថាន​រង​ស្របច្បាប់​គឺ​មិន​អនុញ្ញាត​ឲ្យ​លក់​តាម​ប្រព័ន្ធ​អនឡាញ​ឡើយ​។

ក្រសួង​បញ្ជាក់​ថា​៖ «​ការលក់​គ្រឿងសម្អាង​គ្រប់​ប្រភេទ​ត្រូវមាន​លេខ​ប្រវេទន៍​ពី​ក្រសួង​សុខាភិបាល​។ ការផ្សព្វផ្សាយ​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ ប្រតិករ និង​គ្រឿងសម្អាង​គ្រប់​ប្រភេទ​ត្រូវ​មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដើម្បី​ពិនិត្យ​ខ្លឹមសារ​ផ្សព្វផ្សាយ​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ឯកសារ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ និង​ទន្តសាស្ត្រ​»​។

តាម​ក្រសួង​សុខាភិបាល​ចំពោះ​អាល់កុល​ដែល​មាន​គុណភាព​សម្លាប់​មេរោគ ជា​ប្រភេទ​អេតាណុល​ពី​ ៦០ ទៅ ៨០ ​ភាគរយ​។ ដោយឡែក​ចំពោះ​សារធាតុ​មេតាណុល​វិញ​មិន​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​សម្លាប់​មេរោគ​នោះឡើយ ដោយសារ​ធាតុ​នេះ​គ្មាន​សកម្មភាព​សម្លាប់​មេរោគ​ទេ ហើយ​សារធាតុ​នេះ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀតផង​។

ក្រសួង​សុខាភិបាល​ក៏​បាន​ណែនាំ​ក្នុង​លិខិត​ ១ ​ច្បាប់​ទៀត​ កុំ​ឲ្យ​សាធារណជន​ជឿ​ការឃោសនា ភូតកុហក​បោកប្រាស់​តាម​ហ្វេសប៊ុក​ចំនួន​ ២ គឺ ៖ ១. Certified និង ២. Semprox Cambodia ​ដែល​កំពុង​ផ្សព្វផ្សាយ​លក់ ឧបករណ៍​ទូបាញ់​កម្ចាត់​មេរោគ​ដែល​ការពារ​ពី​វីរុស​ដ៏កាចសាហាវ និង​ធុង​អាគុយ​សម្លាប់​មេរោគ​។

ក្រសួង​ចាត់ទុក​ការផ្សព្វផ្សាយ​នូវ​ឧបករណ៍​ទាំង​ ២ ​នេះ​គឺជា​ព័ត៌មាន​មិន​ពិត ដែល​អះអាង​ថា អាច​ការពារ និង​បញ្ឈប់​ការរីករាលដាល​មេរោគ​កូរ៉ូណា​។ ក្រសួង​ស្នើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​ដែល​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដើម្បី​កុំឱ្យ​ជន​ឱកាសនិយម​បន្ត​បោកប្រាស់​ពលរដ្ឋ​តទៅទៀត​។

ប៉ុន្តែ​គណនី​ហ្វេសប៊ុក​មួយចំនួន​បាន​បង្ហាញ​ការមិន​ពេញចិត្ត​ដោយ​ក្នុង​នោះ​គណនី​មួយ​ដែល​មាន​ឈ្មោះ​ថា​ មុំ វ៉ារិន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា គ្រាន់តែ​លក់​ម៉ាស់ លក់​ទឹក​លាងដៃ និង​ម៉ាស៊ីន​វាស់​កម្តៅ​ក៏​ហាម​។ ប្រទេស​មួយ​ចំនួន​ដូចជា​អាមេរិក និង​ចិន​អាច​លក់​នៅលើ​ប្រព័ន្ធ​អនឡាញ​ដែល​មាន​ឈ្មោះ​ Amazon និង Alibaba បាន​។

គណនី​ដដែល​បន្តថា​៖ «​សូម​ពិនិត្យ​ឡើងវិញ​ផង កុំ​ឲ្យ​គេ​ថា​ម៉ា​ពិភពលោក​មាន​តែ​ ១​។ សម័យនេះ​ហើយ​បែប​នៅ​ចង់​ឲ្យ​ពលរដ្ឋ​ជិះ​កង់ ម៉ូតូ​ដើរ​ទិញ​តាម Pharmacy ​ទៀត​។ ហាម​តែ​លក់​ថ្នាំពេទ្យ វា​ត្រឹមត្រូវ​បំផុត​ហើយ​។ ពីព្រោះ​វា​ទាមទារ​វេជ្ជបញ្ជា ឬ​ឧបករណ៍​ធ្វើតេស្ត​ Covid-19 ឬ​តេស្ត​ឈាម​អ៊ីចឹង​ហាម​ទៅ​។ ចំណែក​លក់​ឧបករណ៍ ឬ​សម្ភារ​ផ្សេងទៀត ដូចជា​ម៉ាស់ ទឹក​លាងដៃ​សម្លាប់​មេរោគ ម៉ាស៊ីន​វាស់កម្តៅ​អី គេ​មិន​ដែល​ហាមឃាត់​លក់​តាម​អនឡាញ​ទេ​»​។

លោក​ ហែន ភារៈ វេជ្ជបណ្ឌិត​ផ្នែក​ផ្លូវដង្ហើម​ដែល​មាន​បទពិសោធ​ជាង​ ២០ ​ឆ្នាំ​ ថ្លែងថា ឱសថ និង​សម្ភារ​ទាំងនោះ​អាច​នៅតាម​ឱសថស្ថាន និង​ឱសថស្ថាន​រង​ស្របច្បាប់​ប៉ុណ្ណោះ ព្រោះ​របស់​ទាំងនេះ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​បើ​មិនបាន​ពិនិត្យ​ត្រឹមត្រូវ​។

លោក​វេជ្ជបណ្ឌិត​ថា ការហាមឃាត់​គួរតែ​អនុវត្ត​ជា​យូរ​មកហើយ ព្រោះ​អ្នកលក់​នៅ​តាម​អនឡាញ​គ្មាន​ច្បាប់​អនុញ្ញាត​មួយចំនួន កន្លងមក​បាន​ចែកចាយ​ផលិតផល​ទាំងនោះ​រួច​បាត់​ទៅ​ហើយ​។

លោក​ថា​៖ «​ការដែល​បង្ហោះ​ហើយ​អះអាង​ថា ផលិតផល​ទាំងនោះ​អាច​ការពារ​កូវីដ​បាន​អ្នកលក់ដូរ​នោះ​គឺជា​ជន​ឱកាសនិយម​។ បានន័យថា ទាន់​ឱកាស​កូវីដ គាត់​ផ្សាយ​ថា ទូបាញ់​អាល់កុល និង​​ទូកាំរស្មី​ទាំងនោះ​វា​អាច​សម្លាប់​វីរុស​កូរ៉ូណា​បាន​។ ប៉ុន្តែ​អ្នក​ដែល​ផលិត​ទូ​ហ្នឹង​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ពិតប្រាកដ​របស់​វីរុស​កូរ៉ូណា​ទេ ស្រប​ពេល​ដែល​គ្រូពេទ្យ​សព្វថ្ងៃ​ក៏​មិន​ទាន់​ស្គាល់​ច្បាស់​ដែរ​»​។

ទោះយ៉ាងណា​លោក​ ហែន ភារៈ មិន​ថា​ឲ្យ​តែ​ផលិតផល​បង្ហោះ​លក់​លើ​អនឡាញ​សុទ្ធតែ​គ្មាន​គុណភាព​នោះ​ទេ ព្រោះ​មាន​ផលិតផល​មួយ​ចំនួន​ត្រូវ​បាន​ទទួលស្គាល់​ត្រឹមត្រូវ និង​មាន​គុណភាព​ល្អ​ផងដែរ ហើយ​បង្ក​ភាពងាយស្រួល​ដល់​ពលរដ្ឋ​។

ដូច្នេះ​លោក​ថា​៖ «​អ្នកលក់​អនឡាញ​ត្រូវ​ដឹងថា ផលិផល​របស់​ខ្លួន​លក់​ហ្នឹង​បាន​ប្រកាស​ពន្ធ និង​បញ្ជិកា​ត្រឹមត្រូវ​ឬ​អត់​? ផលិតផល​ទាំងអស់​ហ្នឹង​ក៏​អាច​ទិញ​នៅតាម​សហគ្រាស​របស់​រដ្ឋ ឬ​សហគ្រាស​ដែល​ទទួលបាន​សិទ្ធិ​ពី​រដ្ឋ ដូចជា អាល់កុល​អី​អ៊ីចឹង​ដោយ​រក្សាទុក​នូវ​វិក្កយបត្រ​ដើម ដើម្បី​បញ្ជាក់​ពី​ប្រភពដើម​ថា ទិញ​ពី​កន្លែង​ណា​? ការធ្វើ​ដូច្នេះ​គឺ​បង្ក​ភាពងាយស្រួល​ដល់​យើង​អ្នក​លក់​អនឡាញ​។ យើង​អាច​ពិនិត្យមើល​ខ្លួនឯង​ក្នុង​ករណី​ដែល​យើង​លក់​ខុសច្បាប់ បើ​គេ​មិន​ចាប់​ទេ គឺ​ទទួល​ប្រាក់ចំណេញ​ទៅ ប៉ុន្តែ​គេ​ចាប់​នឹង​ទទួល​ទោស​ព្រហ្មទណ្ឌ​ហើយ​»៕

វីដេអូ៖